ជាតិ
អាជ្ញាធរខេត្តកណ្ដាល បិទអាជីវកម្មជីករណ្ដៅដីមួយកន្លែង ក្រោយរកឃើញល្មើសច្បាប់អាជីវកម្ម
21, Jan 2022 , 7:59 pm        
រូបភាព
 ទីតាំងជីកដីមួយកន្លែង ស្ថិតក្នុងភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានអាជ្ញាធរខេត្តកណ្ដាលផ្អាកសកម្មភាពអាជីវកម្មបណ្ដុះអាសន្ន ក្រោយរកឃើញល្មើសច្បាប់អាជីវកម្មរ៉ែ និងដឹ
ទីតាំងជីកដីមួយកន្លែង ស្ថិតក្នុងភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានអាជ្ញាធរខេត្តកណ្ដាលផ្អាកសកម្មភាពអាជីវកម្មបណ្ដុះអាសន្ន ក្រោយរកឃើញល្មើសច្បាប់អាជីវកម្មរ៉ែ និងដឹ
ភ្នំពេញ៖ គណៈកម្មាការចម្រុះខេត្តកណ្ដាល ផ្អាកអាជីវកម្មជីករណ្ដៅដីមួយកន្លែងស្ថិតក្នុងភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល។ ការផ្អាកដំណើរការអាជីវកម្មនេះក្រោយអាជ្ញាធររកឃើញថា អាជីវកម្មខាងលើនេះ ប្រព្រឹត្តបទល្មើសអាជីវកម្មរ៉ែនិងការដឹកជញ្ជូន លើសទម្ងន់កំណត់។


បើតាមរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ការឈានដល់ការផ្អាកសកម្មភាពជីករណ្ដៅខាងលើនេះដោយសារ ការដឹកជញ្ចូនអាចម៍ដី បណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន ដោយដឹកលើសទម្ងន់កំណត់និងមិនមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មគ្រប់គ្រាន់។ ក្រោយរកឃើញអាជីវកម្មខាងលើល្មើសច្បាប់ អាជ្ញាធរបានធ្វើការរក្សាទុកគ្រឿងចក្រ ២គ្រឿង, រថយន្ត៨គ្រឿង នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល។ 
 
នាការចុះត្រួតពិនិត្យនេះលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ស្នើម្ចាស់អាជីវកម្ម និងអ្នកបើកបរ ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងបទដ្ឋានគតិយុត្តផ្សេងៗ។ ឯការដឹកជញ្ជូនទៀតសោត ត្រូវមានតង់គ្របឱ្យបានត្រឹមត្រូវចៀសវាងជ្រុះធ្លាក់នៅលើផ្លូវ ដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ជាយថាហេតុ។ 
 
ជាមួយគ្នានេះ លោក ណុប ដារ៉ា ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធជាពិសេសមន្ទីររ៉ែ និងថាមពល និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលត្រូវសហការជាមួយម្ចាស់អាជីវកម្ម ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម្ចាស់អាជីវកម្មត្រូវចូលរួមសហការជាមួយក្រុមការងារចម្រុះខេត្តផងដែរ៕
 
 
 

Tag:
 ThmeyThmey25
  អាជីវកម្មជីកដី
 កណ្ដាល
  ស្រុកខ្សាច់កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com