អន្តរជាតិ
ភ្លើងឆេះជំរំជនភៀស​រ៉ូហ៊ីងយ៉ានៅ​បង់ក្លាដែស ធ្វើឱ្យមនុស្សរាប់​ពាន់​នាក់​គ្មាន​ផ្ទះសម្បែង
10, Jan 2022 , 6:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ត្រូវស្ថិតក្នុងសភាពគ្មានផ្ទះសម្បែង នៅភាគអាគ្នេយ៍បង់ក្លាដែស បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះផ្នែកខ្លះនៃជំរំជនភៀសនេះ។ បើតាមអាជ្ញាធរប្រចាំតំបន់ មនុស្សជាង ៥​​ ពាន់បាត់បង់​ផ្ទះសម្បែង ដែលភាគច្រើនធ្វើមកពីឫស្សី និងតង់។

 
​អគ្គិភ័យមួយ បានចាប់ផ្តើមនៅជំរំ១៦ ក្នុងស្រុក Cox's Bazar ដែលស្ថិតនៅតាមព្រំដែនបង់ក្លាដែស លើផ្ទះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលធ្វើឡើងពីឫស្សី និងតង់។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP លោក  Kamran Hossain អ្នកនាំពាក្យប៉ូលិសតំបន់ ដែលរក្សាសន្តិសុខក្នុងជំរំជនជាតិរ៉ូហ៊ីងយ៉ា ផ្ទះប្រហែល ១២០០ ខ្នងត្រូវបានដុតបំផ្លាញ។ លោកបានបន្តថា អគ្គិភ័យនេះបានធ្វើឱ្យមនុស្សជាង ៥ ពាន់នាក់គ្មានផ្ទះសម្បែង។ 
 
«ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោង ៤ និង ៤០នាទីល្ងាច ហើយអាចគ្រប់គ្រងបាននៅម៉ោងប្រហែល ៦ និង៣០នាទីល្ងាច"»។ លោក ​ Kamran Hossain បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែមករា។  
 
មន្ត្រីម្នាក់ទៀតក្នុងជួររដ្ឋាភិបាលបង់ក្លាដែសទទួលបន្ទុកជនភៀសខ្លួន លោក Mohammed Shamsud Douza​ ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរបានពន្លត់ភ្លើងរួចរាល់ហើយ។ យ៉ាងណាមិញ មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ ​មិន​ទាន់​រកឃើញនៅឡើយ។
 
នេះមិនមែនជាអគ្គីភ័យលើកទីមួយឡើយ ដែលបានឆាបឆេះក្នុងជំរំជនភៀសខ្លួន។ កាលពីខែមីនាឆ្នាំ២០២១កន្លងទៅ មនុស្ស​ ១៥ នាក់បានស្លាប់​ និងមនុស្សប្រហែល ៥ ម៉ឺននាក់ត្រូវបានទុកចោល​ដោយគ្មានផ្ទះសម្បែង បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានបំផ្លាញជំរំ​ជនជាតិរ៉ូហ៊ីងយ៉ា​។
 
នៅថ្ងៃទី២ ខែមករាសប្តាហ៍មុន អគ្គិភ័យមួយទៀត បានឆាបឆេះមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សម្រាប់ជនភៀសខ្លួននៅក្នុងជំរុំជនភៀសខ្លួនមួយផ្សេងទៀតនៅក្នុងស្រុក Cox's Bazar ប៉ុន្តែមិនបណ្តាលឱ្យមា​នអ្នករងរបួសឡើយ។
 
ចាប់តាំងពីឆ្នាំ ២០១៧ ក្រោយក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើទុក្ខបុកម្នេញដល់ជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដោយប្រជាជនប្រមាណ ៨៥ ម៉ីននាក់ បានភៀសខ្លួនមករស់នៅក្នុងជំរំក្នុងស្រុក Cox's Bazar ស្ថិតតាមព្រំដែនបង់ក្លាដែស​។ ​សកម្មភាពនេះ ត្រូវបានអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) ចាត់ទុកថាជាការវាយប្រហារដោយមានចេតនាប្រល័យពូជសាសន៍៕ 

Tag:
 បង់ក្លាដែស
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com