ជាតិ
មីក្រូហិរញ្ញវត្ថុ៖ តើវិបត្តិមានពិតមែនឬទេ? បើពិតជាមានមែន តើវាចប់ហើយឬនៅ?
21, Jan 2022 , 8:59 am        
រូបភាព
ដោយ Christian Berger

បើសិនជាលោកអ្នកបានអានព័ត៌មានទាក់ទងទៅនឹងវិស័យមីក្រូហិរញ្ញវត្ថុមួយរយៈចុងក្រោយនេះ លោកអ្នកប្រហែលអាចគិតថា គ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រង និងអាចឈានទៅគិតថា អ្វីៗនឹងកាន់តែប្រសើរឡើងទៀតផង។ ដោយឡែក អ្នកខ្លះទៀតអាមិនបារម្ភទេ ព្រោះគេគិតថា វិស័យមីក្រូហិរញ្ញវត្ថុនឹងលែងមានសារសំខាន់ទៀតហើយក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែយ៉ាងណាមិញ ខ្ញុំមិនយល់ស្របជាមួយចំណុចទាំងពីរខាងលើនេះទេ។ នេះក៏ដោយសារ មិនមែនអ្វីគ្រប់យ៉ាងក្នុងវិស័យមីក្រូហិរញ្ញវត្ថុសុទ្ធត្រូវបានគ្រប់គ្រងនោះឡើយ ហើយវិស័យនេះក៏នឹងមិនទាន់ទៅណាដែរក្នុងពេលអនាគតដ៏ខ្លី។


ត្រង់ចំណុចនេះ ខ្ញុំសូមទាញចំណាប់អារម្មណ៍របស់លោកអ្នកឱ្យមកមើលចំណុចជាក់ស្តែងខាងកក្រោមទាំងនេះ៖
វិស័យមីក្រូហិរញ្ញវត្ថុក៏ដូចវិស័យធនាគារជាទូទៅ បានប្រឈមនឹងកំណើននៃការខកខានសងបំណុលច្រើន ដែលបណ្តាលមកពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារកូវីដ១៩។ អាចនិយាយបានថា ម្ចាស់អាជីវកម្ម និងគ្រួសារពលរដ្ឋជាច្រើនជួបបញ្ហាធ្ងន់ធ្ងរ។ តួរលេខនៃអ្នកទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរមានប្រមាណកន្លះលាននាក់។ ក្រោមការជួយជ្រោមជ្រែងរបស់ធនគារជាតិកម្ពុជា មធ្យោបាយដោះស្រាយបញ្ហាហិរញ្ញវត្ថុសម្រាប់ពួកគាត់ គឺការរៀបចំឥណទានឡើងវិញជាទ្រង់ទ្រាយធំប្រមាណ ២០ភាគរយនៃទីផ្សារឥណទានទាំងមូល។ បើទោះបីជា បទពិសោធរបស់អាជ្ញាធរ និងវិស័យធនាគារកម្ពុជានៅមានកម្រិតបើធៀបជាមួយទំហំនៃការរងឥទិ្ធពលសេដ្ឋកិច្ចពីខាងក្រៅ យើងនៅតែអាចនិយាយបានថា វិបត្តិធ្ងន់ធ្ងរទំហំនេះត្រូវបានគ្រប់គ្រងបានល្អហើយ។ ការរៀបចំឥណទានឡើងវិញទាំងមូលទទួលបានជោគជ័យ ទោះជាមិនបានគ្រប់ករណី និងសម្រាប់គ្រប់បុគ្គលក៏ដោយ។
 
