ថ្ងៃទី១៤ ខែមករា ឈានដល់ឆ្នាំទី៦នៃទិវាជំនួបរវាងប្រមុខរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកម្ពុជា ប៉ុន្តែដោយសារការរាតត្បាតកូវីដ-១៩ ជំនួបផ្ទាល់នេះ ក៏នឹងត្រូវអាក់ខានរយៈពេល២ឆ្នាំជាប់គ្នាផងដែរ។ មិនខុសពីឆ្នាំមុនៗឡើយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិតទាក់ទងនឹងទិវាប្រចាំឆ្នាំនេះ ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ទោះបីមានការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និងបើកប្រទេសឡើងវិញ ក៏ដោយ ប៉ុន្តែការជួបជុំទ្រង់ទ្រាយធំដែលមានមនុស្សរាប់ពាន់នាក់ក្នុងបរិវេណដែលគ្មានសុវត្ថិភាព និងខ្វះការប្រុងប្រយ័ត្ន ជាឱកាសនៃការវិលត្រឡប់មកវិញនៃជំងឺដ៏កាចសាហាវ។
ក្នុងសារដែលមាន៤ទំព័រ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីការពង្រឹងភាពជាដៃគូជាមួយស្ថាប័នសារព័ត៌មាន ហើយបានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់អ្នកសារព័ត៌មានលើការចូលរួមផ្សព្វផ្សាយសភាពការណ៍ពិតនៅកម្ពុជា ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។
«ខ្ញុំក៏សូមកោតសរសើរចំពោះសមាគមអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតម្រង់ទិសអ្នកសារព័ត៌មានឲ្យធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពក្នុងសង្គម និងការបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌»។ នេះជាការកត់សម្គាល់របស់សម្តេច ហ៊ុន សែន។
ក្នុងវិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំចុងក្រោយនេះ សម្តេចបានមើលឃើញពីការលំបាករបស់អ្នកសារព័ត៌មាន ទាំងផ្នែកហិរញ្ញវត្ថុ និងការបំពេញភារកិច្ច ប៉ុន្តែក្រោយការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ និងការបើកប្រទេសឡើងវិញ សម្តេចជឿថា អ្វីៗនឹងវិលទៅរកភាពល្អប្រសើរ។
ចំពោះបេសកកម្មខាងមុខ សម្តេចនាយករដ្ឋមន្ត្រី ស្នើទៅអ្នកសារព័ត៌មានត្រៀមលក្ខណៈចូលរួមផ្សព្វផ្សាយទៅកាន់សកលលោកអំពីការវិវត្តរបស់កម្ពុជា ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការរៀបចំការប្រកួតកីឡាអាស៊ី-អាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាសុទ្ធតែធ្វើជាម្ចាស់ផ្ទះ។
បន្ថែមពីលើនេះ សម្តេច ហ៊ុន សែន បានផ្តល់អនុសាសន៍៦ចំណុចសម្រាប់អ្នកសារព័ត៌មាន ដែលចម្បងបំផុតនោះ គឺការផ្សព្វផ្សាយជំរុញឲ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពង្រឹងភូមិ ឃុំ សុវត្ថិភាព ដើម្បីលើកមុខមាត់កម្ពុជាក្នុងនាមជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ាន និងកីឡាស៊ីហ្គេម។
កីឡារស់ក្នុងសន្តិភាព, កីឡានាំមកនូវមិត្តភាព, កីឡាដើម្បីសុខភាព, កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, កម្ពុជាស្អាត។ សម្តេចក្រើនរំលឹកដល់អ្នកសារព័ត៌មានពិចារណាតាមពាក្យស្លោកទាំងនេះ ដើម្បីបំផុសបំផុលស្មារតី និងលើកទឹកចិត្តកីឡាករ-ការិនី និងពលរដ្ឋឲ្យគាំទ្រ និងស្នេហាវិស័យកីឡា។ វាជាការចូលរួមផ្សព្វផ្សាយកិច្ចប្រជុំកំពូលអាស៊ាន និងការបើកយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
ក្នុងសារលិខិតដដែល សម្តេចឲ្យបន្តបង្កើនភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងរដ្ឋាភិបាល ការបន្តចូលរួមប្រយុទ្ធភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ក្នុងសង្គម។ សម្តេចបានក្រើនរំលឹកថា៖ «ត្រូវបន្តបំផ្លាញចោលពួកឱកាសនិយមស្វែងយកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាមសារព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាពរបស់អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន»។
ដូចជាលើកមុនៗផងដែរសម្តេចនាយករដ្ឋមន្ត្រី ជំរុញអ្នកសារព័ត៌មានបន្តប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ការពង្រឹងសមត្ថភាពឲ្យដើរទាន់បច្ចេកវិទ្យា និងការបន្តចូលរួមផ្សព្វផ្សាយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩៕