ជាតិ
​​​ន​យោ​បាយ​ជាតិ​
បញ្ហារាស្រ្តជាឱកាសរបស់អ្នកនយោបាយ បញ្ចេញសមត្ថភាព!
21, Jan 2022 , 10:57 am        
រូបភាព
ក្រុមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានៅថ្ងៃទី៤មករា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេជាបន្តបន្ទាប់ ក្រោមពួកគេទាមទារឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ រូបដោយ លោក ភួង វ៉ាន់ថា
ក្រុមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានៅថ្ងៃទី៤មករា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេជាបន្តបន្ទាប់ ក្រោមពួកគេទាមទារឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ រូបដោយ លោក ភួង វ៉ាន់ថា
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍សង្គមមើលឃើញថា ទុក្ខកង្វល់របស់រាស្រ្តគឺជាឱកាសរបស់អ្នកនយោបាយ ក្នុងការប្រកួតប្រជែងដោះស្រាយបញ្ហារាស្រ្ត។ ប៉ុន្តែបើបញ្ហាទាំងនោះពុំត្រូវបានដោះស្រាយទេនោះ វាក៏ឆ្លុះបញ្ចាំងពីការអសមត្ថភាពរបស់អ្នកនយោបាយដែរ ជាពិសេសអ្នកនយោបាយជាប់ឆ្នោតក្នុងរដ្ឋសភា។

 
លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ បាននិយាយថា ជនណាដែលចូលប្រឡូកក្នុងវិស័យនយោបាយ គឺសុទ្ធតែជាអ្នកចង់ចូលរួមដោះស្រាយបញ្ហាក្នុងសង្គម។ ដូច្នេះ អ្នកនយោបាយជំនាន់ថ្មី គួរពិនិត្យមើលបញ្ហារាស្រ្ត ហើយចុះអនុវត្តដោះស្រាយបញ្ហាឲ្យបានច្រើន  ដើម្បីបញ្ចេញសមត្ថភាព។ 


 លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ 
 
អ្នកស្រាវជ្រាវរូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖ «បញ្ហាសង្គមដែលកំពុងកើតឡើងដូចជាវិវាទការងារណាហ្គាវើលដ៍ វាជាឱកាសមួយសម្រាប់អ្នកនយោបាយជំនាន់ថ្មី ដើម្បីជួយដោះស្រាយបញ្ហារាស្រ្ត»។
 
លោកពន្យល់បន្ថែមថា អ្នកនយោបាយជំនាន់ថ្មី ដែលមិនសូវមានស្នាដៃ គួរចាប់យកឱកាសជួយដោះស្រាយបញ្ហាប្រជារាស្រ្តតាមមូលដ្ឋាន។ ការចុះជួយជ្រោមជ្រែងដល់រាស្រ្តបែបនេះ បង្ហាញឲ្យមហាជនឃើញថា អ្នកនយោបាយរូបនោះ មានឆន្ទៈជួយរាស្រ្តពិតប្រាកដ មិនមែនចង់បានតែអំណាចឡើយ។ 
 
ចំណែកកញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង និងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា ក៏មើលឃើញថា រាល់បញ្ហារបស់រាស្រ្ត ជាឱកាសសម្រាប់អ្នកនយោបាយដែរ ពិសេសសម្រាប់គណបក្សប្រឆាំង។ 
 
កញ្ញា ស្រីស្រស់ លើកឡើងថា ការប្រកួតប្រជែងក្នុងវិស័យនយោបាយ គេចាត់ទុកកង្វល់ពលរដ្ឋជាគោល ព្រោះការយកចិត្តទុកដាក់លើប្រជាពលរដ្ឋនឹងទទួលបានប្រជាប្រិយភាព។ កញ្ញាពន្យល់ថា បញ្ហារបស់ពលរដ្ឋ ដូចជាវិវាទណាហ្គាវើលដ៍ សុទ្ធតែជាឱកាសរបស់ក្រុមអ្នកនយោបាយ។ 
 

កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង

«អ្នកនយោបាយដែលមកពីគណបក្សផ្សេងៗបើយកចិត្តទុកដាក់ ដោយជួយជ្រោមជ្រែង ឲ្យមានដំណោះស្រាយ គឺជាឱកាសក្នុងពង្រីកប្រជាប្រិយភាពក្នុងការប្រកួតប្រជែង»។ នេះបើតាមកញ្ញា ស្រីស្រស់ ដែលបានរិះគន់អ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាលឬបក្សកាន់អំណាចថា អសមត្ថភាពដោះស្រាយបញ្ហាពលរដ្ឋ ។ 
 
ទុក្ខកង្វល់រាស្រ្ត នឹងក្លាយជាឱកាសរបស់អ្នកនយោបាយនៃគណបក្សប្រឆាំង នៅពេលការបោះឆ្នោតកាន់តែខិតជិតដល់។ នេះបើតាមការយល់ឃើញរបស់ លោក សុខ ទូច ដោយបន្ថែមថា ភាគច្រើននៃអ្នកនយោបាយទាំងក្នុងបក្សកាន់អំណាច និងបក្សប្រឆាំង តែងកេងចំណេញផលប្រយោជន៍ ជាជាងការដោះស្រាយបញ្ហា។ លោក សុខ ទូច បានរិះគន់ថា៖ «អ្នកធ្វើនៅតែខុស ហើយអ្នកចាំឃ្លាំមើលឃើញតែបញ្ហា…»។ 

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
 
ពាក់ព័ន្ធនឹងការរិះគន់ភាពអសកម្មរបស់តំណាងរាស្រ្តនេះ លោក កែប ជុតិមា ឆ្លើយតបវិញថា បើរាស្រ្តមានបញ្ហា ជាក់ស្ដែងដូចករណីណាហ្គាវើលដ៍ អាចដាក់ពាក្យបណ្ដឹងទៅក្រុមការងាររដ្ឋសភា ហើយក្រុមការងារនឹងដោះស្រាយតាមនីតិវិធី។ តំណាងរាស្រ្តមណ្ឌលភ្នំពេញរូបនេះ ជំរុញឲ្យបុគ្គលិកណាហ្គាវើលដ៍ ដាក់ពាក្យបណ្ដឹងទៅរដ្ឋសភា ឬចាត់តំណាងទៅជួបខាងរដ្ឋសភា។ 
 

 លោក កែប ជុតិមា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។ រូបពី ទំព័រហ្វេសប៊ុករបស់លោក ជុតិមា 

«តំណាងរាស្រ្តពិតមែនតែនៅភ្នំពេញ តែយើងមាននីតិវិធីរបស់រដ្ឋសភា មិនមែនតំណាងរាស្រ្តណាក៏ចេះតែចុះ[ដោះស្រាយ]នោះទេ។ បើទោះបីគេចុះ ក៏គេអត់ចាំបាច់បើកចំហរដែរ»។ នេះបើតាមលោក ជុតិមា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១១ មករា ដោយបញ្ជាក់បន្ថែមថា រដ្ឋសភាមាននីតិវិធីក្នុងការដោះស្រាយ។ 
 
តែយ៉ាងណាលោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ បានមើលឃើញពីទិដ្ឋភាពនយោបាយនៅកម្ពុជាថា ភាគច្រើននៃអ្នកនយោបាយ ពុំសូវខ្វល់ខ្វាយដោះស្រាយបញ្ហាដល់ពលរដ្ឋនោះទេ។ ពួកគេផ្ដោតលើបញ្ហាណា ដែលផ្ដល់ផលប្រយោជន៍តែប៉ុណ្ណោះ។ លោក ប៊ុនណាបន្ថែមបែបនេះ៖ «ខ្ញុំគិតថាអ្នកនយោបាយនៅកម្ពុជា ខ្វះឆន្ទៈក្នុងការបម្រើជាតិពិតប្រាកដ។ អ្វីដែលគាត់(អ្នកនយោបាយ)ធ្វើឡើងផ្ដោតលើផលប្រយោជន៍ផ្ទាល់ ឬបក្សច្រើនជាងប្រជារាស្រ្ត»។ 
 
