ជាតិ
បទសម្ភាសន៍
លោក ចន ណារិទ្ធ៖ ការផ្តល់​បណ្ណ​សមធម៌​គ្មាន​ភាពលំអៀងឡើយ ព្រោះរដ្ឋមានយន្តការច្បាស់លាស់​
14, Jan 2022 , 8:59 am        
រូបភាព
 លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម (ខាងឆ្វេង) និងកញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ(Thmey Thmey)។ រូបពី លោក ពេជ្រ
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម (ខាងឆ្វេង) និងកញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ(Thmey Thmey)។ រូបពី លោក ពេជ្រ
ភ្នំពេញ៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមថា ការផ្ដល់បណ្ណសមធម៌ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងគាំពារដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ពិសេសអំឡុងពេលកូវីដ-១៩។ ការជួយគាំពារសង្គមនេះ ជាកិច្ចការរួម ដោយទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម ហើយត្រូវធ្វើឡើងដោយគ្មានការរើសអើង។

 
 
កញ្ញា ឡាយ សុភា​វតី នៃ​សារព័ត៌មាន​ថ្មីៗ បាន​សម្ភាស​លោក ចន ណារិទ្ធ អំពីដំណើរ​ការ​ផ្តល់​បទសមធម៌ ជាពិសេស​នាអំឡុង​ពេល​នៃ​ការ​រាតត្បាត​កូវីដ-១៩។ សូម​អាន​បទសម្ភាសទាំង​ស្រុងដូចតទៅ​៖
 
កញ្ញា ឡាយ សុភាវតី៖ ហេតុអ្វីបាន​ជាមាន​ការកំណត់​ហៅថា ជាបណ្ណ​សមធម៌? អ្វីជាគោលបំណង​សំខាន់?
 
លោក ចន ណារិទ្ធ៖ បណ្ណសមធម៌ ឬយើងអាច​ហៅថាបណ្ណក្រីក្រ គឺផ្ដល់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ គោលបំណងចម្បង គឺសម្រាប់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមមូលដ្ឋាន។ ការកំណត់អត្តសញ្ញាណដើម្បីជួយ និងងាយស្រួលជួយ នៅពេលពួកគេជួបវិបត្តិ ឬគ្រោះអាសន្ន។
 
បណ្ណសមធម៌នេះ បានបង្កើតឡើងអស់រយៈពេលជាង១៣ឆ្នាំមកហើយ សម្រាប់ជួយគាំពារដល់ពលរដ្ឋដែលខ្វះខាត ពិសេសផ្ដោតលើសេវាសុខាភិបាល។ អ្នក​ដែលមានបណ្ណសមធម៌ អាចទៅព្យាបាលសុខភាព និងពិនិត្យរាល់ជំងឺទាំងអស់នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ​។ សម្រាប់ ការធ្វើដំណើរទៅវិញទៅមក និងនៅកំដរអ្នកជំងឺ ក៏រដ្ឋជាអ្នកផ្ដល់ឲ្យដែរ។ ដូច្នេះ ពលរដ្ឋដែលខ្វះខាត លែងបារម្ភ នឹងការចំណាយប្រាក់ និងគ្មានលទ្ធភាពនៅពេល​ឈឺទៀតហើយ ព្រោះរដ្ឋជាអ្នកចេញជំនួស។ 


  លោក ចន ណារិទ្ធ ចុះពិនិត្យមើលស្ថានភាពលរដ្ឋក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦មករា ឆ្នាំ២០២២។ រូបពី លោក ពេជ្រ
 
ចំណុចពិសេសនៃបណ្ណសមធម៌មួយទៀត គឺនៅអំឡុងពេលកូវីដ-១៩ គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភតាមគ្រួសារ។ កម្មករជំនួយសាច់ប្រាក់នេះ ចាប់ផ្ដើមកាលពីថ្ងៃទី២៤មិថុនា ឆ្នាំ២០២០ ហើយរដ្ឋនឹងបន្តឧបត្ដម្ភដល់ខែកញ្ញា ឆ្នាំ២០២២។ 
 
កញ្ញា ឡាយ សុភាវតី៖ អំឡុងពេល​វិបត្តិកូវីដ-១៩ កន្លងមក តើបណ្ណសមធម៌ជួយ​ដល់​គ្រួសារក្រីក្រ​បាន​ដល់កម្រិត​ណាដែរ?
 
