ជាតិ
​​​ន​យោ​បាយ​ជាតិ​
បេសកជនអង្គការសហប្រជាជាតិ នឹងចាប់ដៃជាមួយកម្ពុជា រួមគ្នាជួយមីយ៉ាន់ម៉ា
13, Jan 2022 , 1:40 pm        
រូបភាព
ជំនួបតាមអនឡាញរវាងសម្តេច ហ៊ុន សែន និង អ្នកស្រី ណូលីន ហាយហ្សឺ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ជំនួបតាមអនឡាញរវាងសម្តេច ហ៊ុន សែន និង អ្នកស្រី ណូលីន ហាយហ្សឺ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
កម្ពុជា បានទទួលការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ក្នុងបេសកកម្មដ៏ធំសម្រាប់ឆ្នាំ២០២២ គឺការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បេសកជនពិសេសថ្មីរបស់អង្គការសហប្រជាជាតិ គឺអ្នកស្រី ណូលីន ហាយហ្សឺ (Noeleen Hayzer) បានបង្ហាញជំហររបស់អ្នកស្រី ក្នុងការចូលរួមជាមួយកម្ពុជា ដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។



«ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិ មើលឃើញថា សម្ដេច នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកជំទាវ រំពឹងថា អង្គការសហប្រជាជាតិ ក៏ដូចជាលោកជំទាវ ជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងសហការគ្នា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ានេះតែម្ដង»។ នេះជាប្រសាសសន៍របស់អ្នកស្រី ណូលីន ហាយហ្សឺ ដែលត្រូវស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន

ជាមួយគ្នានេះ អ្នកស្រី បានបង្ហាញពីក្តីរីករាយ ចំពោះអ្វី ដែលមេដឹកនាំកម្ពុជា បានធ្វើពាក់ព័ន្ធនឹងបញ្ហានៅមីយ៉ាន់ម៉ា។ អ្នកស្រី ទើបនឹងត្រូវបានតែងតាំងជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនៅមីយ៉ាន់ម៉ា។

សម្តេច ហ៊ុន សែន ប្រាប់អ្នកស្រី ណូលីន ហាយហ្សឺ ថា អ្វី ដែលសម្តេច បានអនុវត្តក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ គឺមិនងាកចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុចរបស់អាស៊ានឡើយ។ សម្តេច បន្តថា គោលដៅសំខាន់ ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺចង់រកមធ្យោបាយ ដើម្បីបញ្ចប់ភាពហិង្សា បញ្ចប់បទឈប់បាញ់ និង ផ្ដល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គឺ ទីមួយ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទីពីរ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទីបី បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទីបួន អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទីប្រាំ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសប្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ា របបយោធាមីយ៉ាន់ បានយល់ព្រមពន្យារបទឈប់បាញ់មួយរយៈបន្តទៀត គឺពន្យាររហូតដល់ចុងឆ្នាំ២០២២តែម្តង។ មេដឹកនាំកម្ពុជា ចាត់ទុក ការពន្យារបទឈប់បាញ់នេះ ថាជាជោគជ័យមួយ ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅមីយ៉ាន់ម៉ា។

ក្នុងជំនួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ មេដឹកនាំកម្ពុជា ថ្លែងថា៖«យើង មិនអាចនៅជាប់គាំងបែបនេះនោះទេ គឺយើង ត្រូវរកមធ្យោបាយដោះស្រាយបញ្ហាជាប់គាំងនេះ ដើម្បីចាប់យកឱកាសក្នុងការចរចា»។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអ្នកស្រីបេសជនពិសេសរបស់អង្គការសហប្រជាជាតិ ធ្វើការងារដោយផ្ទាល់ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការស្វែងរកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។ ២០២២នេះ កម្ពុជា បានទទួលតំណែងជាប្រធានអាស៊ាន។ ភារកិច្ចដ៏ធំមួយរបស់ប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ គឺជួយរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។

សូមរម្លឹកថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងលោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។

វា មានរយៈពេលជិតមួយឆ្នាំហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មានប្រជាជន១៤៦៣នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៥១៧នាក់ កំពុងជាប់ឃុំ។

មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទីមួយ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទីពីរ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។

អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។

មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ ការធ្វើរដ្ឋប្រហារនេះ បាននាំឲ្យមីយ៉ាន់ម៉ា វិលទៅរករបបយោធាសាជាថ្មី៕

Tag:
 កម្ពុជា
  បេសកជនពិសេស UN
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com