អ្នកស្រាវជ្រាវរូបនេះបញ្ជាក់ថា អ្វីដែលអ្នកនយោបាយជំនាន់ក្រោយត្រូវធ្វើ គឺត្រូវកសាងយុត្តិធម៌ក្នុងសង្គម ដោយដោះស្រាយបញ្ហាឲ្យស្មើភាពគ្នា ហើយត្រូវឲ្យតម្លៃពលរដ្ឋឲ្យគ្រប់ជ្រុង ដូចជាករណីណាហ្គាវើលដ៍ជាដើម។ លើសពីនេះ ត្រូវពង្រឹងស្ថាប័ននយោបាយក្នុងស្រុកឲ្យដើរតាមច្បាប់ ដោយមិនស្ថិតនៅក្រោមឥទ្ធិពលរបស់បុគ្គលិកណាម្នាក់។
 
ចំណែកប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ កត់សម្គាល់បញ្ហាប្រឈមដែលរារាំងដល់អ្នកនយោបាយ ក្នុងការឈឺឆ្អាលបញ្ហាសង្គមមួយទៀត គឺដោយសារបក្សកាន់អំណាច មិនស្ដាប់សំឡេងបក្សដទៃទៀត។ បើតាមកញ្ញា ស្រីស្រស់ កន្លងមក មានបណ្ដាអ្នកនយោបាយមួយចំនួនបានលើកឡើងពីក្ដីកង្វល់ និងជួយដោះស្រាយបញ្ហាផ្សេងដែរ ប៉ុន្តែឥតមានការឆ្លើយតប និងលើកយកទៅដោះស្រាយឲ្យបានផ្លែផ្កាច្រើនឡើយ។ 
 
កញ្ញាស្រីស្រស់ថ្លែងយ៉ាងដូច្នេះ៖ «នៅពេលបក្សណាមួយឬអ្នកនយោបាយណាម្នាក់ រួមទាំងបណ្ដាសង្គមស៊ីវិលផងនោះ លើកឡើងពីបញ្ហាសង្គម ហើយបក្សកាន់អំណាច និងរដ្ឋាភិបាលអត់ខ្វាយខ្វល់ អត់ឆ្លើយតបគឺស្មើនឹងអត់មានកត្តាជំរុញ។ ដូច្នេះ ការឈឺឆ្អាលបញ្ហាក្នុងសង្គម បញ្ហារាស្រ្តក៏ចេះតែខ្សត់ទៅៗ»។ 
 
នាពេលថ្មីៗនេះ គេឃើញមានបណ្ដាសហជីពឯករាជ្យ សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវឲ្យមានការដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៍ និងដំណោះស្រាយបញ្ហាបុគ្គលិក ដែលចេញតវ៉ាអស់១ខែមកនេះ។ បុគ្គលិកណាហ្គាវើលដ៍ បានចេញតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងក្បែររដ្ឋសភាជាតិ ដោយពួកគេរំពឹងថា គ្រប់ភាគីពាក់ព័ន្ធនឹងជួយជ្រោមជ្រែងរកដំណោះស្រាយ ។ 
 
យ៉ាងណាមិញ បុគ្គលិកដែលចេញតវ៉ាទាំងនោះ ទទូចកុំឲ្យមានការលាបពណ៌ ឬទាញពួកគេចូល ក្នុងរឿងនយោបាយ ពាក់ព័ន្ធនឹងសកម្មភាពទាមទាររបស់ពួកគេ ពិសេសគឺចោទពួកគេថាបដិវត្តន៍ពណ៌ ខណៈពុំទាន់ឃើញមានអ្នកយោបាយណាមួយ ចេញមុខជួយឈឺឆ្អាលលើករណីនេះឡើយ។ 
 
បុគ្គលិកណាហ្គាវើលដ៍ បានតវ៉ាចាប់ថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ ចូលបម្រើការងារវិញ។ ប៉ុន្តែការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ រហូតដល់មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំសហជីព និងសកម្មជនតវ៉ា ២៩នាក់។ មកដល់ពេលនេះ សមត្ថកិច្ច បានដោះលែងសកម្មជនតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍២០នាក់ ហើយ៩នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕ 
 
 

Tag:
 នយោបាយ
  រាស្រ្ត
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com