ជាតិ
ប្រមុខការទូតបង់ក្លាដែស ស្នើឱ្យកម្ពុជា ជួយដោះស្រាយបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅមីយ៉ាន់ម៉ាវិញ
20, Jan 2022 , 3:33 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ជួបសន្ទនាគ្នាតាមខ្សែទូរសព្ទ កាលពីថ្ងៃទី១៨ មករា ២០២២។---
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ជួបសន្ទនាគ្នាតាមខ្សែទូរសព្ទ កាលពីថ្ងៃទី១៨ មករា ២០២២។---
ភ្នំពេញ៖ បង់ក្លាដែស ស្នើឱ្យកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ ជួយរកដំណោះស្រាយលើបញ្ហាជនភៀសខ្លួន នៅមីយ៉ាន់ម៉ា ។ សំណើនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស តាមខ្សែទូរសព្ទ កាលពីថ្ងៃទី១៨ មករា។


លោក អាប់ឌុល បានបញ្ជាក់ថា ជនភៀសខ្លួនពីរដ្ឋរ៉ាខាញ ប្រទេសមីយ៉ាន់ម៉ាជាច្រើន កំពុងជ្រកកោននៅប្រទេសបង់ក្លាដែស។ ដូច្នេះរដ្ឋមន្រ្តីការបរទេសបង់ក្លាដែសរូបនេះ អំពាវនាវឱ្យកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ក្នុងការនាំមកនូវដំណោះស្រាយប្រកបដោយនិរន្តរភាព ដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន ដោយមានភាពរហ័ស សុវត្ថិភាព និងភាពថ្លៃថ្នូរ។
 
ចំពោះបញ្ហាជនភៀសខ្លួនមីយ៉ាន់ម៉ានេះ លោក ប្រាក់ សុខុន បានអះអាងថា កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន នឹងបន្តគាំទ្រការពង្រីកតួនាទីអាស៊ាន តាមរយៈអគ្គលេខាធិការ និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)  ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។
 
​រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន សន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ តាមរយៈយន្តការអាស៊ាន ដើម្បីធានាដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរដ្ឋរ៉ាខាញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា។
 
ជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅក្នុងតំបន់ព្រំដែនបង់ក្លាដែស ក៏មានការរងទុក្ខបុកម្នេញខ្លះដែរ ដោយក្នុងនោះអាជ្ញាធរបង់ក្លាដែស បិទសាលារៀន និងហាងទំនិញលក់របស់ពួកគេ ក៏ដូចជាមានអគ្គិភ័យឆេះជំរុំភៀសខ្លួននេះ ម្ដងជាពីរដងផងដែរ។
 
ចាប់តាំងពីឆ្នាំ ២០១៧ ក្រោយក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើទុក្ខបុកម្នេញដល់ជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដោយប្រជាជនប្រមាណ ៨៥ ម៉ីននាក់ បានភៀសខ្លួនមករស់នៅក្នុងជំរំក្នុងស្រុក Cox's Bazar ស្ថិតតាមព្រំដែនបង់ក្លាដែស​។ ​
 
ក្រៅពីនិយាយពីរឿងជនភៀសខ្លួននេះ លោក អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ក៏បានស្នើឱ្យកម្ពុជាបន្តគាំទ្រសំណើរបស់ខ្លួន សុំធ្វើជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានដែរ។
 
លោក ប្រាក់ សុខុន យល់ព្រមតាមសំណើរនេះ។ តែប្រមុខការបរទេសកម្ពុជា បានស្នើឱ្យបង់ក្លាដែសពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងតំបន់៕
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com