ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ចង់ឲ្យតុលាការ បើកសវនាការលើលោក កឹម សុខា ជារៀងរាល់ថ្ងៃ
19, Jan 2022 , 4:19 pm        
រូបភាព
លោក កឹម សុខា លើកដៃធ្វើជាសញ្ញាទៅកាន់អ្នកកាសែត ពេលលោក ធ្វើដំណើរចេញពីផ្ទះរបស់លោក ទៅកាន់តុលាការភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
លោក កឹម សុខា លើកដៃធ្វើជាសញ្ញាទៅកាន់អ្នកកាសែត ពេលលោក ធ្វើដំណើរចេញពីផ្ទះរបស់លោក ទៅកាន់តុលាការភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
សហមេធាវី ដែលការពារក្តីឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ប្រាប់ថា ពួកគាត់ និងលោក កឹម សុខា ជាកូនក្តី ទទ្ទឹងរង់ចាំការបើកសវនាការរាល់ថ្ងៃ ហើយពួកគាត់ រីករាយ នៅពេលតុលាការ បានបើកសវនាការឡើងវិញ។ យ៉ាងណាក៏ដោយ ពួកគាត់ នៅតែមិនសប្បាយចិត្ត ព្រោះសវនាការ ត្រូវបានបើកតែ១ព្រឹក ហើយក៏ត្រូវពន្យារពេលទៅវិញដល់១សប្តាហ៍។


តាមការចង់បានរបស់មេធាវី ដែលការពារក្តីឲ្យលោក កឹម សុខា តុលាការ គួរតែបើកសវនាការជារៀងរាល់ គឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ថ្លែងទៅកាន់ក្រុមអ្នកាសែតក្រោយចប់សវនាការយ៉ាងដូច្នេះថា៖«ថ្ងៃនេះ យើង រីករាយ១កម្រិត ដែលត្រឡប់មកសវនាការវិញ តែអត់ទាន់ [រីករាយ] ពេញលេញទេ។ បើរីករាយមែនទែន ទាល់តែសវនាការហ្នឹង ប្រព្រឹត្តទៅលឿន មានន័យថា ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ។ តែ នេះបែរជាកាត់ពេល១ព្រឹក ហើយត្រឡប់ទៅអាទិត្យក្រោយ ជាការខកចិត្តរបស់យើងខ្ញុំ»។ 
 
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ តុលាការភ្នំពេញ បានបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញ ក្រោយពីផ្អាកអស់រយៈពេលជិត២ឆ្នាំ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ សវនាការលើលោក កឹម សុខា លើកដំបូង គឺនៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ ហើយបន្ទាប់មក ក៏ផ្អាកវិញ នៅអំឡុងខែមីនា ឆ្នាំ២០២០។
 
សវនាការលើលោក កឹម សុខា ដែលប្រព្រឹត្តទៅពីម៉ោង៨កន្លះព្រឹក រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ពុំបានសម្រេចអ្វីទាំងអស់ ហើយក៏មិនទាន់បានសួរដេញដោលគ្នាច្រើនដែរ។ តុលាការ នឹងបន្តសវនាការលើលោក កឹម សុខា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
 
បើតាមមេធាវីរបស់លោក កឹម សុខា អ្វីដែលបានប្រព្រឹត្តទៅពេញ១ព្រឹក ក្នុងសវនាការ គឺការចាក់ផ្សាយវីដេអូពេញរបស់លោក កឹម សុខា ដែលលោក និយាយនៅអូស្ត្រាលី កាលពីអំឡុងឆ្នាំ២០១៣។ វីដេអូពេញនោះ គឺមានរយៈពេលជាង១ម៉ោង តែត្រូវបានចាក់ផ្សាយបានត្រឹមតែប្រមាណ២០នាទីសិនប៉ុណ្ណោះ ដោយនាទី ដែលនៅសល់ ទំនងជានឹងត្រូវចាក់ផ្សាយបន្ត នៅសវនាការលើកក្រោយទៀត។ 
 
មេធាវីរប់លោក កឹម សុខា ចាត់ទុកវីដេអូពេញ ប្រៀបដូចជាមាសសុទ្ធ ដែលមានន័យថា វីដេអូពេញនោះ មិនត្រូវបានកាត់តអ្វីឡើយ ដូច្នេះ វា នឹងបង្ហាញការពិត និងភាពស្អាតស្អំរបស់លោក កឹម សុខា។ តុលាការ ពឹងផ្នែកលើវីដេអូនោះ ក្នុងការចោទប្រកាន់លោក កឹម សុខា តាំងពីចុងឆ្នាំ២០១៧មក។ វីដេអូនោះ ត្រូវបានគេ កាត់ខ្លីៗ យកទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ 
 
វីដេអូនោះ គឺបង្ហាញពីការជួបជុំរបស់លោក កឹម សុខា ជាមួយអ្នកគាំទ្រនៅអូស្រ្តាលី កាលពីឆ្នាំ២០១៣។ លោក និយាយក្នុងវីដេអូថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ដែលផ្តល់យុទ្ធសាស្រ្តដល់លោក ក្នុងការផ្លាស់ប្តូរនៅកម្ពុជា។ តុលាការ យល់ថា អ្វីដែលលោក និយាយក្នុងវីដេអូ គឺជាគម្រោងផ្តួលរំលំរដ្ឋាភិបាល ដោយមានការពឹងពាក់បរទេស។ 
 
ពេលចេញពីផ្ទះរៀបឡើងរថយន្ត ធ្វើដំណើរទៅតុលាការ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក កឹម សុខា បង្ហាញក្តីសង្ឃឹម នៅមុខអ្នកកាសែតថា តុលាការ នឹងទម្លាក់បទចោទចេញពីលោក ដើម្បីឈានទៅដល់ការផ្សះផ្សាជាតិ៕  
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com