អន្តរជាតិ
ចិន គាំទ្រកម្ពុជាក្នុងការដើរតួនាទី និងរួមចំណែកដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា
11, Jan 2022 , 4:30 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វេនប៊ីន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមករា។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វេនប៊ីន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមករា។ រូបភាព៖ ក្រសួងការបរទេសចិន
ចិន នឹងគាំទ្រកម្ពុជា ដែលជាប្រធានផ្លាស់វេនអាស៊ានយ៉ាងពេញទំហឹង លើតួនាទី និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយភាពខុសគ្នារវាងភាគីនៅមីយ៉ាន់ម៉ា តាមការពិភាក្សានយោបាយ និងរៀបចំស្ថិរភាពឡើងវិញ ក៏ដូចជាការសម្រេចបានការអភិវឌ្ឍមុនថ្ងៃកំណត់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បញ្ជាក់បែបនេះ នៅថ្ងៃទី១០ ខែមករា។

 
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា កម្ពុជា និងមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយក្នុងនោះ មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង បានប្រកាសពន្យារបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ដែលចប់នៅខែកុម្ភៈ រហូតដល់ចុងឆ្នាំ២០២២ ។ 
 
ខណៈទស្សនកិច្ចនេះរងការរិះគន់ពីមជ្ឈដ្ឋានខ្លះ ទីក្រុងប៉េកាំង ប្រកាសគាំទ្រការប្រឹងប្រែងរបស់កម្ពុជា។ នាសន្និសីទសារព័ត៌មានថ្ងៃទី១០​ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន ត្រូវបានអ្នកសារព័ត៌មានចោទសួរ ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅមីយ៉ាន់ម៉ា។  អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ អះអាងថា ចិន គាំទ្រកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ 
 
«ចិន គាំទ្រយ៉ាងពេញទំហឹងលើកម្ពុជា ប្រធានផ្លាស់វេនអាស៊ាន ក្នុងការដើរតួនាទីដ៏សកម្ម និងរួមចំណែក លើការដោះស្រាយភាពខុសគ្នារវាងភាគីនៅមីយ៉ាន់ម៉ា តាមរយៈកិច្ចពិភាក្សានយោបាយ»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា ចិន ក៏គាំទ្រកម្ពុជា ក្នុងការជួយរៀបចំស្ថិរភាពនៅមីយ៉ាន់ម៉ា និងសម្រេចបានការអភិវឌ្ឍផងដែរ។ 
 
ដោយចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន មន្រ្តីក្រសួងការបរទេសចិន ក៏បានបង្ហាញការគាំទ្រចំពោះអាស៊ាន ជុំវិញការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដោយផ្អែកលើមាគ៌ាអាស៊ាន និងការអនុវត្តការឯកភាពទាំង៥ចំណុច ក្រោមក្របខណ្ឌអាស៊ាន។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់របស់សម្តេចហ៊ុន សែន ទៅមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានសម្តែងស្វាគមន៍ចំពោះការតែងតាំង លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសាទរមីយ៉ាន់ម៉ា ដែលបានត្រៀមខ្លួនលើលក្ខខណ្ឌមួយចំនួនសម្រាប់ប្រេសិតអាស៊ាន ក្នុងការបំពេញតួនាទីខ្លួន និងសម្របខ្លួនលើផែនការ ៥ចំណុចរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងការឯកភាព ៥ចំណុចរបស់មេដឹកនាំបណ្តាប្រទេសអាស៊ាន។ 
 
ផែនការ ៥ចំណុចរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មាន ការរៀបចំគណៈកម្មការបោះឆ្នោតឡើងវិញ, វិធានការទប់ស្កាត់ជំងឺកូវីដ-១៩, វិធានការជួយសង្រ្គោះអាជីវកម្មក្នុងវិបត្តិជំងឺឆ្លង, ការសម្រេចបានសន្តិភាពនៅទូទាំងប្រទេស និងការរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ដោយផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨។ 
 
កន្លងមក យោធាមីយ៉ាន់ម៉ា តែងប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចជាញឹកញាប់ ដែលធ្វើឱ្យមានមនុស្សស្លាប់ និងខូតខាតទ្រព្យសម្បត្តិជាច្រើន។ ប្រជាជនស៊ីវិលជាច្រើនពាន់នាក់ បានភៀសខ្លួនទៅក្នុងព្រៃ និងប្រទេសជិតខាង ដើម្បីស្វែងរកសុវត្ថិភាព៕ 

Tag:
 ចិន
  មីយ៉ាន់ម៉ា
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com