ជាតិ
តួបារាំងក្នុងរឿង «ទំនប់ទប់មហាសមុទ្រប៉ាស៊ីហ្វិក» ស្លាប់ដោយសារគ្រោះថ្នាក់ស្គីទឹកកក
20, Jan 2022 , 11:47 am        
រូបភាព
ប្រភពរូបថត៖ AFP និង Twitter លោក រិទ្ធី ប៉ាន់
ប្រភពរូបថត៖ AFP និង Twitter លោក រិទ្ធី ប៉ាន់
ដោយ: រួបរួម
លោក Gaspard Ulliel តួ Joseph ក្នុងរឿង «ទំនប់ទប់មហាសមុទ្រប៉ាស៊ីហ្វិក»  (The Sea Wall ឬ Un Barrage Contre le Pacifique) របស់លោក រិទ្ធី ប៉ាន់ សមិទ្ធករខ្មែ-បារាំង កាលពីឆ្នាំ២០១៨ បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ ក្រោយគ្រោះថ្នាក់ជិះស្គីទឹកកកនៅភ្នំ Alpes ភាគខាងត្បូងប្រទេសបារាំង។



Gaspard Ulliel បានបាត់បង់ជីវិតនារសៀលថ្ងៃទី១៩ ខែមករា បន្ទាប់ពីត្រូវបានដឹកបញ្ជូនភ្លាមៗតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ CHU ក្រុង Grenoble។ តារាភាពយន្តដ៏ល្បីល្បាញរបស់បារាំងរូបនេះ បានជួបគ្រោះថ្នាក់នៅពេលជិះស្គីទឹកកក ដោយបុកជាមួយអ្នកជិះម្នាក់ទៀត។

យោងតាមការផ្សាយរបស់ Le Monde លោក Gaspard Ulliel ស្ថិតក្នុងពេលលំហែរកាយជាមួយក្រុមគ្រួសារនៅស្ថានីយ៍កីឡា La Rosiere នៃដេប៉ាតឺម៉ង់ Savoie។ អ្នកនាំពាក្យម្នាក់ប្រចាំ La Rosiere បានអះអាងពីដំណើរការស៊ើបអង្កេតលើឧប្បត្តិនេះ។

កើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៨៤ នៅ Boulogne-Billancourt លោក Gaspard Ulliel មានឪពុកម្តាយ ជាអ្នកច្នៃ និងរចនាម៉ូដ។ គេបានប្រឡូកក្នុងភាពយន្តតាំងពីអាយុ១២ឆ្នាំ មកម្ល៉េះ។

ចាប់តាំងពីឆ្នាំ១៩៩៧ មក Gaspard Ulliel បានសំដែងជាបន្តបន្ទាប់ទាំងក្នុងខ្សែភាពយន្ត រឿងទូរទស្សន៍ និងល្ខោន។ នៅឆ្នាំ២០០៥ Ulliel បានឈ្នះពាន Cesar du Milleur Espoir Masculin ក្នុងរឿង Un Long Dimanche de Fiancailles, ឆ្នាំ២០១៧ ឈ្នះពានតួឆ្នើម Cesar du Meilleur Acteur ក្នុងរឿង Juste la Fin du Monde។

កាលពីឆ្នាំ២០០៧ លោក Gaspard Ulliel បានមកស្នាក់នៅកម្ពុជារយៈពេល៥ ខែ ដើម្បីថតខ្សែភាពយន្ត រឿង «ទំនប់ទប់មហាសមុទ្រប៉ាស៊ីហ្វិក» របស់សមិទ្ធករខ្មែរ-បារាំង លោក រិទ្ធី ប៉ាន់ ដែលដកស្រង់ចេញពីសៀវភៅរឿងរបស់អ្នកស្រី Marguerite Duras។

រឿង «ទំនប់ទប់មហាសមុទ្រប៉ាស៊ីហ្វិច» បង្ហាញពីជីវិតស្ត្រីជាម្នាក់ដែលបានប្រឹងរស់ទាំងលំបាកជាមួយកូនពីរនាក់ គឺសូសេហ្វ (២០ ឆ្នាំ) និងស៊ូហ្សាន (១៦ ឆ្នាំ) នៅឥណ្ឌូចិន ឆ្នាំ១៩៣១។ ស្ថិតនៅតាមឈូងសមុទ្រថៃ ហើយត្រូវបានចាត់ទុកជាឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ពួកគាត់ប្រឹងចាកចេញពីទីនោះ ដោយសារបានចំណាយធនធានជាច្រើនលើដីដែលលិចទឹក និងមិនអាចដាំដុះបាន។



លោក Gaspard Ulliel ដើរតួជា សូសេហ្វ។ ក្នុងអំឡុងពេលស្នាក់នៅ ថតភាពយន្តនៅកម្ពុជា Gaspard មានចរិក រួសរាយរាក់ទាក់ជាមួយក្រុមការងារទាំងអស់ មិនថាជាជនជាតិបារាំង ឬ ជនជាតិខ្មែរឡើយ»។ នេះជាការលើកឡើងរបស់លោក ជៀប សុវិជ្ជា សមាជិកក្រុមការងារម្នាក់ក្នុងដំណើរការថតរឿង «ទំនប់ទប់មហាសមុទ្រប៉ាស៊ីហ្វិច»។

តាមរយៈបណ្តាញសង្គម Twitter របស់ខ្លួន លោក រិទ្ធី ប៉ាន់ ចាត់ទុកមរណភាពរបស់លោក Gaspard ជាការសោកស្តាយដ៏ធំធេង។ លោកបានសរសេរថា៖ «គាត់ជាតារាសំដែងដ៏អស្ចារ្យម្នាក់ ជាមនុស្សដែលមានចិត្តសប្បុរស និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ»។

តារា និងឥស្សរជនល្បីៗ នៅបារាំង សុទ្ធតែបានសំដែងការសោកស្តាយចំពោះមរណភាពតារាភាពយន្តវ័យក្មេងរូបនេះ ក្នុងនោះមានទាំងលោកប្រធានាធិបតី Emmanuel Macron និងលោកនាយករដ្ឋមន្ត្រី Jean Castex ផងដែរ៕



Tag:
 ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com