ជាតិ
កំពង់ផែទេសចរណ៍កោះទន្សាយ តម្លៃជាង១លានដុល្លារ ត្រូវបានដាក់ដំណើរការ
20, Jan 2022 , 7:59 pm        
រូបភាព
កំពង់ផែទេសចរណ៍កោះទន្សាយ ។ រូបភាព៖ រដ្ឋបាលខេត្តកែប
កំពង់ផែទេសចរណ៍កោះទន្សាយ ។ រូបភាព៖ រដ្ឋបាលខេត្តកែប
ដោយ:
ដោយ៖ ជឿន ស្រីណយ រដ្ឋបាលខេត្តកែប បានដាក់ឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍កោះទន្សាយ តម្លៃជាង ១លានដុល្លារអាម៉េរិក នៅថ្ងៃទី១៩មករា ឆ្នាំ២០២២។ កំពង់ផែទេសចរណ៍នេះ សាងសង់ឡើងក្នុងគោលបំណងជំរុញការរដើរកម្សាន្តតាមកោះរបស់ទេសចរជាតិ និងទាក់ទាញភ្ញៀវអន្តរជាតិពីប្រទេសវៀតណាម និងថៃ។

 
រដ្ឋបាលខេត្តកែបបានសម្រេចដាក់ឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍កោះទន្សាយស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដើម្បីបម្រើផលប្រយោជន៍ទេសចរណ៍និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាជនមូលដ្ឋាន តាមរយៈការដើរកម្សាន្តរបស់ភ្ញៀវទេសចរ។
 
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបកំពង់ផែទេសចរណ៍កោះទន្សាយ អាចទទួលនាវាដឹកទេសចរ ក្រោម ៣០០នាក់។ លោក សោម ពិសិដ្ឋ ប្រាប់សារព័ត៌មានThmeyThmey25 ថាកំពង់ផែទេសចរណ៍កោះទន្សាយ មិនត្រឹមតែជំរុញទេសចរផ្ទៃក្នុងតែកំពង់ផែនេះក៏ជាទីតាំងសម្រាប់ជំរុញការធ្វើដំណើររបស់ទេសចរ ពីប្រទេសថៃនិងវៀតណាមផងដែរ។ 


 លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប

« កំពង់ផែកោះទន្សាយនេះជាផែទេសចរណ៍ដែលមានសក្តានុពលពង្រីកមូលដ្ឋានអាជីវកម្មទេសចរណ៍និងដឹកជញ្ជូនបងប្អូនទេសចរទៅតាមបណ្ដាកោះជាពិសេសគឺកោះទន្សាយ។…កំពង់ផែនេះអាចទទួលទេសចរណ៍បានគ្រប់ទិសទី។
 
ខ្ញុំសង្ឃឹមថាកំពង់ផែនេះ នឹងអាចពង្រីកសក្តានុពលបន្ថែមទៀតដោយរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធនឹងគិតអំពីការដឹកភ្ញៀវទេសចរក្នុងតំបន់ពីប្រទេសវៀតណាម»។ នេះជាការបញ្ជាក់របស់លោក សោម ពិសិដ្ឋ។ 


 
ជាមួយគ្នានេះដែរ លោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែកោះទន្សាយថាការដាក់ឱ្យប្រើប្រាស់កំពង់ផែកោះទន្សាយ អំឡុងកម្ពុជាបើកទទួលទេសចរនឹងអាចទាក់ទាញភ្ញៀវទេសចរដើរកម្សាន្ត តាមបណ្តាកោះ កាន់តែច្រើនឡើងថែមទៀត។
 
សូមជម្រាបផងដែរថាកំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវបានជួសជុលឡើងវិញ កាលពីខែធ្នូ ឆ្នាំ២០១៩និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២១។ កំពង់ផែនេះមានរាងជាសំបកក្ដាម  ដែលមានដៃមានទំហំ ៣៤៧០ម៉ែត្រការ៉េ , ផ្លូវចូលប្រវែង១០០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងអាគាររង់ចាំ ទំហំ ១០ម៉ែត្រ គុណ៣០ម៉ែត្រ៕


 
 

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com