ជាតិ
គម្រោងសំខាន់ៗចំនួន៤នៅតំបន់ការពារព្រែកល្ពៅ ខេត្តតាកែវ
22, Jan 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូ អនុវត្តគម្រោងធំៗចំនួន៤ ក្នុងតំបន់ការពារបឹងព្រែកល្ពៅ ខេត្តតាកែវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពប្រជាជនសហគមន៍។

 
ក្រសួងបរិស្ថាន និងអង្គការ The Wildfowl & Wetlands Trust នៅថ្ងៃទី១៦មករា បានបង្ហាញគម្រោងសំខាន់ៗចំនួន៤ សម្រាប់អនុវត្ត ក្នុងតំបន់ការពារបឹងព្រែកល្ពៅ។ គម្រោងទាំងនោះរួមមាន ការអភិរក្សជីវៈចម្រុះ ការលើកម្ពស់ជីវភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។ 
 
នាដំណើរទស្សនកិច្ច ស្វែងយល់អំពីវឌ្ឍនភាពគម្រោងអភិរក្សតំបន់ដីសើម នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា បច្ចុប្បន្នក្រសួងបរិស្ថានកំពុងអនុវត្តសកម្មភាពចំនួន៤ខាងនេះ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យប្រសើរឡើង នូវកិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។ 
 

រូបភាពដោយ ក្រសួងបរិស្ថាន

បើតាមសម្ដី លោក នេត្រ ភក្ត្រា គម្រោងការអភិរក្សជីវៈចម្រុះ ក្រសួងបានសាងសង់ស្នាក់ការរង ១កន្លែង សម្រាប់ពង្រឹងការល្បាតនៅក្នុងតំបន់, សាងសង់អាងទឹកទំហំ ១៦ហិកតា ដើម្បីស្តុកទឹកទុកជាអចិន្ត្រៃយ៍ ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹក ជាពិសេសសត្វក្រៀល។
 
ក្រៅពីការសាងសង់ខាងលើនេះ គម្រោងការអភិរក្សជីវៈចម្រុះ ក្នុងនោះក៏មានការសកម្មភាពនៃការដាំកូនរុក្ខជាតិក្នុងព្រៃលិចទឹក ចំនួនទំហំ៥ហិកតា និងដាំមើមផ្លុងចំនួន២៥ហិកតា សម្រាប់ចំណីរបស់សត្វក្រៀល។ ក្នុងសកម្មភាពដាំរុក្ខជាតិនេះ ក្នុងគម្រោងអភិរក្សជីវៈចម្រុះនេះ ក្រសួងបរិស្ថានផ្តោតសំខាន់ លើការ គ្រប់គ្រងរុក្ខជាតិប្រភេទរាតត្បាត ដូចជាប្រខ្លបយក្ស (Mimosa pigra) វល្លិ៍រាតត្បាត និងកំប្លោក ជាដើមផងដែរ។ 
 
ពាក់ព័ន្ធការដាំរុក្ខជាតិ និងការស្ថាបនាអាងស្តុបទឹក ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ២៥ថា វាមានសារៈសំខាន់ ព្រោះការងារនេះជាផ្នែកមួយ ដែលអាចជួយឱ្យសត្វបន្ដរស់នៅ និងស្វែងរកចំណីក្នុងតំបន់ការពារបឹងព្រែកល្ពៅ។  រីឯការសាងសង់អាងទឹកទំហំ ១៦ហិកតាជាផ្នែកមួយ ជួយរក្សាទឹក និងជីវៈចម្រុះផ្សេងៗ នៅក្នុងតំបន់ការពារនៅរដូវប្រាំង។  
 
លោកបញ្ជាក់បន្ថែមដូច្នេះ៖ «បើកាលណាក្នុងតំបន់មានចំណី ឬរុក្ខជាតិជាចំណីច្រើន (នោះ)សត្វមិនងាយផ្លាស់ទីទេ ដូច្នេះវាអាចរកចំណីនៅក្នុងតំបន់ការពារដោយសុវត្ថិភាព ហើយមិនបានហើរស្វែងរកចំណីនៅតំបន់ផ្សេងៗទេ»។
 


