ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្រកាសជាថ្មីថា ចង់ឡើងតុលាការជំនួសលោក កឹម សុខា
14, Jan 2022 , 3:53 pm        
រូបភាព
រូបរង្វង់មូល គឺលោក សម រង្ស៊ី (លើកដៃសំពះ) និង លោក កឹម សុខា។ ទិដ្ឋភាពខាងមុខតុលាការភ្នំពេញ ពេលបើកសវនាការលើលោក កឹម សុខា កាលពីដើមឆ្នាំ២០២០។ រូបពី AFP
រូបរង្វង់មូល គឺលោក សម រង្ស៊ី (លើកដៃសំពះ) និង លោក កឹម សុខា។ ទិដ្ឋភាពខាងមុខតុលាការភ្នំពេញ ពេលបើកសវនាការលើលោក កឹម សុខា កាលពីដើមឆ្នាំ២០២០។ រូបពី AFP
ដោយ: ថ្មីៗ
មនុស្សជំនិតរបស់លោក កឹម សុខា ចំអកឲ្យលោក សម រង្ស៊ី ថាជា «គង់ហ៊ាន»។



លោក សម រង្ស៊ី ដែលធ្លាប់ធ្វើជាប្រធានអតីតគណបក្សសង្គ្រោះជាតិមុនលោក កឹម សុខា បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា លោក ចង់ឡើងតុលាការជំនួសលោក កឹម សុខា។ ការប្រកាសរបស់លោក សម រង្ស៊ី ធ្វើឡើងស្របពេលដែលតុលាការភ្នំពេញ ជិតនឹងបើកសវនាការសាជាថ្មី ដើម្បីជំនុំជម្រះសេចក្តីលើលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ 
 
អមជាមួយសារអំពីការប្រកាសជំហរចង់ឡើងតុលាការជំនួសលោក កឹម សុខា លោក សម រង្ស៊ី បានយកវីដេអូឃ្លីប ដែលលោក ធ្លាប់ផ្តល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរីនាពេលកន្លងមក មកបង្ហោះឡើងវិញ។ ការបង្ហោះវីដេអូចាស់ឡើងវិញ លោក ចង់បញ្ជាក់ថា អ្វី ដែលលោក បាននិយាយទៅកាន់រដ្ឋាភិបាល និងតុលាការកម្ពុជាកាលពីលើកមុន ក៏ជាអ្វី ដែលលោក ចង់និយាយនាពេលនេះដែរ។ 
 
តាមរយៈវីដេអូចាស់នោះ លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានទាមទារឲ្យតុលាការ យកលោក ទៅកាត់ទោសវិញ ហើយលើកលែងឲ្យលោក កឹម សុខា។ លោក បន្តថា កាលពីដំបូង លោក គឺជាប្រធានអតីតគណបក្សសង្គ្រោះជាតិ ឯលោក កឹម សុខា នៅជាអនុប្រធាននៅឡើយ ហើយលោក ថែមទាំងមានទំនាក់ទំនងជាមួយបរទេស ច្រើនជាងលោក កឹម សុខា ទៅទៀត ដូច្នេះ បើចង់ចោទពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា គឺសមតែជារូបលោក ជាមេខ្លោង ដែលគួររងបទចោទនេះ មិនមែនលោក កឹម សុខា នោះទេ។ លោក បន្ថែមថា ក្នុងឋានៈលោក ជាប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺលោក ត្រូវមានការទទួលខុសត្រូវច្រើនជាងលោក កឹម សុខា ជាអនុប្រធាន។ 
 
លោក បញ្ជាក់ថា បើរដ្ឋាភិបាលកម្ពុជា មិនហាមក្រុមហ៊ុនអាកាសចរណ៍ក្នុងការដឹកលោក និងមិនស្នើដល់រដ្ឋាភិបាលថៃកុំឲ្យលោកឆ្លងកាត់ថៃ ដើម្បីមកកម្ពុជាតាមផ្លូវគោក លោក នឹងធ្វើដំណើរមកកម្ពុជាវិញ។ លោក សន្យាថា បើលោក បានចូលកម្ពុជា ដើម្បីឡើងតុលាការជំនួសលោក កឹម សុខា លោក នឹងមិនអំពាវនាវឲ្យប្រជាពលរដ្ឋ ងើបប៉ះពាល់ឡើយ។ លើសពីនេះ ដើម្បីកុំឲ្យតុលាការ ពិបាករកភស្តុតាង លោក នឹងប្រមូលភស្តុតាង ជូនដល់តុលាការថែមទៀត សម្រាប់ដាក់បន្ទុកលើលោក។ 
 