លោក ចន ណារិទ្ធ៖ នៅពេលពលរដ្ឋឈឺ ឬមានជំងឺ ហើយលែងខ្លាចក្នុងការទៅពេទ្យនិងពិនិត្យសុខភាព ពិតណាស់ពួកគាត់ប្រាកដជាទៅតាមដានសុខភាព និងព្យាបាលជំងឺបានទាន់ពេល។ មិនត្រឹមជួយសម្រាលបន្ទុកក្នុងគ្រួសារក្នុងការព្យាបាលជំងឺនោះទេ រដ្ឋក៏ចំណេញដែរ ព្រោះចំណាយថវិកាតិចតួចប៉ុណ្ណោះក្នុងផ្ដល់ថ្លៃសេវាសុខភាព​ ដោយពុំចាំបាច់ចំណាយច្រើននៅពេលពលរដ្ឋធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ 
 
លើសពីនេះ ក្នុងវិបត្តិកូវីដ-១៩ ពលរដ្ឋជាង២,៦លាននាក់ ស្មើនឹងប្រមាណ៧០ម៉ឺនគ្រួសារ បានទទួលការឧត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល ដោយក្នុងមួយខែរដ្ឋចំណាយជាង៣០លានដុល្លារក្នុងកម្មវិធីនេះ។ ដូច្នេះ បើគ្មានការជួយឧមត្ថម្ភនេះ ពលរដ្ឋជាង២,៦លាននាក់នេះ នឹងធ្លាក់ខ្លួនលំបាកកាន់តែជ្រៅក្នុងភាពក្រីក្រ។ 
 
កញ្ញា ឡាយ សុភាវតី៖ តើរដ្ឋាភិបាលមានយន្តការយ៉ាងណា ក្នុងការផ្ដល់បណ្ណសមធម៌ ជូនដល់ប្រជាពលរដ្ឋឲ្យមានតម្លាភាព និងប្រសិទ្ធភាព?
 
លោក ចន ណារិទ្ធ៖ យើងមានយន្តការពីរ គឺការកំណត់អត្តសញ្ញាណ និងការអនុវត្ត។ ការកំណត់អត្តសញ្ញាណនេះ គឺវាយតម្លៃតាមប្រព័ន្ធបច្ចេវិទ្យាដែលរៀបចំឡើងដោយក្រុមជំនាញ និងតាមក្បួនខ្នាតត្រឹមត្រូវក្នុងកុំព្យូទ័រសម្រាប់សម្ភាសន៍ជាមួយពលរដ្ឋដើម្បីដាក់ពិន្ទុ ឬកំណត់ថាជនក្រីក្រនិងងាយរងគ្រោះ។ 
 
ការអនុវត្ត គឺក្រុមការងារចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ដោយមានមន្រី្តជំនាញក្រសួងផែនការជាអ្នកដឹកនាំធ្វើ និងផ្ដល់បណ្ណសមធម៌។ ទន្ទឹមនោះ មន្រី្តមូលដ្ឋាន បានចូលរួមវាយតម្លៃ និងតាមដានស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋ។ 
 
ដូច្នេះ ខ្ញុំគិតថា យន្តការនេះមានប្រសិទ្ធភាព។ ចំណែក សាច់ប្រាក់ដែលផ្ដល់ជូនពលរដ្ឋ គឺពួកគាត់អាចទៅបើកតាមវីងដោយខ្លួនឯង ពោល​គឺ​​មិន​​ចាំបាច់មានមន្រី្តមូលដ្ឋានដើរចែកតាមផ្ទះដូចជំនាន់មុនឡើយ។ 
 
កញ្ញា ឡាយ សុភាវតី៖ តែងតែ​មាន​ការលើកឡើងថា ការផ្ដល់បណ្ណសមធម៌នេះ មិនមានតម្លាភាព និងមានបក្សពួកនិយម។ តើលោកឆ្លើយ​តបយ៉ាងណា​ដែរ?
 
លោក ចន ណារិទ្ធ៖ ពេលចាប់ផ្ដើមសម្រុកកំណត់អត្តសញ្ញាណជនក្រីក្រ និងងាយរងគ្រោះនាអំឡុងពេលជួបវិបត្តិកូវីដ-១៩ដំបូង គឺមានជួបបញ្ហាច្រើន ក្នុងនោះក៏លេចឮ​ថាមានភាពលម្អៀងចំពោះការផ្ដល់បណ្ណសមធម៌នេះ។ រូបភាព​លម្អៀងនេះ កើតឡើងនៅពេលមន្រី្តចុះសម្ភាសតាមមូលដ្ឋាន មានពលរដ្ឋខ្លះមិនបាននៅផ្ទះឬចេញទៅប្រកបមុខរបរឆ្ងាយ ទើបចន្លោះគ្រួសារមួយចំនួន។ 


 លោក ចន ណារិទ្ធ ចុះពិនិត្យមើលស្ថានភាពលរដ្ឋក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទទួលបណ្ណសមធម៌ កាលពីថ្ងៃទី៦មករា ឆ្នាំ២០២២។ រូបពី លោក ពេជ្រ
 
