ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ញ៉ាំ​ចេក ២​ផ្លែ​ក្នុង​មួយថ្ងៃ តើ​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​?
19, Jan 2022 , 11:29 pm        
រូបភាព
​ចេក​ល្អ​សម្រាប់​សុខភាព​។ ប្រសិនបើ​អ្នកទទួល​ទាន​ចេក ២​ផ្លែ​ក្នុង​មួយថ្ងៃ រាងកាយ​របស់​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន និង​ការពារ​ជំងឺ​ផ្សេងៗ​។

 
​ការបង្កើន​ថាមពល​
 
​ការទទួល​ទាន​ចេក ២ ផ្លែ​ជា​អាហារ​ពេលព្រឹក​នឹង​ជួយ​ឱ្យ​អ្នកមាន​ថាមពល​ពេញ​មួយថ្ងៃ​។ ដោយសារតែ​ចេក​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ វា​ជួយផ្តល់​ថាមពល​ដល់​រាងកាយ​។​
 
​ជំងឺលើសឈាម​
 
​ប្រសិនបើ​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ការទទួល​ទាន​ចេក ២ ផ្លែ​ក្នុង​មួយថ្ងៃ​នឹងធ្វើ​ឱ្យ​សម្ពាធ​ឈាម​របស់​អ្នក​ត្រលប់មក​ធម្មតា​វិញ​។ នេះ​ដោយសារតែ​ផ្លែ​ចេក​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ដែល​ជួយ​ធ្វើឱ្យមាន​តុល្យភាព​ឥទ្ធិពល​នៃ​អំបិល ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​របស់​អ្នក​ឱ្យនៅ​កម្រិត​សុវត្ថិភាព​។​
 
​កាត់បន្ថយ​ភាព​តានតឹង​
 
​ការទទួល​ទាន​ផ្លែ​ចេក​គឺជា​ថ្នាំ​បំបាត់​ភាព​តានតឹង​ដ៏​មាន​ប្រសិទ្ធភាព ហើយ​អាច​យកឈ្នះ​លើ​ការ​ថប់​បារម្ភ និង​ការ​គេង​មិន​លក់ ក៏ដូចជា​បញ្ហា​អារម្មណ៍​ផ្សេងទៀត​ដូចជា អស់កម្លាំង និង​ឆាប់​ខឹង​ជាដើម​។​
 
​ការទទួល​ទាន​ផ្លែ​ចេក​ជាប្រចាំ ជួយ​ឱ្យ​អ្នកមាន​សុភមង្គល និង​ញញឹម​កាន់តែច្រើន​។ ចេក​មាន​ផ្ទុក​នូវ​វីតាមីន B9 ច្រើន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា folate ដែល​ជួយ​រាងកាយ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
 
​ដុត​ខ្លាញ់​ក្បាលពោះ​
 
​ចេក​ជួយ​ដុតបំផ្លាញ​ខ្លាញ់​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ចេក​មួយ​ផ្លែ​មាន​ផ្ទុក​សារធាតុ choline ១២mg ដែលជា​វីតាមីន B ដែល​ធ្វើ​សកម្មភាព​ដោយផ្ទាល់​លើ​ហ្សែ​ន​សម្រាប់​ការប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ក្នុង​ពោះ​។​
 
​ពោះវៀន​មាន​សុខភាព​ល្អ​
 
​ការទទួល​ទាន​ផ្លែ​ចេក​ជួយ​ឱ្យ​រាងកាយ​មាន​អារម្មណ៍​ឆ្អែត​។ គ្មានអ្វី​ប្រសើរ​ជាង​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​ទឹក​ក្តៅ​មួយ​កែវ និង​ចេក ២​ផ្លែ​នោះទេ​។ ការទទួល​ទាន​ផ្លែ​ចេក​ជួយ​រក្សា​ពោះវៀន​ឱ្យមាន​សុខភាព​ល្អ ទប់ស្កាត់​ចំណង់​អាហារ និង​ជួយ​អុកស៊ីតកម្ម​ជាតិ​ខ្លាញ់​កាន់តែ​មាន​ប្រសិទ្ធភាព​។​
 
​កាត់បន្ថយ​ហានិភ័យ​នៃ​ភាពស្លេកស្លាំង​
 
​នៅពេលដែល​បរិមាណ​ជាតិ​ដែក​ក្នុង​ឈាម​មិន​គ្រប់គ្រាន់ អេ​ម៉ូ​ក្លូ​ប៊ី​ន​ទាប​ខ្លាំង​ម្តងទៀត អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​។ ដើម្បី​ជម្នះ​ស្ថានភាព​នេះ អ្នក​គួរតែ​ទទួលទាន​ចេក ២​ផ្លែ​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​បង្កើន​កម្រិត​ជាតិ​ដែក និង​ជំរុញ​ការបង្កើត​កោសិកា​ឈាមក្រហម​។
 
​វីតាមីន​បន្ថែម​
 
​ចេក​សម្បូរ​ទៅដោយ​វីតាមីន B6 ដែល​ជួយ​ក្នុងការ​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន អាំង​ស៊ុយ​លីន និង​អាស៊ីត​អា​មី​ណូ​ដែល​ត្រូវការ​សម្រាប់​បង្កើត​កោសិកា​ដែលមាន​សុខភាព​ល្អ​។ លើសពីនេះ ផ្លែ​ចេក​ក៏មាន​ផ្ទុក​នូវ​វីតាមីន C ដែល​ជួយ​បន្សាប​រ៉ាឌីកាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់​នៅក្នុង​ខ្លួន​។​
 
​ចំណាំ​៖
 
​ការទទួល​ទាន​ផ្លែ​ចេក​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព ប៉ុន្តែ​យោងតាម​ការណែនាំ​របស់​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក អ្នក​គួរតែ​ទទួលទាន​ចេក​ត្រឹមតែ ២ ផ្លែ​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ញ៉ាំ​ផ្លែ​ចេក​ច្រើន​ពេញ​មួយថ្ងៃ វា​នឹង​ធ្វើឱ្យ​រំខាន​ដល់​វីតាមីន និង​សារធាតុ​រ៉ែ​នៅក្នុង​រាងកាយ​។ លើសពីនេះ ការទទួល​ទាន​ផ្លែ​ចេក​ខុស​ពេលវេលា ដូចជា​មុនពេល​ចូល​គេង អាច​បង្កើន​ការផលិត​ស្លេស ប៉ះពាល់​ដល់​ស្រទាប់​ក្រពះ ធ្វើឱ្យ​ពិបាក​រំលាយ​អាហារ និង​ធ្វើឱ្យ​ពុក​ធ្មេញ ជាតិ​ស្ករ​ឡើង​ខ្ពស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com