ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទេសវៀតណាម គាំទ្រមេដឹកនាំកម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ា
20, Jan 2022 , 8:59 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក បួយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២
ជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក បួយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២
ក្នុងជំនួបផ្ទាល់មុខជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោក បួយ ថាញ់សឺន (Bùi Thanh Sơn) សាទរដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក របស់សម្តេច។ 

 
លោក បួយ ថាញ់សឺន ចាត់ទុកដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា នៅមីយ៉ាន់ម៉ា ថាមានសារៈសំខាន់សម្រាប់ការងារអាស៊ាន ហើយលោក គាំទ្រចំពោះសកម្មភាពរបស់មេដឹកនាំកម្ពុជា ក្នុងការចូលរួមចំណែកជួយដល់មីយ៉ាន់ម៉ា។ លោក បន្ថែមថា វៀតណាម នឹងធ្វើអ្វីតាមដែលខ្លួនអាចធ្វើទៅបាន ដើម្បីគាំទ្រកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យទទួលបានភាពជោគជ័យ។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា តបថា អាស៊ាន មានការងារជាច្រើន ដែលត្រូវធ្វើ ពោលគឺ មិនមែនមានតែរឿងមីយ៉ាន់ម៉ានោះទេ។ មេដឹកនាំកម្ពុជា បញ្ជាក់ថា៖«អាស៊ាន មិនមែនជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាឡើយ តែយើង នៅតែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា»។
 
កាលពីថ្ងៃទី៧ និងថ្ងៃទីទី៨ ខែមករា ឆ្នាំ២០២២ មេដឹកនាំកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួយស្វែងរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា ដែលកំពុងធ្លាក់ក្នុងជម្លោះកាន់តែខ្លាំងទៅៗរវាងប្រជាពលរដ្ឋ និងពួកយោធា។ ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ា របបយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងប្រទេសតាមរយៈការធ្វើរដ្ឋប្រហារ បានសម្រេចពន្យារបទឈប់បាញ់មួយរយៈបន្ថែមទៀត គឺពន្យាររហូតដល់ចុងឆ្នាំ២០២២។ ថ្វីបើរបបយោធា សម្រេចពន្យារបទឈប់ក្តី តែជាក់ស្តែង គេ នៅតែឃើញការបាញ់គ្នានៅមីយ៉ាន់ម៉ាដដែល។ 
 
ក្រៅពីបញ្ហាអាស៊ាន និង បញ្ហាមីយ៉ាន់ម៉ា ភាគីទាំងពីរ ក៏បានជជែកគ្នាពីប្រទេសរបស់ខ្លួនផងដែរ ដូចជា កិច្ចការព្រំដែន ជាអាទិ៍។ លោក បួយ ថាញ់សឺន លើកឡើងថា 
កម្ពុជា-វៀតណាម នឹងបន្តជំរុញកិច្ចសហការជាមួយគ្នា ដើម្បីធ្វើឲ្យព្រំដែនប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព។ រីឯ សម្តេច ហ៊ុន សែន ថ្លែងថា 
អ្វីដែលប្រជាជននៃប្រទេសទាំងពីរ បានទទួលផលពីគ្នាទៅវិញទៅមក គឺការមានព្រំដែនប្រកបដោយសុខសន្តិភាព។ 
 
បន្ទាប់ពីជួបសម្តេច ហ៊ុន សែន លោក បួយ ថាញ់សឺន ក៏បន្តទៅជួបលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកជនពិសេស សម្រាប់ការចរចាស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសវៀតណាម បំពេញទស្សនកិច្ចនៅកម្ពុជាពីរថ្ងៃ គឺថ្ងៃទី១៩ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ៕ 
 

Tag:
 ហ៊ុន សែន
  Bùi Thanh Sơn
  កម្ពុជា-វៀតណាម
  បញ្ហាមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com