ជាតិ
នៅតែមានករណីនាំជ្រូកចូលខុសច្បាប់ ទោះប្រឈមនឹងការរាលដាលជំងឺប៉េស្តអាហ្វ្រិកក៏ដោយ
22, Jan 2022 , 8:59 am        
រូបភាព
មន្រ្តីជំនាញបង្ក្រាបបទល្មើសចរាចរណ៍សត្វ បារម្ភជំងឺប៉េស្តអាហ្រ្វិកឆ្លងចូលសហគមន៍ ស្របពេលបទល្មើសនាំចូលជ្រូកពីប្រទេសជិតខាងនៅតែបន្តកើតឡើង។ កាលពីឆ្នាំ២០២១នេះ កម្ពុជាបង្រ្កាបបានជាង ៦០ករណី ដែលភាគច្រើនជាការនាំចូលពីប្រទេសថៃ និងវៀតណាម។

 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសបិទការនាំចូលជ្រូកទាំងស្រុងពីប្រទេសជិតខាង រហូតមកទល់ពេលនេះពុំទាន់មានការបើកឡើងវិញនៅឡើយនោះទេ ប៉ុន្តែការលួចនាំចូលជ្រូកខុសច្បាប់នៅតែបន្តមានដដែល។ 
 
ពាក់ព័ន្ធនឹងករណីនេះ លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលមានដើមកំណើតពីសត្វ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការលួចនាំចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាងនៅតែបន្តកើតឡើង ពិសេសការនាំចូលពីប្រទេសថៃ និងវៀតណាម។ ទោះបែបនេះក្ដី ក្រុមជំនាញបង្ក្រាបបទល្មើសចរាចរណ៍សត្វ និងអាជ្ញាធរតាមច្រកព្រំដែន ក៏បានរឹតបន្តឹងការត្រួតពិនិត្យបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺប៉េស្តអាហ្រ្វិកចូលក្នុងប្រទេសផងដែរ។ 
 

រូបភាពពី លោក ហ៊ុន សារ៉េត់

«បទល្មើសនាំចូលខុសច្បាប់ វានៅតែមានរប៉េសរប៉ស! ឥឡូវនេះមានយ៉ាងច្រើន ១០ទៅ១៥ភាគរយ ដែលមាន(ការនាំចូល)ជាលក្ខណៈតូចតាច។ ពីមុនមានដឹកឡានធំក៏មានដែរ តែឥឡូវវាស្បើយ»។ នេះជាការបញ្ជាក់របស់ លោក ហ៊ុន សារ៉ាត់។
 
លោក សារ៉ាត់ បន្ថែមថា ការនាំចូលជ្រូកខុសច្បាប់ ឬគ្មានប្រភពច្បាស់លាស់ នឹងបង្កហានិភ័យឆ្លងជំងឺផ្សេងៗដល់ជ្រូកក្នុងស្រុក និងប៉ះពាល់តម្លៃជ្រូកលើទីផ្សារផងដែរ។ 
 
ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ការផ្អាកមិនឱ្យនាំចូលជ្រូកពីប្រទេសជិតខាង ពិសេសវៀតណាមនៅមានចន្លោះប្រហោង ដោយសារឈ្មួញមួយចំនួនលួចនាំចូលខុសច្បាប់តាមផ្លូវទឹក និងច្រករបៀងផ្សេងៗតាមផ្លូវគោក ដែលអាចធ្វើឱ្យកម្ពុជាប្រឈមឆ្លងជំងឺប៉េស្តអាហ្រ្វិក ប្រសិនទប់ស្កាត់មិនទាន់ពេលវេលា។  
លោក ស៊្រុន ពៅ បានអះអាងដូច្នេះ៖«ខ្ញុំដាក់លិខិតស្នាមទៅតាមបណ្ដាខេត្តជាប់ព្រំដែន គឺដើម្បីការពារឈ្មួញលួចនាំចូលហ្នឹង មិនមែនការពារអ្នកចូលស្របច្បាប់នោះទេ។ គឺទប់ការលួចនាំចូល ទាំងសាច់ជ្រូក ទាំងជ្រូករស់។ អ៊ីចឹងហើយ វាធ្វើឱ្យធ្ងន់ធ្ងរដល់ប្រទេសយើង ដោយសារការលួចនាំចូលហ្នឹងឯង។ បើយើងសន្និដ្ឋានទៅ កម្ពុជា និងវៀតណាម តិច ឬច្រើននៅតែមានការនាំចូលមក»។
 
ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗ២៥ កាលពីថ្ងៃទី៤មករាដែរថា ជំងឺប៉េស្តអាហ្រ្វិក បានឆ្លងចូលដល់សហគមន៍ហើយ ស្របពេល ជ្រូករាប់ពាន់ក្បាលបានងាប់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ រដ្ឋមន្រ្តីរូបនេះ បន្ថែមដូច្នេះថា៖« ភាគច្រើននៃជ្រូក ដែលងាប់ទាំងនោះ គឺជាជំងឺប៉េស្តអាហ្រ្វិក ព្រោះកន្លងទៅនេះឃើញថាប្រទេសជិតខាងយើង ដូចជាថៃ និងវៀតណាមឆ្លង»៕
 
 
 

Tag:
 ជ្រូក
  ជំងឺប៉េស្តអាហ្រ្វិក
  បទល្មើសសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com