ជាតិ
ទៅពិធីមង្គលការជាមួយសម្លៀកបំពាក់ធម្មតា ឧកញ៉ា ម៉ុង ឫទ្ធី ត្រូវសន្តិសុខសួរថា «ទើបមកពីចម្ការមែន?» លោកឧកញ៉ា ម៉ុង ឫទ្ធី ទៅពិនិត្យមើលការងារលើកទំនប់ទឹក និងការងារសាងសង់ ក្នុងតំបន់រមណីយដ្ឋានរបស់លោក ឈ្មោះតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធី សែនជ័យ កាលដើមខែធ្នូ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់លោក
× លោកឧកញ៉ា ម៉ុង ឫទ្ធិ ដែលអ្នកខ្លះ ចាត់ទុកជាសេដ្ឋីកសិកម្មស្រុកខ្មែរ បានទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់កូនអ្នកមានមុខមាត់ នៅសណ្ឋាគារសូហ្វីតែល ដែលជាសណ្ឋាគារលំដាប់ខ្ពស់មួយ ក្នុងរាជធានីភ្នំពេញ កាលពីម៉ោង៦យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ថ្វីបើជាអ្នកមានទ្រព្យស្តុកស្តម្ភ តែសម្រាប់ការទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍នេះ លោក មិនតែងខ្លួនឲ្យហ៊ឺហា ឬលយឆាយអ្វីឡើយ ដោយលោក នៅតែស្លៀកពាក់បែបសាមញ្ញ តាមទម្លាប់របស់លោក និងជិះរថយន្តពីកឹប (Pick Up)។
ពេលចូលទៅដល់សណ្ឋាគារសូហ្វីតែល បុគ្គលិកជាសន្តិសុខ ដែលទំនងជាមិនធ្លាប់ស្គាល់មុខលោក ម៉ុង ឫទ្ធី ក៏សួរលោកថា «ទើបមកពីចម្ការឬ?»។ បុគ្គលិកជាសន្តិសុខ សួរដូច្នេះ ដ្បិតឃើញលោក ស្ថិតក្នុងសម្លៀកបំពាក់មិនសូវសមរម្យ និងជិះរថយន្តមិនសូវទំនើប ខណៈអ្នកផងទាំងពួង ដែលទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍នេះ សុទ្ធតែពាក់អាវធំ និងជិះរថយន្តទំនើបៗទាន់សម័យលើសពីរថយន្តរបស់លោក។ បន្ទាប់មក បុគ្គលិកជាសន្តិសុខ មិនអនុញ្ញាតឲ្យលោក ចតរថយន្តនៅជិតរថយន្តទំនើបៗនោះទេ «ដោយដេញលោកឲ្យទៅចតរថយន្តនៅឆ្ងាយពីគេឯង»។
លោក ម៉ុង ឫទ្ធី ដែលជាសមាជិកព្រឹទ្ធសភាផងនោះ បានយករឿងផ្ទាល់ខ្លួនរបស់លោកខាងលើ ទៅរៀបរាប់លើ
ទំព័រហ្វេសប៊ុក។ ភ្ជាប់ជាមួយនឹងការរៀបរាប់រឿងទៅចូលរួមមង្គលនេះ លោក បានផ្តល់ដំបូន្មានដូច្នេះថា៖«សូមកូនចៅ ត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារៈក្រៅខ្លួនទាំងអស់និងខ្លួន មិនមែនជារបស់យើងទេ។ កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ទើបវាជារបស់យើងពិតប្រាកដណាកូនចៅ»។
តាមរយៈទំព័រហ្វេសប៊ុកដដែល លោក ក៏បានរម្លឹកបន្តិចពីរឿងផ្ទាល់ខ្លួនរបស់លោកក្នុងអតីតកាលដែរថា កាលលោកនៅវ័យ៣៩ឆ្នាំ លោក ធ្លាប់ពាក់ជញ្ចៀន ខ្សែក នាឡិក ដ្បិតពេលនោះ លោក ហាក់ដូចជានៅភ្លើតភ្លើន និងចង់សម្ញែងគេ។ ប៉ុន្តែ លោក ប្រាប់ថា មកដល់បច្ចុប្បន្ន លោក បានលះបង់ជញ្ចៀន ខ្សែក នាឡិកា អស់ហើយ ដោយនៅសល់តែរថយន្តប៉ុណ្ណោះ ដែលជាតម្រូវការចាំបាច់សម្រាប់ការធ្វើដំណើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com