ជាតិ
​​​ន​យោ​បាយ​ជាតិ​
បារាំងបង្ហាញជំហរគាំទ្រកម្ពុជាចំពោះការខិតខំប្រឹងប្រែងស្តីពីវិបត្តិមីយ៉ាន់ម៉ា
14, Jan 2022 , 10:30 am        
រូបភាព
លោក ហ្សាក់ ប៉ឺឡេ នាជំនួប​ជាមួយ​លោក ប្រាក់ សុខុន កាលពី​ថ្ងៃទី១ ខែធ្នូ។ រូបថត ស្ថានទូតបារាំង
លោក ហ្សាក់ ប៉ឺឡេ នាជំនួប​ជាមួយ​លោក ប្រាក់ សុខុន កាលពី​ថ្ងៃទី១ ខែធ្នូ។ រូបថត ស្ថានទូតបារាំង
ដោយ: ថ្មីៗ
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែមករា បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញគោលជំហររបស់ប្រទេសបារាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសមីយ៉ាន់ម៉ា។

 
«យើងបានកត់សម្គាល់ពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា។ ដូចលោកអ្នកដឹងស្រាប់ហើយ ប្រទេសបារាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន ដែលដិតដាមដោយអំពើហិង្សា និងអស្ថិរភាព»។ ឯកអគ្គ​រដ្ឋទូត​បារាំង បានអះអាង​យ៉ាងដូច្នេះ​ នា​អំឡុងពិធី​ស្វាគមន៍និស្សិតពេទ្យកម្ពុជា ដែល​បាន​បញ្ចប់​កម្មសិក្សានៅ​បារាំង។
 
លោក ហ្សាក់ ប៉ឺឡេ មានជំនឿថា វិបត្តិនៅមីយ៉ាន់ម៉ា​នឹងត្រូវបានដោះស្រាយតាមរយៈការចរចារនយោបាយដោយបើកចំហ និងប្រកបដោយបរិយាប័ន្នជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមជាមួយការបញ្ជូនជំនួយមនុស្សធម៌។ 
 
លោកបាន​បង្ហាញជំហរ​ថា៖ «យើងនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងបេសកជនពិសេសកម្ពុជា គឺឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចំពោះការខិតខំប្រឹងប្រែងទាំងឡាយនៅក្នុងទិសដៅនេះ ដោយឈរនៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងកុងសង់ស៊ីសប្រាំចំណុច ដែលត្រូវតែជាផែនការសកម្មភាពរបស់សហគមអន្តរជាតិ និងប្រទេសមីយ៉ាន់ម៉ា។ វានឹងគ្មានដំណោះស្រាយអ្វីក្រៅពីការអនុវត្តចំណុចឯកច្ឆន្ទទាំងប្រាំនេះទេ»។
 
ចំណុចឯកច្ឆន្ទទាំង៥ (Consensus) របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន ១. អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់បំផុត។ ២. ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន។ ៣. បេសកជនពិសេសប្រធានធាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយអគ្គលេខាធិការអាស៊ាន។ ៤. អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន។ ៥. បេសកកម្មជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ាដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា នៅក្នុងពិធីស្វាគមន៍និស្សិតពេទ្យកម្ពុជាដែលបានបញ្ចប់កម្មសិក្សានៅប្រទេសបារាំង លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញគោលជំហររបស់ប្រទេសបារាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសមីយ៉ាន់ម៉ា។
 

© រក្សាសិទ្ធិដោយ thmeythmey.com