ជាតិ
​​​ន​យោ​បាយ​ជាតិ​
ហ្វីលីពីន និងកម្ពុជា ចង់ពង្រីកទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ
13, Jan 2022 , 9:59 pm        
រូបភាព
ហ្វីលីពីន ចង់ពង្រីកទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិទ្វេភាគី ជាមួយកម្ពុជា។ បំណងនេះ ត្រូវបានលើកឡើងដោយ លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំកម្ពុជា ក្នុងជំនួប ពិភាក្សាការងារជាមួយសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ មករា។



លោកស្រី Maria Amelita បានបញ្ជាក់ថា បំណងពង្រីកទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិហ្វីលីពីន និងកម្ពុជា អាចធ្វើទៅបានតាមរយៈការបង្កើតឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងការចងសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ ។
 
សម្ដេច ស ខេង ឯកភាពចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំកម្ពុជា ។ ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌ ក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ និងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ ។
 
សម្ដេចក្រឡាហោម សង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែកបទពិសោធន៍ទៅវិញទៅមក ពាក់ព័ន្ធការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ។
 
«ពាក់ព័ន្ធទៅនឹងដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាដែរ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកំពុងអនុវត្តផែនការជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២ របស់ខ្លួន»។ នេះបើតាមហ្វេសប៊ុកសម្ដេច ស ខេង ដែលបានបន្ថែមថា កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិកន្លងមក ទទួលបានលទ្ធផលល្អជាទីមោទនភាព។
 
បច្ចុប្បន្ននេះ កម្ពុជា កំពុងអនុវត្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ក្នុងការផ្ទេរនូវធនធាននិងអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែរ ។
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏សង្ឃឹមហ្វីលីពីន នឹងបន្តគាំទ្រដល់ការបំពេញតួនាទី របស់កម្ពុជា ដែលជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ 
 
លោកស្រី Maria Amelita បានឆ្លើយតបថា ហ្វីលីពីននៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងគាំទ្ររាល់ព្រឹត្តិការណ៍ដែលក្រសួងមហាផ្ទៃ ត្រូវធ្វើជាប្រធានដឹកនាំនៅក្រោមក្របខណ្ឌនៃអាស៊ានផងដែរ៕

Tag:
 ស ខេង
  នយោបាយការទូត
© រក្សាសិទ្ធិដោយ thmeythmey.com