ក្នុងដំណាក់កាលនេះ យើងគួរមើលលើពីរចំណុច៖ ទីមួយស្ថិរភាពសម្រាប់ពេលបច្ចុប្បន្ន គឺជាលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងក្នុងការដាក់ចេញវិធានការរបស់ធនាគារជាតិ ដើម្បីរក្សារស្ថិរភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុ។ ទីពីរ ការរិះគន់ពីអង្គការសិទ្ធិស៊ីវិលមិនទាន់ចប់នៅឡើយទេ។ ដូចនេះវាដូចជាសមហេតុផលក្នុងការពិភាក្សារចំណុចទាំងពីរខាងក្រោម៖
ជាដំបូង តើអ្វីជាចំណុចចាំបាច់សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា? ឥណទានមីក្រូដែលជាផលិតផលសំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុ នឹងក្លាយជាចំណុចសំខាន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាជីវកម្មខ្នាតតូច។ ម្ចាស់អាជីវកម្មជាច្រើននឹងត្រូវការដើមទុនពីប្រភពខាងក្រៅ ដើម្បីធ្វើអាជីវកម្មពេញលេញឡើងវិញ។ ម្ចាស់អាជីវកម្មសឹងតែទាំងអស់អាចនឹងមិនមានថវិកាគ្រប់គ្រាន់ដើម្បីវិនិយោគជាថ្មីទៅលើស្តុកឥវ៉ាន់ សម្ភារៈ ឬឧបករណ៍ថ្មីឡើយ ដ្បិតថា ប្រាក់សន្សំរបស់ពួកគេភាគច្រើនត្រូវបានយកមកប្រើប្រាស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនៃវិបត្តិកូវីដ១៩នេះ។ ទិន្នន័យស្រាវជ្រាវបឋមថ្មីៗនេះបានបញ្ហាញថា ប្រហែលជាបីភាគបួននៃឥណទានមីក្រូហិរញ្ញវត្ថុក្នុងអំឡុងវិបត្តិនេះគឺត្រូវបានប្រើប្រាស់សម្រាប់អាជីវកម្ម។ ដូច្នេះ ករណីមួយនេះអាចបង្ហាញថាមីក្រូហិរញ្ញវត្ថុចាំបាច់ត្រូវពង្រឹងបន្ថែម មិនមែនបោះបង់ចោលឡើយ។
 
ចំណុចទីពីរ តើវិបត្តិនេះបានបង្ហាញពីបញ្ហាបុគ្គលដែលមានច្រើនករណី ឬក៏បញ្ហាប្រព័ន្ធទាំងមូល? បើសិនជាបណ្តាលមកពីបញ្ហាដែលកើតឡើងជាប្រព័ន្ធ តើវាអាចដោះស្រាយបានដែរឬយ៉ាងណា?
 
អំឡុងពេលដែលមានវិបត្តិ អង្គការសង្គមស៊ីវិលបានរក្សារជំហររបស់ពួកគេដោយលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុបានអនុវត្តការផ្តល់កម្ចីដោយគ្មានការទទួលខុសត្រូវ ដែលបង្កឱ្យឥណទានជាប់គាំង និងនាំឱ្យពលរដ្ឋលក់ដីធ្លីដើម្បីដោះបំណុលដែលនៅសេសសល់។ ពួកគេបានទាមទារឱ្យអ្នកវិនិយោគអន្តរជាតិ (អ្នកផ្តល់ប្រាក់កម្ចីដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីឱ្យពួកគេផ្តល់ប្រាក់កម្ចីដល់អាជីវកម្មនៅកម្ពុជា) ឈប់គាំទ្រវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាទៀត។ ទោះបីជា ខ្ញុំបានដឹងពីសារៈសំខាន់នៃមតិទាំងនេះក៏ដោយ ខ្ញុំសូមមិនយល់ស្របជាមួយចំណុចខ្លះៗនៃការវិភាគ និងការសន្និដ្ឋាននេះ៖
 