ចំណុចមួយទៀត មានប្រជាជនច្រើនចង់បាន និងដាក់ពាក្យស្នើសុំ ដើម្បីទទួលបានសាច់ប្រាក់តាមយន្តការថ្មីរបស់រដ្ឋាភិបាលនេះ។ ដូច្នេះ មន្រី្តមូលដ្ឋានជាអ្នកសម្រេចចិត្តថាចុះទៅផ្ទះណាមុន ហើយចង់មិនចង់មន្រី្តតាមមូលដ្ឋានតែងមានមនោសញ្ចេតនាជាមួយក្រុម ឬគ្រួសារណាមួយ។ ប៉ុន្តែ មិនមែន​មាន​ន័យថា មន្រី្តយើងបោះបង់ពលរដ្ឋក្រីក្រ ឬងាយរងគ្រោះមួយក្រុមណាមួយឡើយ។ 
បញ្ហាដែលរកឃើញតិចតួចនេះ ត្រូវបានរដ្ឋាភិបាលដាក់កំហិត ហើយសព្វថ្ងៃក៏លែងមានបញ្ហាទាំងនេះទៀតដែរ។
 
ក្រុមការងារទាំងថ្នាក់ជាតិ និងមូលដ្ឋាន នៅតែបន្តកិច្ចការចុះកំណត់អត្តសញ្ញាណជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ លើសពីនេះ នៅពេលតំបន់ណាមួយរាយការណ៍ពីបញ្ហា ឬភាពមិនប្រក្រតីពាក់ព័ន្ធនឹងបណ្ណសមធម៌នេះ ក្រុមការងារជំនាញតែចុះពិនិត្យនិងដោះស្រាយជាប្រចាំ។ 
 
ឡាយ សុភាវតី៖ តើអ្វីជាបញ្ហាប្រឈម ក្នុងការឆ្លើយតប ឬជួយពលរដ្ឋដែលត្រូវការជំនួយ?
 
លោក ចន ណារិទ្ធ៖ កិច្ចការគាំពារសង្គម គឺយើងរួមគ្នាក្នុងការជួយសង្គម។ ដូច្នេះ កិច្ចការនេះ ចំបាច់បំផុតគឺតម្រូវឲ្យមានអន្តរក្រួសួង ស្ថាប័ន រួមទាំងមន្រី្តថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ ជាក់ស្ដែងក្រុមប្រឹក្សាជាតិគាំពារសង្គមគឺឥតមានសាខាតាមខេត្តឡើយ។ ដូច្នេះ មិនអាចដោះស្រាយបញ្ហាភ្លាមៗបានឡើយ ប៉ុន្តែប្រព័ន្ធជួយគាំពារសង្គម ដែលមានគ្រប់ភាគីពាក់ព័ន្ធ​ រួមទាំងសង្គមស៊ីវិល គឺជាអ្នកសម្របសម្រួលធ្វើយ៉ាងណាឲ្យស្រុះគ្នាក្នុងការជួយ ដោយឈរលើគោលការណ៍សាម្គីភាព ដោយគ្មានការបែងចែក។ សូម្បីពលរដ្ឋ ដែលរាយការណ៍ពីស្ថានភាពរបស់ជនក្រីក្រ និងងាយរងគ្រោះនៅតំបន់ណាមួយ ដែលកំពុងត្រូវការកិច្ចគាំពារ ក៏ជាអ្នករួមចំណែកជួយដែរ។ 


 ពលរដ្ឋក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទទួលបានបណ្ណសមធម៌។ រូបពី លោក ពេជ្រ
 
ជុំវិញករណីនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គមពីមួយដំណាក់កាលម្ដងៗ យើងតែខិតខំធ្វើយ៉ាណាឲ្យកាន់តែប្រសើរនូវយន្តការសម្របសម្រួលអន្តរស្ថាប័ន ដើម្បីកំណត់ការទទួលខុសត្រូវសម្រាប់ដោះស្រាយបញ្ហារួមគ្នាដល់ប្រជាពលរដ្ឋ។ 
 
កញ្ញា ឡាយ សុភាវតី៖ ជាចុងក្រោយ តើលោកមានសារអ្វីទៅកាន់ពលរដ្ឋ ពិសេសជនដែលត្រូវការជំនួយ និងមន្រី្តពាក់ព័ន្ធ ដើម្បីកិច្ចជួយសង្គមនេះ កាន់តែដំណើរការទៅដោយរលូន? 
 
លោក ចន ណារិទ្ធ៖ ពលរដ្ឋគ្រប់រូប បើជួបស្ថានភាពលំបាកឬយល់ថាគ្រួសាររបស់ខ្លួនត្រូវការកិច្ចគាំពារសង្គម ត្រូវរាយការណ៍ទៅអាជ្ញាធរភូមិឃុំតាមមូលដ្ឋាន ដើម្បីទទួលបានយន្តការជួយគាំពារត្រឡប់វិញទាន់ពេលវេលា។ មួយទៀត គឺភាគីស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរតាមមូលដ្ឋាន គឺត្រូវខិតខំជួយរាយការណ៍ ជួយសម្របសម្រួល ដើម្បីរួមគ្នាដោះស្រាយបញ្ហា ឬការលំបាកជូនពលរដ្ឋ៕ 

Tag:
 គាំពារសង្គម
  បណ្ណសមធម៌
© រក្សាសិទ្ធិដោយ thmeythmey.com