ជាតិ
ខ្លាឃ្មុំញីជាប់អន្ទាក់មួយ​ក្បាល ត្រូវបាន​បញ្ជូន​ទៅស្ដារនីតិសម្បទានៅ​សួន​សត្វភ្នំតាម៉ៅ
15, Jan 2022 , 8:59 am        
រូបភាព
រូបភាពដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance
រូបភាពដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance
ដោយ:
ខ្លាឃ្មុំញីមួយក្បាល ទម្ងន់៧០គីឡូក្រាម ត្រូវបានជួយសង្គ្រោះចេញពីព្រៃទៅសួនសត្វភ្នំតាម៉ៅ ក្រោយជាប់អន្ទាក់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ។ ខ្លាឃ្មុំនេះ  មានរបួសជើងឆ្វេង ផ្នែកខាងមុខ។ លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានឱ្យដឹងថា ដោយសារខ្លាឃ្មុំនេះ មានរបួស គេមិនអាចលែងវាចូលព្រៃវិញទេ ទើបយកវាមកស្ដារនីតិសម្បទា នៅសួនសត្វភ្នំតាម៉ៅ។

 
ខ្លាឃ្មុំញីមួយក្បាលទម្ងន់ប្រមាណ៧០គីឡូក្រាម មានអាយុប្រហែល១២ឆ្នាំ បានជាប់អន្ទាក់នៅ ក្នុងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ខ្លាឃ្មុំនេះត្រូវបានជួយសង្គ្រោះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដោយ​ក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ។ 
 
លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmey Thmey25ថា ខ្លាឃ្មុំញីត្រូវបានក្រុមការងារនៅក្នុងខេត្តព្រះសីហនុ ប្រទះ ឃើញជាប់អន្ទាក់ និងត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនិងស្ដារនីតិសម្បទានៅក្នុងសួនសត្វភ្នំតាម៉ៅ។ 
 
លោក ទ្រី ស៊ីថេង បញ្ជាក់ដូច្នេះ៖ « សត្វនេះជាប់អន្ទាក់ នៅជើងខាងឆ្វេង ផ្នែកខាងមុខ។ ក្រៅពីនេះ យើងសង្កេតឃើញថា វាមានរបួសចាស់ ប៉ុន្ដែជាហើយ។ របូសនោះប្រហែលមកពីជាប់អន្ទាក់ កាលពីមុន ព្រោះមានស្នាមនៅជើងស្ដាំ ផ្នែកខាងក្រោយ។ ជើងរបួសចាស់នោះនៅសល់ត្រឹម ម្រាមមួយ ឯម្រាមផ្សេងទៀតដាច់អស់ហើយ»។
 
ប្រធានបុគ្គលិករូបនេះ បានបន្តថា ដ្បិតជើងមានរបួស តែនៅពេលមកដល់ភ្នំតាម៉ៅ ស្ថានភាពរបស់ ខ្លាឃ្មុំនេះ មានសុខភាពធម្មតា។  ចំណែកឯស្ថានភាពផ្លូវចិត្តសត្វនេះខ្លាចមនុស្សខ្លាំង ដែលបណ្ដាល ឱ្យក្រុមការងារពិបាកធ្វើការងារបន្ដិច។ 
 
បើតាមលោក ស៊ីថេង  ក្រុមលោកត្រូវការពេលព្យាបាល និងការសិក្សាពីសុខភាពរបស់សត្វនេះ បន្តមួយរយៈសិន។
 
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យ សាធារណជនទាំងអស់សូមចូលរូមជួយការពារ និងអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងសូមឱ្យអ្នកចូលចិត្តបរិភោគសាច់សត្វព្រៃ កាត់បន្ថយ ព្រោះប្រសិនបើសកម្មភាពនៃការជួញដូរសាច់សត្វទាំងនេះនៅលើទីផ្សារនៅតែបន្តមាន នោះអ្នកបរបាញ់ក៏នៅតែធ្វើសកម្មភាពបន្ត៕

Tag:
 ខ្លាំឃ្មុំ
  ព្រះសីហនុ
  អង្គការ Wildlife Alliance
© រក្សាសិទ្ធិដោយ thmeythmey.com