ការបញ្ឈប់មីក្រូហិរញ្ញវត្ថុនៅកម្ពុជាអាចនឹងក្លាយជាមហន្តរាយសម្រាប់ការងើបឡើងវិញរបស់អាជីវកម្មខ្នាតតូចក្រោយវិបត្តិ។ ការនិយាយថា ស្ថាប័នឥណទានមួយចំនួនមានចេតនាបង្ករឱ្យមានឥណទានដែលបរាជ័យនោះ ក៏វាមិនអាចទៅរួចដែរ។ ចំណុចនេះមិនសមហេតុផល ព្រោះថា ពួកគេក៏ទទួលរងការខាតបង់។ យ៉ាងណាមិញ អង្គការសង្គមស៊ីវិលប្រហែលជាត្រូវលើកចំណុចនេះ៖ ទោះបីជាធនាគារនីមួយៗចង់រក្សាផលប័ត្រឥណទានរឹងមាំក៏ដោយ តែសកម្មភាពទាំងអស់ជារួមរបស់ភាគីផ្សេងៗគ្នាអាចជះឥទ្ធិពលអាក្រក់ និងធ្វើអោយមានការផ្តល់ប្រាក់កម្ចីមិនល្អទៅកាន់អតិថិជន។  ប៉ុន្តែការទាមទារវិនិយោគិនអន្តរជាតិបញ្ឈប់សកម្មភាព មិនមែនជាដំណោះស្រាយទេ ព្រោះថា វានឹងអាចធ្វើឱ្យអ្នកផ្តល់ប្រាក់កម្ចីក្រៅប្រព័ន្ធ ឆ្លៀតឱកាសកេងចំណេញច្រើនថែមទៀត។ ផ្ទុយទៅវិញ វិស័យនេះត្រូវការក្របខណ្ឌ និងបទបញ្ញត្តិរឹងមាំ ការត្រួតពិនិត្យលើការអនុវត្តដែលអនុលោមតាមច្បាប់ និងដំណោះស្រាយឆ្លើយតបនឹងចំណុចខ្វះខាតនាពេលកន្លងមក ដើម្បីធានាថា ដំណោះស្រាយពិតជាអាចកំណត់ឬសគល់នៃបញ្ហាបានជាក់ច្បាស់។
 
តាមទស្សនៈរបស់ខ្ញុំ ឧបសគ្គទាំងអស់ស្ថិតនៅជុំវិញបញ្ហាស្នូលចំនួនបីដែលទាមទារដំណោះស្រាយដូចខាងក្រោម៖
ចំណុចទីមួយគឺ អ្នកផ្តល់ប្រាក់កម្ចីមីក្រូទាំងអស់គួរតែសម្រេចផ្តល់ប្រាក់កម្ចីផ្អែកលើការវាយតម្លៃយ៉ាងហ្មត់ចត់លើលំហូរសាច់ប្រាក់របស់អ្នកខ្ចី និងគ្រួសាររបស់គេ។ នេះសំដៅទៅលើការវាយតម្លៃពីលទ្ធភាពជាក់ស្តែងក្នុងការបង់ប្រចាំខែ ទោះក្នុងស្ថានភាពបែបណាក៏ដោយ។ នេះមានន័យថា ការសម្រេចផ្តល់ឥណទានផ្អែកទៅលើការវិភាគចំណូលចំណាយរបស់បុគ្គល មិនមែនផ្អែកទៅលើទ្រព្យសម្បត្តិដែលគេមាននោះឡើយ។
 
ជាមួយគ្នានេះផងដែរ ការទាមទាររបស់អង្គការសង្គមស៊ីវិលដែលមិនឱ្យមានការប្រើប្រាស់ដីជាវត្ថុបញ្ចាំ ក៏មិនមែនជាដំណោះស្រាយវែងឆ្ងាយដែរ។ នៅក្នុងទីផ្សារសេដ្ឋកិច្ចអភិវឌ្ឍទាំងអស់ ការប្រើប្រាស់អចលនវត្ថុជាវត្ថុបញ្ចាំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធឥណទាន។ អ្វីដែលកម្ពុជាត្រូវការគឺបទបញ្ញត្តិមួយដែលមិនលើកទឹកចិត្តឱ្យយកវត្ថុបញ្ចាំជាចំណុចចម្បង ដែលវាជាដើមហេតុនាំឱ្យមានការរឹបអូសដីធ្លី ឬទ្រព្យសម្បត្តិផ្សេងៗពីអតិថិជន។
 
