ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការបរទេសកម្ពុជា បារម្ភខ្លាំងចំពោះការបន្តបាញ់គ្នានៅមីយ៉ាន់ម៉ា
21, Jan 2022 , 8:59 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក្នុងឱកាសសម្តេច ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-ទី៨ ខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក្នុងឱកាសសម្តេច ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-ទី៨ ខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
ពេលមេដឹកនាំកម្ពុជា ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-ទី៨ ខែមករា ឆ្នាំ២០២២ របបសឹក ដែលកំពុងគ្រប់គ្រងមីយ៉ាន់ម៉ា តាមរយៈការធ្វើរដ្ឋប្រហារ បានសន្យាថា ពន្យារបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២នេះ។ ប៉ុន្តែ ស្ថានភាពជាក់ស្តែង គឺនៅតែមានការបាញ់គ្នាដដែលរវាងកងកម្លាំងរបបសឹក ដែលកាន់អំណាច និងក្រុមដែលប្រឆាំងនឹងរបបសឹក ពិសេសការបាញ់គ្នាក្នុងរដ្ឋកាយ៉ា (Kayah State) សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា។



ការមិនព្រមផ្អាកបាញ់គ្នា ក្នុងរដ្ឋកាយ៉ានេះ បានជំរុញឲ្យកម្ពុជា ដែលជាប្រធានអាស៊ាន និងជាតួអង្គដ៏សំខាន់ ក្នុងការជួយស្វែងរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា ចាំបាច់ត្រូវចេញមកនិយាយ២-៣ម៉ាត់។ តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបង្ហាញក្តីបារម្ភខ្លាំង ចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅរដ្ឋកាយ៉ា។ 
 
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សង្កត់ធ្ងន់ដូច្នេះថា៖«អំពើហិង្សា ដែលនៅតែកើតមាននេះ កំពុងធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាព ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា»។ 
 
អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា បានរម្លឹកថា ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា មេដឹកនាំកម្ពុជា បានចែករំលែកពីភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ ក្នុងការបង្រួបបង្រួមជាតិ និងការទទួលបានសុខសន្តិភាពពេញបរិបូរ។ អ្នកនាំពាក្យ រម្លឹកអនុសាសន៍របស់មេដឹកនាំកម្ពុជាទៀតថា ផ្អែកលើបទពិសោធ និងមេរៀន ដែលកម្ពុជាធ្លាប់ទទួលបាន គឺសន្តិភាព និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ បើគ្មានការចូលរួម និងឯកភាពពេញលេញពីគ្រប់ភាគី។ 
 
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ស្នើសុំថា៖«ក្នុងស្មារតីនេះ អ្នកនាំពាក្យ យល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់រាល់សកម្មភាពហិង្សា អនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ដើម្បីបង្កើតស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្តិភាពក្នុងប្រទេស ដែលត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន»។ 
 
កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសប្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេយោធាកំពូលក្នុងការដឹកនាំធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

សូមរម្លឹកពីសាវតារថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។
 
វា មានរយៈពេលជិត១ឆ្នាំហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មានប្រជាជន១៤៨៨នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៦៥១នាក់ កំពុងជាប់ឃុំ។
 
មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។
 
អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។
 
មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ ការធ្វើរដ្ឋប្រហារនេះ បាននាំឲ្យមីយ៉ាន់ម៉ា វិលទៅរករបបយោធាសាជាថ្មី៕
 
 

Tag:
 កម្ពុជា
  បញ្ហាមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com