កីឡាជាតិ
ជាតិ
កីឡាករ និងកីឡាការិនី តៃក្វាន់ដូ ប្រមូលផ្ដុំហ្វឹកហាត់ ក្រោយធ្លាក់ចុះសមត្ថភាព ក្នុងបរិបទកូវីដ-១៩
20, Jan 2022 , 8:59 am        
រូបភាព
កីឡាតៃក្វាន់ដូ ITF រូបពីសហព័ន្ធកីឡាតៃក្វានដូ
កីឡាតៃក្វាន់ដូ ITF រូបពីសហព័ន្ធកីឡាតៃក្វានដូ
កីឡាករ និងកីឡាការិនី ២៧រូប កំពុងប្រមូលផ្ដុំហាត់ ជាមួយសហព័ន្ធកីឡាតៃក្វាន់ដូ ITF នៅកីឡដ្ឋានជាតិមរតកតេជោ ។ ពួកគេទាំងនេះ ត្រូវប្រជែងគ្នាយកកៅអី តំណាងឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេមលើក៣២ ឆ្នាំ២០២៣ ។ សហព័ន្ធ បានដាក់ទិសដៅខ្ពស់ថា នឹងយកមេដាយ១៥គ្រឿង ក្នុងការប្រកួតស៊ីហ្គេមនេះ ។


ដោយមើលឃើញការធ្លាក់ចុះសមត្ថភាព និងបច្ចេកទេសនោះ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតៃក្វាន់ដូ ITF កម្ពុជា បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និង ក្រសួងអប់រំ យុវជន និងកីឡា ប្រមូលផ្ដុំហ្វឹកហាត់ កីឡាករ និងកីឡាការិនី នៅកីឡដ្ឋានជាតិមរតកតេជោ ។ 
 
លោក កែវ រ៉េមី បានប្រាប់ថា ក្នុងអំឡុងពេលការរីករាលដាល នៃជំងឺកូវីដ-១៩នេះ កីឡាករ និងកីឡាការិនី ដោយសារ កីឡាករ កីឡាការិនី បានហ្វឹកហាត់តាមប្រព័ន្ធ Online ដោយខ្លួនឯង ដូច្នេះមិនមានការអភិវឌ្ឍទេ ។ ជាពិសេសធ្លាក់ចុះសមត្ថភាព និងបច្ចេកទេស រួមទាំងវិន័យផងដែរ។
 
ប្រធានសហព័ន្ធរូបនេះ បានណែនាំឲ្យកីឡាករ និងកីឡាការិនី យកចិត្តទុកដាក់ហ្វឹកហាត់ ដោយមានការពិនិត្យ និងបង្រៀនយ៉ាងដិតដល់ពីគ្រូជម្រើសជាតិ ។ 
 
លោក ហ៊ឹម ដារី គ្រូបង្វឹកជម្រើសជាតិ បានឲ្យដឹងថា មុនពេលរីករាលដាលកូវីដ-១៩ នេះ ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី មានការរីចម្រើនខ្លាំង ។ «យើងអាចធ្វើតេស្ដ បច្ចេកទេស និងសមត្ថភាពកីឡាករ តាមរយៈការប្រកួតថ្នាកជាតិ»។ នេះបើតាមលោក ដារី។
 
កីឡាករ និងកីឡាការិនី ទាំង២៧រូបនេះ ត្រូវហ្វឹកហាត់យ៉ាងម៉តចត់ ដើម្បីជម្រុះយកពួកគេ ទៅធ្វើជាតំណាងកម្ពុជា ត្រៀមការប្រកួតស៊ីហ្គេម ។
 
គួរបញ្ជាក់ដែរថា កីឡាតៃក្វាន់ដូ ITF មានដើមកំណើតពីឧបទ្វីបកូរ៉េ ដែលបង្កើតឡើងដោយ លោក ឧត្ដមសេនី Choi Hong Hi និងបាននាំចូលមកក្នុងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៦០ ។ កីឡាតៃក្វាន់ដូ ITF បានក្លាយជាកីឡាដែរមានសក្ដានុពលមួយ ដែលកម្ពុជាបានឈ្នះមេដាយមាស ជាច្រើនគ្រឿង ។ ក្នុងឆ្នាំ២០១៩ កីឡាតៃក្វាន់ដូ ITF កម្ពុជា ដណ្ដើមបាន មេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី ៕
 

Tag:
 តៃក្វាន់ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com