លោក ថ្លែងដូច្នេះថា៖«ខ្ញុំ ទៅដល់ទីក្រុងភ្នំពេញស្អែក ខានស្អែកហ្នឹងទៅដល់ភ្លាម ខ្ញុំ យកភស្តុតាង ខ្ញុំ ផ្ញើភស្តុតាង និងបញ្ជូនទៅដល់មុនហ្នឹងទៀតក៏បានដែរ ហើយកាត់ទោសខ្ញុំទៅ ឲ្យលោក កឹម សុខា រួចខ្លួនទៅ។... ខ្ញុំ រង់ចាំងចម្លើយលោក ហ៊ុន សែន ឬតុលាការ»។ 
 
ពេលឃើញលោក សម រង្ស៊ី ចង់ចូលខ្លួនទទួលទោស និងឡើងតុលាការជំនួសលោក កឹម សុខា លោក មុត ចន្ថា ជាជំនួយការរបស់លោក កឹម សុខា ក៏ហៅលោក សម រង្ស៊ី ថាជាអ្នកក្លាហានអណ្តើកក្នុងស្នូក។ មនុស្សជំនិតរបស់លោក កឹម សុខា រូបនេះ បានសរសេរលើគណនីហ្វេសប៊ុកថា៖«គួរឲ្យហួសចិត្ត និងអស់សំណើចបំផុត ដែលលោក សម រង្ស៉ី ចេញមុខជាថ្មីដោយតាំងខ្លួនឯងជាគង់ហ៊ាន ខណៈដែលសារធាតុនិងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី ជាមាន់ត្រចៀកស ជាទន្សាយព្រៃ ជាសត្វឈ្លូស ដែលចេះត្រឹមផ្អើលរត់គេចពីការទទួលខុសត្រូវ ទោះបីគ្រាន់តែគេគោះប៉ោត»។
 
កាលពីដើមឆ្នាំ២០១៧ លោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានអតីតគណបក្សសង្គ្រោះជាតិ ហើយលោក កឹម សុខា ជាអនុប្រធាន ក៏ឡើងកាន់តំណែងជាប្រធាន។ រហូតដល់ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ក៏ត្រូវចាប់ខ្លួន ក្រោមបទចោទសន្ទិដ្ឋិភាព ដែលសំដៅថា លោក លួចទៅពឹងបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ដោយសំអាងថា ប្រធាន និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងគម្រោងផ្តួលរំលំរដ្ឋាភិបាល ដែលជាអំពើក្បត់ជាតិ តុលាការកំពូល ក៏រំលាយអតីតគណបក្សប្រឆាំងធំជាងគេនេះចោល នៅខែវិច្ឆិកា ឆ្នាំ២០១៧។ 
 
ចំណែក លោក កឹម សុខា ត្រូវជាប់ក្តីក្តាំនៅតុលាការរហូតមកដល់បច្ចុប្បន្ន។ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២០ តុលាការភ្នំពេញ បានបើកសវនាការលើកដំបូង ដើម្បីជំនុំជម្រះក្តីលើលោក។ សវនាការនេះ ដំណើរការបានត្រឹមតែ៣-៤លើក ក៏ត្រូវតុលាការផ្អាកទៅវិញ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ ជិត២ឆ្នាំក្រោយ តុលាការ ក៏សម្រេចបើកសវនាការនេះឡើងវិញ គឺនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
 
តុលាការ ចោទលោក កឹម សុខា នៅពេលឃើញវីដេអូឃ្លីមួយ ដែលលោក ជួបជុំជាមួយអ្នកគាំទ្រនៅប្រទេសអូស្រ្តាលី តាំងពីឆ្នាំ២០១៣។ ក្នុងវីដេអូឃ្លីបនោះ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក ទម្លាយប្រាប់អ្នកគាំទ្រថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ជួយរៀបចំផែការឲ្យលោក ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា។ សម្រាប់រដ្ឋាភិបាល និងតុលាការ អ្វីដែលលោក និយាយនៅអូស្រ្តាលី គឺជាគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមការជួយជ្រោមជ្រែងរបស់បរទេស៕ 

Tag:
 សម រង្ស៊ី
  កឹម សុខា
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com