ជាតិ
ត្រឹម៤ថ្ងៃ ពលរដ្ឋក្រុងសៀមរាបជាង២ពាន់នាក់ចាក់វ៉ាក់សាំងដូសទី៣ ​នៅពេទ្យបង្អែកខេត្ត
15, Jan 2022 , 11:21 am        
រូបភាព
សៀមរាប៖ បន្ទាប់ពីមានការប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ រួចមក ពលរដ្ឋខេត្តសៀមរាបជាច្រើន បានទៅទទួលការចាក់វ៉ាក់សាំងនៅទីតាំងផ្សេងៗដែលអាជ្ញាធរបានរៀបចំ។ ក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្ត ដែលជាគោលដៅមួយសម្រាប់ចាក់ពលរដ្ឋក្នុងក្រុង ក៏មានប្រជាពលរដ្ឋសម្រុកទៅចាក់ច្រើនដែរ។ តាមការបញ្ជាក់ប្រធានមណ្ឌលចាក់វ៉ាក់សាំង ត្រឹម៤ថ្ងៃ មានពលរដ្ឋ ២,៦១៨នាក់ បានទៅចាក់វ៉ាក់សាំងដូសជំរុញ។

 
សូមទស្សនានូវកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប និងឱសថការី លឹម ហេង ប្រធានមណ្ឌលចាក់ថ្នាំបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដូចតទៅនេះ៖ 
 
 
ប្រធានមណ្ឌលចាក់វ៉ាក់សាំង និងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកឱសថការី លឹម ហេង បានឱ្យដឹងថា ពលរដ្ឋជាច្រើនក្នុងក្រុងសៀមរាប បានសម្រុកមកចាក់វ៉ាក់សាំងដូសទី៣ ដែលជាប្រភេទថ្នាំ AstraZeneca របស់ជប៉ុន។ លោកឱសថការីបន្ថែមថា ក្រៅពីចាក់ដូសជំរុញនេះ មន្ទីរពេទ្យក៏បើកទទួលសម្រាប់អ្នកចាក់ដូសទី២ និងអ្នកចាក់ដូសទី១ មិនថាជនជាតិខ្មែរ ឬបរទេស និងរស់នៅទីណានោះ ពួកគេអាចមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកបានគ្រប់ៗគ្នា។ បន្ថែមពីនេះ ការចាក់នេះ មិនសំដៅអ្នកមានកាតពណ៌ស (ចាក់ជាមួយពេទ្យយោធា) ឬអ្នកមានកាតពណ៌ខៀវ (ចាក់ជាមួយពេទ្យសុខាភិបាល) នោះទេ គឺពួកគេអាចមកចាក់បានគ្រប់ៗគ្នា។ 


 
យុទ្ធនាការចាក់ដូសទី៣នេះ តាមការបញ្ជាក់ពីលោក លឹម ហេង សម្រាប់កុមារអាយុក្រោម១៨ឆ្នាំ ត្រូវចាក់ប្រភេទថ្នាំ ស៊ីណូវ៉ាក់ តាមការណែនាំរបស់ក្រសួងសុខាភិបាល រីឯមនុស្សពេញវ័យ ឬចាប់ពី១៨ឆ្នាំឡើង ចាក់ថ្នាំប្រភេទថ្នាំ AstraZeneca របស់ជប៉ុន។


 
ជាមួយគ្នានេះ លោក លឹម ហេង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងនេះ ដើម្បីការពារខ្លួនឱ្យបានរឹងមាំទៅនឹងជំងឺកូវីដ១៩ និងដើម្បីមានភាពសុំាក្នុងរាងកាយ។ ជាមួយគ្នានោះ អ្នកមានផ្ទៃពោះ មានកូនតូច អ្នកជាសះស្បើយពីជំងឺកូវីដ១៩ រយៈពេល៤ខែ ក៏អាចមកទទួលការចាក់វ៉ាក់សាំងរៀងរាល់ម៉ោងធ្វើការផងដែរ៕


 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com