ជាតិ
ប្រធានសមាគមទេសចរណ៍អាស៊ាន៖ កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព
13, Jan 2022 , 7:59 pm        
រូបភាព
ដោយ:
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវេទិការទេសចរណ៍អាស៊ាន នៅថ្ងៃទី១៦ ដល់២២ ខែមករា។ វេទិកានេះ នឹងមានវត្តមានរដ្ឋមន្ត្រីទេសចរណ៍ និងសហគ្រិនពីប្រទេសអាស៊ាន ដោយផ្ទាល់ និងតាមអនឡាញ។ បើតាមលោក Eddy Krismeidi Soemawilaga ប្រធានសមាគមទេសចរណ៍អាស៊ាន (ASEANTA) ការរៀបចំវេទិកាទេសចរណ៍អាស៊ាន នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានទំនុកចិត្តថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព។

ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២នេះ នឹងធ្វើឡើងនៅខេត្តព្រះសីហនុ ដែលមានការចូលរួមពីអ្នកជំនាញទេសចរណ៍ក្នុងតំបន់អាស៊ាន ព្រមទាំងប្រទេស ៣ផ្សេងទៀតគឺជប៉ុន កូរ៉េខាងត្បូង និងចិន។ 


 លោក Eddy Krismeidi Soemawilaga ប្រធានសមាគមទេសចរណ៍អាស៊ាន ( ASEANTA )។ រូបភាព៖ ASEANTA
 

លោក Eddy Krismeidi Soemawilaga ប្រធានសមាគមទេសចរណ៍អាស៊ាន(ASEANTA) បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា វេទិកាទេសចរណ៍អាស៊ាន នឹងក្លាយជាផ្នែកមួយចូលរួមផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកថា «កម្ពុជា ជាទិសដៅទេសចរណ៍សុវត្ថិភាព»។
 
លោក លើកឡើងថា នេះជាការរួមគ្នារបស់អាស៊ានក្នុងគោលដៅស្ដារវិស័យទេសចរណ៍ឡើងវិញ ដែលជាសញ្ញាវិជ្ជមានមួយដល់ការបើកច្រកព្រំដែនព្រមគ្នា ពិសេសជំរុញការផ្សព្វផ្សាយកាន់តែខ្លាំងឱ្យបណ្ដាប្រទេសអឺរ៉ុបងាកមកចាប់អាម្មណ៍អាស៊ានវិញ។ 
 
ប្រធានសមាគម រូបនេះប្រាប់ដូច្នេះ ៖« ការរៀបចំវេទិកានេះបានជោគជ័យរបស់អាស៊ាន  ជាពិសេស   កម្ពុជា ដែលជាម្ចាស់ផ្ទះ ក្នុងអំឡុងជំងឺកូវីដ-១៩ នឹងរួមចំណែកកសាងទំនុកចិត្តដល់អ្នកពាក់ព័ន្ធថា​វិស័យទេសចរណ៍ក្នុងតំបន់កំពុងតែងើបឡើងវិញ»។  
 
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វេទិកាទេសចរណ៍អាស៊ានឆ្នាំនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍តំបន់អាស៊ានឡើងវិញ ខណៈកម្ពុជា ក៏ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយផងដែរ។ 


 លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ រូបភាព៖ ក្រសួងទេសចរណ៍
 

រដ្ឋមន្រ្តីរូបនេះ អះអាងថា​ ទោះជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង កំពុងរាលដាល ប៉ុន្តែការរៀបចំវេទិកាទេសចរណ៍អាស៊ាន នឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ដើម្បីធានាសុវត្ថិភាព ដល់អ្នកចូលរួម និងត្រៀមខ្លួនឆ្លើយតបរាល់បញ្ហាដែលអាចកើតឡើង។ អ្នកចូលរួមវេទិកានេះ ត្រូវមានលិខិត បញ្ជាក់ការធ្វើតេស្តPCR អវិជ្ជមានកូវីដ-១៩ ចំនួន ៧២ម៉ោងមុនមកដល់កម្ពុជា និងលិខិតបញ្ជាក់ថាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​។ 
 
គិតមកពេលនេះ ការរៀបចំវេទិកាទេសចរណ៍អាស៊ានសម្រេចបាន ៩៥ភាគរយ ដែលមានការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ ដូចជាស្តង់ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្របតាមវិធានសុវត្ថិភាព។ ប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប។ សម្រាប់ការតាំងពិព័រណ៍ទេសចរណ៍ មានអ្នកលក់ សរុបចំនួន១៨៧ស្តង់។ អ្នកទិញ មានចំនួន៤០ក្រុមហ៊ុន និងអ្នកសារព័ត៌មានមួយទៀត សរុប ៣២២នាក់មកពីប្រទេសចំនួន២៧៕ 

Tag:
 អាស៊ាន
  វេទិការទេសចរណ៍អាស៊ាន
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com