ជាតិ
សង្គមជាតិ
រដ្ឋ បញ្ចប់ការឧបត្ថម្ភប្រាក់ប្រចាំខែដល់កម្មកររោងចក្រ តែកម្មករវិស័យទេសចរណ៍ នៅទទួលបានដដែល
20, Jan 2022 , 9:27 am        
រូបភាព
កម្មកររោងចក្រចេញពីបំពេញការងារ។
កម្មកររោងចក្រចេញពីបំពេញការងារ។
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបិទបញ្ចប់ការឧបត្ថម្ភសាច់ប្រាក់ចំនួន៤០ដុល្លារក្នុង១ខែ ដល់កម្មកររោងចក្រក្នុងវិស័យកាត់ដេរ ចាប់ពីដើមឆ្នាំ២០២២នេះទៅ។ ចំណែក បុគ្គលិកក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិ-១៩ នៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភដដែល។

 
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងថា រដ្ឋាភិបាលសម្រេចបញ្ចប់ការផ្កល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ។ ការបិទបញ្ចប់នេះ គឺដោយសារស្ថានភាពគ្រប់គ្រងកូវីដ-១៩ នៅតាមរោងចក្រមានភាពប្រសើរឡើង។ 
 
ក្រសួងការងារ បានបញ្ជាក់ថា រោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្ដើមដំណើរការប្រក្រតីឡើងវិញ ហើយរដ្ឋាភិបាលក៏សម្រេចបញ្ចប់ការផ្ដល់ប្រាក់៤០ដុល្លារ ក្នុង១ខែសម្រាប់កម្មករ ដោយគិតចាប់ពីខែមករា ឆ្នាំ២០២២ទៅ។ ដោយឡែក កម្មករដែលព្យួរកិច្ចសន្យាក្នុងវិស័យទេសចរណ៍ នៅទទួលបានការឧបត្ថម្ភសាច់ប្រាក់ដដែល គឺរហូតដល់ស្ថានភាពវិស័យនេះ ធូរស្បើយឡើងវិញ។ 
 
កន្លងមក នៅអំឡុងពេលកូវីដ-១៩ កម្មកររោងចក្រដែលនៅតំបន់បិទខ្ទប់ក៏បានទទួលការឧបត្ថម្ភសាច់ពីរដ្ឋាភិបាលដែរ។ ជាមួយគ្នាដែរ គ្រួសារក្រីក្រនិងជនរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ បានទទួលប្រាក់ឧបត្ថម្ភប្រមាណ៧០ម៉ឺនគ្រួសារ ដោយក្នុង១ខែរដ្ឋចំណាយជាង៣០លានដុល្លារក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភ ដល់អ្នករងផលប៉ះពាល់ដោយសារកូវីដ-១៩៕
 

Tag:
 កម្មករ
  ឧបត្ថម្ភសាច់ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com