ជាតិ
បង្គាចាក់បញ្ចូលចាហួយ ពីវៀតណាម ជាង ៦ពាន់គីឡូ ត្រូវបានដុតបំផ្លាញចោល
19, Jan 2022 , 2:58 pm        
រូបភាព
 (រូបភាពពី Khmer Procheabrey)
(រូបភាពពី Khmer Procheabrey)
អាជ្ញាធរស្រុកកំពង់ត្រាច ខេត្តកំពត ស្ទាក់ចាប់បានរថយន្ត២គ្រឿង ដែលលួចដឹកបង្គាចាក់បញ្ចូលចាហួយពីវៀតណាមចំនួន៦១០កេះកាលពីថ្ងៃទី១៦ខែមករា។ បច្ចុប្បន្ន បង្គាចាក់បញ្ចូលចាហួយទាំងនោះ ត្រូវមន្រ្តីជំនាញដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១៨ខែមករានេះ។

 
លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់សារព័ត៌ថ្មីៗ២៥នៅថ្ងៃទី១៨ខែមករានេះថា ក្រុមការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិ ស្ទាក់ចាប់បានរថយន្ត២គ្រឿង និងឃាត់ខ្លួនមនុស្ស២នាក់ជាជនជាតិខ្មែរ លួចដឹកបង្គាចាក់បញ្ចូលចាហួយពីវៀតណាមចំនួន៦៣៨៦គីឡូ ឬស្មើ៦១០កេះ នៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្រាច។ លោក លើកឡើងថា ករណីនេះ គឺជាការលួចនាំចូលខុសច្បាប់ តាមផ្លូវទឹកពីប្រទេសវៀតណាម ចូលកម្ពុជា ដោយបំរុងយកទៅលក់បន្តនៅភ្នំពេញ។


 រូបភាពពី Khmer Procheabrey 

លោក អូន ខន បញ្ជាក់ដូច្នេះ៖«ការឆ្លងកាត់នេះ មិនចូលតាមច្រកស្របច្បាប់នោះទេ គឺតាមច្រករបៀង (ផ្លូវទឹក)។ យើងមិនមែនបើកឱ្យចេញចូលសេរីនោះទេ។ បើនិយាយពីតំបន់ហាមឃាត់ គ្មានចូលទៅណារួចទេ ព្រោះវៀតណាមគេក៏ខ្លាចកូវីដ យើងក៏ខ្លាចកូវីដ»។ អភិបាលស្រុកកំពង់ត្រាចរូបនេះ បន្ថែមថា ការលួចនាំចូលគ្រឿងសមុទ្រខូចគុណភាពទាំងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
 
បច្ចុប្បន្ន បង្គាចាក់បញ្ចូលចាហួយទាំងនោះ ត្រូវមន្រ្តីជំនាញកាំកុងត្រូល ដុតបំផ្លាញចោលនៅ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត់កាលពីព្រឹកថ្ងៃទី១៨ ខែមករានេះ ខណៈមនុស្សទាំង ២នាក់ត្រូវបានអាជ្ញាធរធ្វើការសាក់សួរ និងអនុវត្តតាមផ្លូវច្បាប់៕
 
 
 
 
 

Tag:
 ស្រុកកំពង់ត្រាច
  បង្គាចាក់បញ្ចូលចាហួយ
© រក្សាសិទ្ធិដោយ thmeythmey.com