អន្តរជាតិ
បុរសវៀតណាមម្នាក់​លួចលុយមិត្តស្រីជាង​៤៨០០០​ដុល្លារផ្ញើទៅឲ្យភរិយាដើម្បីសងបំណុល​
13, Jan 2022 , 9:29 pm        
រូបភាព
បុរសវៀតណាម Luu Manh Tuan ត្រូវបានចាប់ខ្លួនពីបទលួចលុយក្នុងគណនីធនាគារមិត្តស្រីយកទៅឲ្យប្រពន្ធ។ រូបថត VN Express
បុរសវៀតណាម Luu Manh Tuan ត្រូវបានចាប់ខ្លួនពីបទលួចលុយក្នុងគណនីធនាគារមិត្តស្រីយកទៅឲ្យប្រពន្ធ។ រូបថត VN Express
ដោយ: ធីតា
បុរសម្នាក់នៅ​ខេត្ត​ដាណាង ប្រទេស​វៀតណាម​ ត្រូវបាន​ឃុំខ្លួនពីបទ​លួច​លុយជាង១,១ពាន់​លានដុង (ជាង​៤៨០០០ដុល្លារ) ពី​គណនីធនាគារស្រីកំណាន់​យកទៅឲ្យភរិយា​របស់ខ្លួន។ នេះបើតាម​ការផ្សាយ​របស់សារព័ត៌មាន VN Express កាលពីថ្ងៃទី១២ ខែមករា។

 
ប៉ូលិស​ប្រចាំ​ស្រុក Thanh Khe បាន​បញ្ជាក់ថា បុរសឈ្មោះ Luu Manh Tuan អាយុ​៣២​ឆ្នាំ ស្ថិតក្រោម​ការស៊ើបអង្កេត ពាក់ព័ន្ធ​នឹងការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា រួមមានបណ្តាញ​កុំព្យូទ័រ ប្រព័ន្ធទំនាក់ទំនង ក៏ដូចជាឧបករណ៍អេឡិចត្រូនិក ដើម្បីលួចលុយពីគណនេយ្យធនាគា​រ​របស់មិត្តស្រីខ្លួន។
 
បើតាម VN Express ជនសង្ស័យ Tuan មានទំនាក់ទំនងជាមួយនារីឈ្មោះ Hoa អាយុ៣១ឆ្នាំ តាមអនឡាញតាំងពី​ខែ​ធ្នូ ឆ្នាំ​២០២១។ ក្រោយ​ទាក់ទងគ្នា​បាន​កន្លះខែ Hoa ដែលរស់នៅ​ខេត្ត Yen Bai បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ Tuan ហើយពួក​គេបានណាត់ជួបគ្នានៅដាណាង។
 
អ្នក​ទាំងពីរបាន​ស្នាក់នៅ​រួមគ្នាក្នុងសណ្ឋាគារមួយនៅ Thanh Khe ដោយអំឡុងពេលនោះដែរ Hoa បាន​បើកគណនីធនាគារ​តាម​ប្រព័ន្ធអនឡាញ​ដោយ​ដាក់ប្រាក់​ជាង១,១ពាន់​លាន​ដុង។ Tuan បាន​លួច​តាមដានមើលសកម្មភាព​រហូត​ដល់ចាំទាំង​លេខសម្ងាត់។
 
កាលពីថ្ងៃទី៤ ខែមករា Tuan ធ្វើ​ជាខ្ចីទូរសព្ទ​ពីមិត្តស្រី​ខ្លួន ដោយអះអាងថា ចង់ Download កម្មវិធីទូរសព្ទមួយ។ ដោយសារទុក​ចិត្តពេក Hoa បានឲ្យទូរសព្ទរួចហើយ ក៏ទៅ​សម្រាក​លើ​គ្រែ។
 
Tuan បាន​ប្រើ​ប្រាស់ទូរសព្ទ​នោះដើម្បី​ចុះឈ្មោះចូលក្នុងគណនី ហើយ​ផ្ញើ​លុយទាំងអស់ទៅភរិយាខ្លួន​ ដោយបញ្ជាក់ថា ភរិយា​ត្រូវប្រើ​ប្រាស់​លុយ ១៨៥លាន​ដុង ដើម្បី​សងបំណុល ហើយ​ដាក់៥០០លាន​ដុងក្នុងគណនីសន្សំ និងដកយក​លុយសុទ្ធ​ចំនួន​៤៤៣លាន​ដុង។
 
នាព្រឹក​បន្ទាប់ Tuan បាន​ផ្តាច់រាល់ទំនាក់ទំនង​ពីមិត្តស្រី ហើយ​ចាកចេញ​ពីសណ្ឋាគារ។ Hoa មានការសង្ស័យ ហើយ​បាន​ពិនិត្យគណនីធនគារ​របស់ខ្លួន ប៉ុន្តែ​ចុះមិន​ចូល​ ដោយសារ​តែលេខសម្ងាត់ត្រូវបាន​បញ្ជាក់ថា ផុតកំណត់។ បន្ទាប់មក នាង​រាយការណ៍ទៅធនាគារ និង​ប្តឹងទៅប៉ូលិស។
 
Tuan ត្រូវបាន​ចាប់ខ្លួន​នៅ​សណ្ឋាគារមួយ​នៅស្រុក​ Go Vap ក្រុងហូជីមិញ រីឯភរិយាក៏ត្រូវបានហៅទៅសួរនាំផងដែរ។ បច្ចុប្បន្ន ប៉ូលិស​កំពុង​រក្សាទុកលុយនៅសល់​៧៧០លាន​ដុង ខណៈការស៊ើបអង្កេតកំពុង​បន្តដំណើរការ៕

© រក្សាសិទ្ធិដោយ thmeythmey.com