ចំណុចទីពីរ គឺ ច្បាប់គួរយកចិត្តទុកដាក់ទៅលើការលើកទឹកចិត្តក្នុងការផ្តល់ឥណទានរបស់មីក្រូហិរញ្ញវត្ថុដែលផ្តោតលើតុល្យភាពនៃហានិភ័យ និងកំណើនផលប័ត្រដែលមានឥណទានល្អ។ ឧទាហរណ៍ អ្វីដែលកើតមានស្រាប់ក្នុងមីក្រូហិរញ្ញវត្ថុគឺ៖ ការផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមទៅដល់មន្ត្រីឥណទានត្រូវផ្អែកលើគុណភាពនៃបញ្ជីឥណទានរបស់គេ ជាជាងចំនួនឥណទានដែលគេបានផ្តល់។ ការលើកកម្ពស់ចំណេះដឹងនៅក្នុងស្ថាប័នត្រូវតែមានការគាំទ្រ។  លើសពីនេះទៀត ប្រាក់លើកទឹកចិត្តសម្រាប់ការគ្រប់គ្រងគួរផ្តល់ជូនតាមការបង្កើនគុណភាព និងការលើកកម្ពស់ស្ថាប័នក្នុងរយៈពេលមធ្យម ដោយមិនមើលតែប្រាក់ចំណេញក្នុងពេលបច្ចុប្បន្នតែមួយមុខនោះទេ ព្រោះថា វាអាចធ្វើឱ្យមានការសម្រេចចិត្តផ្តោតតែលើលទ្ធផលក្នុងរយៈពេលខ្លី។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀតនោះគឺហានិភ័យនៃការប្រមូលប្រាក់បំណុលវិញដោយគ្មានទំនួលខុសត្រូវ ដែលពេលខ្លះ បញ្ហានេះមិនកើតចេញពីកត្តាផ្លូវការនោះឡើយ។ ឧទាហរណ៍ ការទទួលរងសម្ពាធខ្លាំងពីមន្រ្តីឥណទាន អាចបង្ខំអ្នកខ្ចីឱ្យឈានទៅរលក់ដីធ្លី ទោះបីជាដីដែលពួកគាត់លក់នោះមិនមែនជាវត្ថុបញ្ចាំក៏ដោយ។ ទោះបីជាមានច្បាប់តឹងរ៉ឹង និងវិធានការលើកទឹកចិត្តដែលល្អក៏ដោយ ក៏ការផ្តល់ប្រាក់កម្ចីដែលមិនមានទំនួលខុសត្រូវនៅតែអាចកើតមានឡើង។ ហេតុនេះទើបការត្រួតពិនិត្យដោយមីក្រូហិរញ្ញវត្ថុខ្លួនឯងផ្ទាល់ និងអ្នកអនុវត្ថច្បាប់គឺជាគន្លឹះសំខាន់។
 
ចំណុចទីបីគឺ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាត្រូវការតម្លាភាពក្នុងលក្ខខណ្ឌឥណទានច្រើនជាងមុន ដើម្បីការពារអតិថិជនពីឥណទានដែលពួកគេមិនមានលទ្ធភាពរ៉ាប់រង។ ការកំណត់អត្រាការប្រាក់តែមួយមុខមិនគ្រប់គ្រាន់ឡើយ។ ឆ្លងតាមបទពិសោធន៍កន្លង យើងមើលឃើញថា អ្នកផ្តល់ប្រាក់កម្ចីអាចនឹងបង្កើត និងគិតថ្លៃសេវាផ្សេងទៀតទាក់ទងទៅនឹងឥណទាន ដែលវាធ្វើអោយមានផលវិបាកក្នុងការដឹងពីទំហំនៃចំណាយពិតប្រាកដនៃឥណទាន ជាពិសេសក្នុងករណីដែលចំណេះដឹងលើឥណទានរបស់អ្នកខ្ចីនៅមានកម្រិត។ ហើយក្រៅពីនេះទៀត ខ្ញុំសង្ឃឹមថាមិត្តអ្នកអានមួយចំនួនដែលមានសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចនឹងយល់ស្របថាការចេញច្បាប់កំណត់តម្លៃមិនដែលមានប្រសិទ្ធភាពស្ទើរតែគ្រប់ករណីទៅហើយក្នុងប្រវត្ថិសាស្រ្តសេដ្ឋកិច្ចកន្លងមក។
 
