ជាតិ
សេដ្ឋកិច្ច
ចិននិងកម្ពុជា ប្រជុំវាយតម្លៃលើភូតគាមអនាម័យត្រីប្រា នាំចេញទៅចិន
21, Jan 2022 , 4:57 pm        
រូបភាព
រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានរៀបចំកិច្ចប្រជុំវាយតម្លៃ តាមរយៈវីដេអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជា ដែលត្រូវនាំចេញទៅកាន់ទីផ្សារចិនខាងមុខ។ កិច្ចប្រជុំនេះ មានរយៈពេល៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ មករាទៅ។


ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាវិធានការសំខាន់មួយទៀត សម្រាប់ភាគីទាំងពីរអនុវត្តគោលការណ៍កុងសុងស៊ីសរបស់ថ្នាក់ដឹកនាំ ក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។
 
ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរលើហ្វេសប៊ុកថា៖«កិច្ចប្រជុំវាយម្លៃតាមរយៈវីដេអូលើកទី២ លើកសិផលកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិននេះ បានបង្ហាញពីប្រទេសទាំងពីរខិតខំសម្រេចឆន្ទៈ និងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន»។
បើតាមស្ថានទូតចិន ការរៀបចំកិច្ចការពាក់ព័ន្ធលើការវាយតម្លៃខាងលើនេះ នឹងបញ្ចប់ នៅថ្ងៃទី២៨ ខែមករា ។
 
បច្ចុប្បន្ន​ ភាគីចិនចង់ឱ្យកម្ពុជាពន្លឿនការឆ្លើយតបលើលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញដំណើរការនាំចេញឲ្យឆាប់ ខណៈក្រសួងកសិកម្ម និងរដ្ឋបាលជលផល កំពុងពិនិត្យលទ្ធភាពផលិត និងលក្ខខណ្ឌចាំបាច់មួយចំនួនដូចជា គុណភាព សុវត្ថិភាព និងអនាម័យជាដើម។ ការនាំចេញនេះ គឺជាប្រភេទ សាច់បង្កក ដែលតម្រូវឱ្យ​អ្នកចិញ្ចឹម និងរោងចក្រវិចខ្ចប់ ចាំបាច់មានប្រព័ន្ធត្រួតពិនិត្យស្ដង់ដារមួយច្បាស់លាស់ មុននាំចេញទៅចិន។
 
ទាក់ទងនឹងការនាំចេញនេះ ចិនក៏​ចង់ឱ្យ​កម្ពុជាមាន​ប្រព័ន្ធមួយ ដែល​ធានាបាន​ក្នុងការ​ត្រួតពិនិត្យគុណភាព និង​សុវត្ថិភាព។ ចំណែកការចិញ្ចឹមវិញ ត្រូវអនុវត្តគោលការណ៍វារីវប្បកម្មល្អ ដែលប្រើប្រភពទឹកគ្មានជាតិពុល និងការឱ្យចំណីមិនត្រូវប្រើអកម៉ូន ជាពិសេសមិនត្រូវប្រើថ្នាំព្យាបាលខុសបច្ចេកទេស រួមទាំងការអនាម័យក្នុងកសិដ្ឋានជាដើម។
 
លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ​ និងប្រព័ន្ធត្រួតពិនិត្យ សម្រាប់ដំណើរការផលិតគ្រប់គ្រាន់ហើយ។ ប៉ុន្តែជំហានដំបូងលោកគ្រាន់តែចង់ឲ្យមានការនាំចេញទៅចិនសិនប៉ុណ្ណោះ ទើបពង្រីកទីផ្សារបន្ថែមទៀតនៅពេលក្រោយ គឺដោយសារការជូនដំណឹងនេះលឿនពេក ធ្វើឲ្យកម្ពុជាពុំបានត្រៀមខ្លួនបាន១០០ភាគរយ។
 
​កាលពីថ្ងៃទី៦ធ្នូ ២០២១ លោក វ៉ាង វិនធាន អគ្គឯករដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងថា ភាគីចិនបានសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចម្ងាយដែលជាវិធានការសំខាន់មួយ ដើម្បីអនុវត្តកុងសង់ស៊ីស។
 
សម្តេច ហ៊ុន សែន ក៏បានស្នើឱ្យ អ្នកចិញ្ចឹមត្រីប្រា និងអ្នកដាំដុះមៀនប៉ៃលិន ពង្រឹងការអនុវត្តតាមស្ដង់ដារ និងការទាមទាររបស់ចិន សម្រាប់ការនាំចេញនេះ ៕
 

Tag:
 ត្រីប្រា
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com