កីឡាជាតិ
ជាតិ
ឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ខណៈកម្ពុជាចាត់ទុកថា ជាឱកាសល្អ
20, Jan 2022 , 4:35 pm        
រូបភាព
លោក យី វាសនា រូបពី Camsoc
លោក យី វាសនា រូបពី Camsoc
ឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ជំនួសប្រទេសវៀតណាម ក្រោយការបោះឆ្នោតពីក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ។ កម្ពុជា ចាត់ទុកថាការធ្វើជាម្ចាស់ផ្ទះរបស់ឥណ្ឌូណេស៊ី គឺជាឱកាសល្អ របស់កម្ពុជា ក្នុងការដកស្រង់បទពិសោធន៍ ក៏ដូចជាការមើលលើការប្រកួតជាក់ស្ដែងរបស់ជម្រើសជាតិ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។


ប្រទេសវៀតណាម បានលុបចោលការងារធ្វើជាម្ចាស់ផ្ទះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ កាលពីឆ្នាំ២០២១ ដោយសាររងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ ។ លោក យី វាសនា ប្រធានក្រុមប្រឹក្សាកីឡាជនពិការអាស៊ាន បានចាត់ទុកថា នេះគឺជាឱកាសដ៏ល្អ សម្រាប់អត្តពលិកពិការ និងមន្ត្រីបច្ចេកទេសកម្ពុជា សម្រាប់ត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ។
 
អគ្គលេខាធិការរូបនេះ បន្ថែមថា កម្ពុជា នឹងបញ្ជូនអត្តពលិកពិការ ចូលរួមប្រកួតប្រជែង ដើម្បីកសាងសមត្ថភាពបន្ថែម ក្នុងការប្រកួតកីឡាជនពិការអាស៊ាន នៅឥណ្ឌូនេស៊ី ។
 
លោក យី វាសនា បន្ថែមថា បើមានការប្រកួតអន្ដរជាតិកាន់តែច្រើន ជាឱកាសល្អរបស់ កីឡាករ និងកីឡាការិនីពិការកម្ពុជា ដកស្រងបទពិសោធន៍ ជាពិសេសសង្ឃឹមច្រើនក្នុងការយកមេដាយ នៅក្នុងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
 
«អ្វីដែលសំខាន់ ខ្ញុំជឿជាក់ថា ការចូលរួមរបស់កម្ពុជា គឺជាការលើកទឹកចិត្តមួយ ដល់បណ្តាប្រទេសអាស៊ាន និងបង្ហាញថា កម្ពុជាបានស្វះស្វែង ទាំងការដឹកនាំផង ទាំងការចូលរួមផង ។ ដូច្នេះកម្ពុជា នឹងមានឥទ្ធិពលច្រើនដោយយើងរំពឹងថា គេនឹងអាចជួយជ្រោមជ្រែងអស់ពីចិត្ត ពីបណ្តាប្រទេសនានា ក្នុងអាស៊ាន ពេលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្របពេលដែលកម្ពុជា បើកចំហបេះដូង សម្រាប់ការខិតខំចូលរួមមិនខ្លាចការនឿយហត់នេះ»។ នេះបើតាមហ្វេសប៊ុកគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលបានស្រង់សម្តី លោក យី វាសនា។
 
បើតាមអគ្គលេខាធិការរូបនេះ កីឡាករ និងកីឡាការិនីពិការកម្ពុជា កំពុងហ្វឹកហាត់បិទខ្ទប់(ប្រមូលផ្ដុំហ្វឹកហាត់) បានច្រើនប្រភេទកីឡា ដើម្បីត្រៀមប្រកួតលើព្រឹត្តិការណ៍ជាតិ ​និងអន្ដរជាតិនានា ក្រោមការទំនុកបម្រុងពីក្រសួងអប់រំយុវជន និងកីឡា។
 
ប្រទេសឥណ្ឌូណេស៊ី នឹងត្រូវរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ចាប់ពីថ្ងៃទី២០-៣១ ខែកក្កដា ឆ្នាំ២០២២ ដែលមានកីឡា១៣ប្រភេទ នៅទីកន្លែងផ្សេងៗគ្នា ជុំវិញទីក្រុង Solo ។
 
គួរបញ្ជាក់ថា ការលុបចោលអាស៊ានប៉ារ៉ាហ្គេមនេះ មាន២លើកហើយ ដោយក្នុងនោះ ហ្វីលីពីន លុបចោល កាលពីឆ្នាំ២០១៩ និងវៀតណាម លុបចោលនៅឆ្នាំ២០២១។ ដូច្នេះហើយ ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន បានសម្រេចឲ្យឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com