ជាចុងក្រោយ ខ្ញុំសូមលើកយកសារសំខាន់នៃអង្គការសង្គមស៊ីវិលទាក់ទងទៅនឹងការគ្រប់គ្រងវិបត្តិនេះ ក៏ដូចជារួមចំណែកការពារអនាគតឱ្យរឹងមាំ។ នៅពេលដែលទំហំនៃវិបត្តិកូវីដ១៩ កំពុងកើនឡើង ការចេញសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំង១០៨ នេះហើយបានក្លាយជាការជំរុញឱ្យមានសកម្មភាពជាបន្តបន្ទាប់ក្នុងការជួយរក្សាលំនឹងជីវភាពរបស់អ្នកជាប់បំណុលព្រមទាំងគ្រួសាររបស់ពួកគេរាប់សែននាក់ និងឈានទៅបង្កើតវិធានការរក្សាលំនឹងប្រព័ន្ធធនាគារ។ អង្គការសង្គមស៊ីវិលបានទាញយកចំណាប់អារម្មណ៍ទៅលើបញ្ហាទាក់ទងទៅនឹងករណីដែលការខ្ចីប្រាក់មិនបានផ្តល់ផលប្រយោជន៍សម្រាប់អ្នកខ្ចី។ អ្វីដែលយើងត្រូវស្វែងយល់បន្តទៀតនោះគឺ តើករណីទាំងនេះជាករណីដែលកើតឡើងដាច់ដោយឡែកពីគ្នា ឬក៏ករណីទាំងនេះបានលាតត្រដាងពីបញ្ហាដែលកើតឡើងជាប្រព័ន្ធ។
 
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាជាប់បំណុលមីក្រូហិរញ្ញវត្ថុខ្ពស់បំផុត។ វាឆ្លុះបង្ហាញពីកម្រិតទាបនៃអក្ខកម្មផ្នែកឥណទាន។ ដើម្បីឈានទៅកសាងបានប្រព័ន្ធមីក្រូហិរញ្ញវត្ថុមួយដែលមានសុវត្ថិភាព ចំណេះដឹងខ្ពស់លើឥណទានមានសារៈសំខាន់ដូចគ្នាទៅនឹងក្របខណ្ឌច្បាប់ល្អដែរ។ នេះមានន័យថា ដើម្បីទទួលបានការជោគជ័យ ការចូលរួមពីអង្គការសង្គមស៊ីវិលក្នុងវិស័យនេះ មានសារសំខាន់ណាស់។ 
 
សរុបសេចក្តីមក បុគ្គលគ្រប់រូបរួមទាំងធនាគារ អាជ្ញាធរ និងអង្គការសង្គមស៊ីវិលគួរចាប់ដៃគ្នាវិភាគ និងប្រើប្រាស់ទិន្នន័យទាំងអស់ដែលមានដើម្បីឈានទៅបើកកិច្ចពិភាក្សា កែតម្រូវច្បាប់ឥណទានដែលមានស្រាប់ និងរៀបចំប្រព័ន្ធមួយដែលអាចធានាបាននូវការគោរពច្បាប់ ក៏ដូចជាចាប់ដៃគ្នាក្នុងការពង្រឹងអក្ខរកម្មផ្នែកឥណទានជារួមផង។ ជាការរួមចំណែកក្នុងការជជែកពិភាក្សាលើប្រធានបទដ៏ស្មុគស្មាញមួយនេះ ហើយក៏ស្របពេលដែលវិបត្តិកូវីដ១៩ស្ថិតក្រោមការគ្រប់គ្រងផង ភាគីអាល្លឺម៉ង់បានចាប់ផ្តើមការសិក្សាស្រាវជ្រាវវាយតម្លៃផ្ទាល់ទៅលើឥទ្ធិពលនៃមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចាប់ពីដើមឆ្នាំ២០២២ នេះ។
 
ខ្ញុំដឹងច្បាស់ថាប្រធានបទដែលខ្ញុំជ្រើសយកមកជជែកពិភាក្សានេះមិនមែនជាប្រធានបទមួយងាយស្រួលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំយល់ថា ការសហការគ្នាដើម្បីធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុរឹងមាំ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកខ្ចីប្រាក់រាប់សែននាក់ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
លោក Christian Berger គឺជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។
 

© រក្សាសិទ្ធិដោយ thmeythmey.com