ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើឱ្យរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ជំរុញការបើកវិស័យទេសចរណ៍ឡើងវិញ
19, Jan 2022 , 10:59 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១៩ មករា ២០២២។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១៩ មករា ២០២២។
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ជួយជំរុញដល់ការបើកវិស័យទេសចរណ៍ឡើងវិញ ខណៈវិស័យនេះ ធ្លាក់ចុះខ្លាំងនៅក្នុងបរិបទកូវីដ-១៩។

 
សម្ដេច​​ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀត បានខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។ សម្ដេច បានស្នើឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ ជំរុញការធ្វើដំណើររបស់ពលរដ្ឋក្នុងតំបន់អាស៊ានឡើងវិញ ជាពិសេសក្នុងវិស័យទេសចរណ៍នេះ ។ 
 
ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលដឹកនាំដោយ លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ដូច្នេះថា៖«ពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ»។
 
លោក លឹម ចុកហ៊ុយ បានបញ្ជាក់ថា លោកនឹងបន្តធ្វើការយ៉ាងជិតស្និទជាមួយបណ្ដាសមាជិកអាស៊ានទាំងអស់ ក្នុងការជំរុញឱ្យវិស័យទេសចរណ៍បើកឡើងវិញ។ ជាពិសេសការរៀបចំបើក និងអនុវត្តច្រករបៀងអាស៊ាន សម្រាប់ការធ្វើដំណើរ។ អគ្គលេខាធិការអាស៊ានរូបនេះ បានសន្យាសហការជាមួយសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធនៃវិស័យមួយចំនួន អនុវត្តការធ្វើដំណើរនៅក្នុងក្របខ័ណ្ឌអាស៊ាន។ ប៉ុន្តែដើម្បីសម្រេចកិច្ចការនេះ ត្រូវរៀបចំឱ្យមានផែនការសកម្មភាពការងារយកមកពិភាក្សានៅក្នុងខែមីនាខាងមុខ នាកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន។
 
«កន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣ភាគរយនៃ GDP អាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣ភាគរយឯណោះ។
 
ដូច្នេះវិស័យទេសចរណ៍នេះ សំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ស្រង់សម្ដីអគ្គលេខាធិការអាស៊ាន។
 
អគ្គលេខាធិការអាស៊ាន បានបន្ថែមថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅខេត្តេព្រះសីហនុនេះ គឺបានបញ្ជូនសារសំខាន់ អំពីការធ្វើដំណើររបស់ទេសចរណ៍ក្នុងអាស៊ានឡើងវិញ ក៏ដូចជាសារទៅក្រៅតំបន់អាស៊ានដែរ ។ លោកសង្កត់ធ្ងន់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៅកម្ពុជានេះ នឹងអនុម័តលើឯកសារមួយចំនួន ជាពិសេសការស្ដារឡើងវិញលើវិស័យទេសចរណ៍ក្រៅពីកូវីដ-១៩ និងផែនការជំរុញទេសចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។
 
មុនជំងឺកូវីដ-១៩ផ្ទុះឡើង កម្ពុជាទទួលភ្ញៀវទេសចរ ៦ លាននាក់ ។ បច្ចុប្បន្ន ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម២ម៉ឺននាក់ប៉ុណ្ណោះ ដោយសារវិបត្តិជំងឺកាចសាហាវនេះ។ សម្ដេច ហ៊ុន សែន បញ្ជាក់ដូច្នេះ៕ 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com