ជាតិ
​​​ន​យោ​បាយ​ជាតិ​
អគ្គមេបញ្ជាការ បញ្ជាទ័ព ឲ្យបន្តទប់ស្កាត់ភេរវកម្ម និងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល
20, Jan 2022 , 1:22 pm        
រូបភាព
លោកឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ រូបពីក្រសួងការពារជាតិ
លោកឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ រូបពីក្រសួងការពារជាតិ
លោកឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ឲ្យកងទ័ពគ្រប់អង្គភាពយកទៅអនុវត្តសម្រាប់ឆ្នាំ២០២២។ ក្នុងចំណោមយុទ្ធសាស្រ្តទាំងនោះ មានយុទ្ធសាស្រ្តមួយ គឺលោក បញ្ជាឲ្យកងទ័ព បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម ទប់ស្តាត់អំពើភេរវកម្ម និង ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត។



លោក វង្ស ពិសេន ដាក់ចេញយុទ្ធសាស្រ្តនេះ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងាររបស់កងយោធពលខេមរភូមិន្ទប្រចាំឆ្នាំ២០២១ និងដាក់ទិសដៅអនុវត្តឆ្នាំ២០២២។ ប្រសាសន៍ និងយុទ្ធសាស្រ្តរបស់លោក ត្រូវបានដកស្រង់យកទៅចុះផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិ។

បន្តរៀបចំយុទ្ធសាស្រ្តការពារព្រំដែនកម្ពុជា រួមមាន ព្រំដែនគោក ព្រំដែនទឹក ព្រំដែនអាកាស, បន្តកែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យមានជំនាញនានា តាមបច្ចេកវិទ្យាយោធា ឲ្យមានលក្ខណៈស្របតាមយុទ្ធសាស្ដ្រការពារជាតិ, បន្តយកចិត្តទុកដាក់ការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយផ្ដោតសំខាន់លើសមត្តិភាព គុណភាព ពង្រឹងទស្សនៈមនសិកាស្នេហាជាតិ ការគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ លក្ខន្តិកៈ បទបញ្ជារបស់កងទ័ព, បន្តយកចិត្តទុកដាក់លើការងារជាម្ចាស់ផ្ទះ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ ទាំងនេះ សុទ្ធតែជាយុទ្ធសាស្រ្តរបស់អគ្គមេបញ្ជាការ ដែលដាក់ឲ្យកងទ័ពអនុវត្ត។

របាយការណ៍ប្រចាំឆ្នាំ២០២១ ដែលអានដោយឧត្ដមសេនីយ៍ទោ នឹម បាឡែន នាយកទីចាត់ការកលយុទ្ធនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា កងទ័ព ការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាព បូរណភាពដែនដី តាមរយៈការចេញល្បាតត្រួតពិនិត្បបង្គោលព្រំដែន ខ្សែខ័ណ្ឌសីម៉ាជាប់ជាប្រចាំ ព្រមទាំងសហការជាមួយកងទ័ពបណ្ដាប្រទេសជាប់ព្រំដែន ក្នុងការបង្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

របាយការណ៍ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២១ កងទ័ព ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការងារជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសកងទ័ព បានបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាពជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងបរិបទ ដែលប្រទេសជាតិ ជួបវិបតិ្តជំងឺកូវីដ-១៩៕

Tag:
 វង្ស ពិសេន
© រក្សាសិទ្ធិដោយ thmeythmey.com