រូបភាពដោយ ក្រសួងបរិស្ថាន

មិនខុសពីការលើកឡើងរបស់ លោក វរសក្សឡើយ លោក លឹម វ៉ាត នាយករងដែនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ សម្លឹងឃើញថា សកម្មភាពសាងសង់អាងទឹក និងការដាំរុក្ខជាតិសម្រាប់ជាចំណីសត្វស្លាបទឹក និងសត្វក្រៀល ពិតជាអាចជួយសម្រួលដល់ការស្វែងរកចំណីរបស់សត្វនៅរដូវប្រាំង។ លោកពន្យល់ដូច្នេះ៖ «រដូវវស្សាមិនសូវចោទជាបញ្ហា(ទេ) ព្រោះសម្បូរទឹក។ ប៉ុន្ដែនៅរដូវប្រាំង បើមិនមានវិធានការណាមួយដូចខាងលើ នៅពេលទឹកស្រក ដីនឹងស្ងួត ហើយចំណីសត្វក៏ត្រូវខ្សត់តាមហ្នឹង»។ 
 
ជាមួយនឹងការអភិរក្សជីវៈចម្រុះ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ ក៏ស្ថិតក្នុងគម្រោង របស់ក្រសួងបរិស្ថានផងដែរ។ បើតាមលោក នេត្រ ភក្ត្រា សកម្មភាពលើកម្ពស់ជីវភាពសហគមន៍នេះ ក្រសួងបរិស្ថាន បានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
 
បើតាមលោក អ្នកនាំពាក្យក្រសួងបរិស្ថានដដែល គម្រោងសំខាន់ទី៣វិញ គឺការអប់រំផ្សព្វផ្សាយ តាមរយៈ ការបញ្ជូល កម្មវិធីអប់រំបរិស្ថាន និងសត្វក្រៀលជាមួយសាលារៀនគោលដៅ និងកម្មវិធីផ្សព្វផ្សាយតាមទម្រង់ផ្សេងៗ ដូចជាការចាក់បញ្ចាំងខ្សែភាពយន្តអប់រំ និងការចាក់សំឡេងចល័ត នៅក្នុងតាមភូមិជាប់នឹងតំបន់ការពារទេសភាពនេះផងដែរ។ 
 
ចំពោះសាលារៀនគោលដៅទាំងនោះ រួមមាន សាលាបឋមសិក្សាសង្គមមានជ័យ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាបន្ទាយធ្លាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស ពីសារៈសំខាន់នៃជីវៈចម្រុះ ជាពិសេសសត្វក្រៀល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ 
 
គម្រោងសំខាន់ទី៤ ដែលក្រសួងអនុវត្តក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅដែរនោះ គឺការសិក្សាស្រាវជ្រាវ និងវាយតម្លៃ លើសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការសិក្សាអំពីប្រព័ន្ធជលសាស្រ្តនៅតំបន់នោះ ក្នុងតំបន់ដីសើមនេះ។ 
 
ភ្ជាប់ជាមួយនឹងការអប់រំផ្សព្វផ្សាយ វិធានការច្បាប់ ក៏ត្រូវចាត់វិធានការផងដែរ។ ចំណុចនេះ លោក នេត្រ្ត ភក្ត្រា ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទថា ក្រសួងនឹងចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលរំលោភបំពាន ទន្ទ្រានយកដីដោយខុសច្បាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ លោកសង្កយ់ធ្ងន់ដូច្នេះ៖ «គ្មានជនណាម្នាក់មានសិទ្ធិ ទិញលក់ដូរដីក្នុងតំបន់អភិរក្សបានឡើយ ហើយក្រសួង បរិស្ថានបដិសេធទទួលស្គាល់នូវលិខិតទិញដូរខុសច្បាប់ ទាំងអស់»។
 
សម្រាប់ លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវវិញ លើកឡើងថា មន្ទីរបរិស្ថានខេត្តតាកែវ បានយកចិត្តទុកដាក់ ក្នុងការពារ ថែរក្សា អភិរក្សជីវៈចម្រុះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ លោកអះអាងថា មន្ត្រីឧទ្យានុរក្សប្រចាំការបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូនានា ក្នុងការការពារ អភិរក្ស និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ និងតម្លៃនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
 
គួររម្លឹកផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ការពារនេះ មានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទ រួមមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ៕ 
 

Tag:
 ក្រសួងបរិស្ថាន
  អង្គការដៃគូ
  តំបន់ការពារ
  បឹងព្រែកល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com