កីឡាជាតិ
ជាតិ
លោក ជា ច័ន្ទបរិបូណ៍៖កីឡាអេឡិចត្រូនិក មិនមែនជា Games ទេ
21, Jan 2022 , 7:59 am        
រូបភាព
ជា ច័ន្ទបរិបូណ៍
ជា ច័ន្ទបរិបូណ៍
កីឡាអេឡិចត្រូនិក (E-Sports) មិនមែនជា Games ទេ។ លោក ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារពត៌មាន ស្ដីពីដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣១ នាថ្ងៃទី២០ ខែមករា នៅសណ្ឋាគារ Raffles Hotel Le Royal ។


លោក លោក ជា ច័ន្ទបរិបូណ៍ បានបញ្ជាក់ពីភាពខុសគ្នារវាងកីឡាអេឡិចត្រូនិក និងហ្គេមកម្សាន្ត ។  លោក ថាហ្គេមកម្សាន្តជាល្បែងបែបស៊ីសង ខណៈ កីឡាអេឡិចត្រូនិក គឺជាការលេង ដែលប្រកបដោយ Fair-play វិន័យ និង សាមគ្គីភាព ។
 
ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារូបនេះ បានថ្លែងក្នុងសន្និសីទដូច្នេះថា៖«E-sports មិនដូចគ្នាទាំងស្រុង និងពាក្យថាGames នោះទេ  ។ Games អាចដូចជាល្បែងស៊ីសង ។ E-sports ត្រូវមានការប្រកួត ប្រកបដោយFair Play និងវិន័យនៅក្នុងការប្រកួត ដូចគ្នាក្នុងការប្រកួតកីឡាផ្សេងដែរ ជាពិសេស កីឡានេះ ត្រូវមានសាមគ្គីភាពជាមួយសមាជិក ដើម្បីយកឈ្នះក្នុងការប្រកួត»។ 
 
មួយវិញទៀត កីឡាករអេឡិចត្រូវនិក ក៏ត្រូវការមានចំណេះដឹងទូទៅផងដែរ។ នេះបើតាម ប្រធានសហព័ន្ធរូបនេះ ។លោក ជា ច័ន្ទបរិបូណ៍ បន្ថែមថា៖«កីឡាមិនមែនជាការភ្នាល់គ្នាទេ» ។ 
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក បានបញ្ជាក់ថា អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ មានការប្រកួតអនឡាញអន្ដរជាតិជាច្រើន តាមរយៈការស្នើរបស់សហព័ន្ធកីឡា​អេ​ឡិច​ត្រូនិកអាស៊ីអាគ្នេយ៍ (SEAEF) ។
 
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសជម្រើសជាតិ តាមរយៈកីឡាករល្អ និងជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤  ដើម្បីធ្វើជាតំណាងឲ្យកម្ពុជា ប្រកួតស៊ីហ្គេម ។ កីឡាករ ត្រូវមានអាយុ១៨ ឆ្នាំឡើងទៅ ។ ពួកគេអាចត្រូវបានជ្រើសរើសត្រៀមប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម លើ២វិញ្ញាសា គឺ Pubg Mobile និង Mobile Legend Bang Bang ៕
 

Tag:
 កីឡាអេឡិចត្រូនិច
© រក្សាសិទ្ធិដោយ thmeythmey.com