ជាតិ
និស្សិតពេទ្យបញ្ចប់កម្មសិក្សាពីបារាំង ត្រៀមខ្លួនធ្វើពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ-១៩នៅកម្ពុជា
14, Jan 2022 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ និស្សិតពេទ្យបញ្ចប់កម្មសិក្សារយៈពេល ១ឆ្នាំពីបារាំង ត្រៀមខ្លួនធ្វើគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា។ និស្សិតមួយចំនួនលើកឡើងថា ពួកគេនឹងយកបទពិសោធដែលធ្លាប់មើលអ្នកមានជំងឺកូវីដ-១៩ និងចំណេះដឹងពីប្រទេសបារាំងមកប្រើនៅកម្ពុជា ។



ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីទទួលនិស្សិតបញ្ចប់កម្មសិក្សាពីប្រទេសបារាំង ចំនួន៧៩នាក់ នាល្ងាចថ្ងៃទី ១៣មករា។ ក្នុងកម្មវិធីនេះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លើកឡើងថា និស្សិតពេទ្យវ័យក្មេងទាំង៧៩នាក់នេះ ជាធនធានមនុស្សដ៏មានគុណភាពក្នុងវិស័យសុខាភិបាល។​ ជាពិសេសនិស្សិតទាំងនោះ ដើរតួយ៉ាងសំខាន់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅកម្ពុជា ។​

  លោក ព្រីង គឹមឆៃ គ្រូពេទ្យជំនាញថ្នាំសណ្ដំ បញ្ចប់កម្មសិក្សាពីបារាំង។
 
លោក ព្រីង គឹមឆៃ ទើបបញ្ចប់កម្មសិក្សាពីបារាំងលើមុខវិជ្ជាថ្នាំសណ្ដំ បានអះអាងថា លោកនឹងចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ-១៩ ក្នុងករណីដែលអ្នកជំងឺកើនឡើង។ បច្ចុប្បន្នលោកធ្វើការនៅមន្ទីរពេទ្យកាល់ម៉ែត្រផ្នែកវះកាត់ ។ កន្លងមកលោកក៏ធ្លាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ដែលត្រូវការវះកាត់ផងដែរ។
 
លោក ព្រីង គឹមឆៃ ប្រាប់សារព័ត៌មានThmeyThmey នៅស្ថានទូតបារាំងដូច្នេះ៖ « ខ្ញុំមិនទាន់បានធ្វើគ្រូពេទ្យស្ម័គ្រចិត្តនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩នោះទេ ប៉ុន្តែខាងមន្ទីរពេទ្យកាល់ម៉ែត្រត្រៀមបញ្ជូនខ្ញុំទៅដែរ។ ទោះបីខ្ញុំមិនបានទៅព្យាបាលអ្នកកើតកូវីដ-១៩នៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ ឬបណ្ដាខេត្ត តែក្នុងមន្ទីរពេទ្យកាល់ម៉ែត្រក៏ខ្ញុំបានព្យាបាលអ្នកកើតកូវីដ-១៩ ដែរ គឺអ្នកដែលគាត់មានផ្ទុកកូវីដ-១៩ ហើយត្រូវការដាក់ថ្នាំសណ្ដំហើយត្រូវការវះកាត់ »។ 

  លោក រម្យ មុន្នី ជាកម្មសិក្សាការីជំនាញព្យាបាលជំងឺមហារីក ពីប្រទេសបារាំង
 
ចំណែកលោក រម្យ មុន្នី បានបញ្ចប់កម្មសិក្សាផ្នែកព្យាបាលជំងឺ​មហារីក នៅប្រទេសបារាំងបានប្រាប់សារព័ត៌មានThmeyThmeyថា ប្រហែលជាខែក្រោយនេះលោកនឹងចូលធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលណាមួយក្នុងរាជធានីភ្នំពេញ។ សម្រាប់វេជ្ជបណ្ឌិត រម្យ មុន្នី ការព្យាបាលជំងឺកូវីដ-១៩ជាកាព្វកិច្ច និងក្រមសីលធម៌គ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ ដើម្បីសង្គ្រោះអ្នកជំងឺ។ លោក មុន្នី បញ្ជាក់យ៉ាងខ្លីដូច្នេះ៖ « វាជាកាតព្វកិច្ចជាតិ តែក៏ពុំមែនជាកាតព្វកិច្ចដាច់ខាតនោះឡើយ រឹតតែជាមិនមែនជាបន្ទុកនោះទេ »។
 
ជាមួយគ្នានេះ កញ្ញា ង៉ូវ សៀកឃីម វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា បានបញ្ចប់កម្មសិក្សារយៈពេល១ឆ្នាំពីមន្ទីរពេទ្យមួយក្នុងប្រទេសបារាំង។ នៅទីនោះ កញ្ញាបានចូលរួមព្យាបាលអ្នកកើតកូវីដ-១៩ផងដែរ។ ការណ៍នេះបានធ្វើឱ្យកញ្ញា មើលឃើញថា ក្នុងបរិបទកូវីដ-១៩ មនុស្សជាច្រើនបានប្រឈមនឹងបញ្ហាផ្លូវចិត្ត ជាពិសេសអ្នកមានជំងឺកូវីដ-១៩។ ដូច្នេះកញ្ញានឹងប្រើចំណេះដឹង និងបទពិសោធរបស់ខ្លួនដែលបានមកពីប្រទេសបារាំង ចូលរួមព្យាបាលអ្នកកើតជំងឺកូវីដ-១៩នៅកម្ពុជា។​

   កញ្ញា ង៉ូវ សៀកឃីម
 
« ខ្ញុំធ្លាប់ចូលរួមមើលអ្នកកើតកូវីដ-១៩ នៅប្រទេសបារាំងដែរ ហើយមើលឃើញពួកគាត់មានមួយចំនួនប្រឈមនឹងបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលព្យាបាល។ ដូច្នេះខ្ញុំក៏បានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីមើលថែអ្នកមានជំងឺកូវីដ-១៩ ជាពិសេសអ្នកដែលគាត់មានបញ្ហាផ្លូវចិត្ត »។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិតវ័យក្មេង ង៉ូវ សៀកឃីម ។
 
គិតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩កើនដល់ ១២០ ៧២៨នាក់, អ្នកសះស្បើយមាន ១១៧ ០៧២នាក់  ខណៈស្លាប់មាន ៣ ០១៥៕

Tag:
 ThmeyThmey
  និស្សិតពេទ្យ​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com