កីឡាជាតិ
ជាតិ
កីឡាកាយវប្បកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា ត្រៀមខ្លួនហើយ សម្រាប់ស៊ីហ្គេមនៅវៀតណាម
21, Jan 2022 , 6:59 pm        
រូបភាព
កីឡាករ តឹក ប៊ុនវី បានមេដាយមាស១ ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៣ នៅទីក្រុងបាងកក ឆ្នាំ២០១៦ រូបពីសហព័ន្ធ
កីឡាករ តឹក ប៊ុនវី បានមេដាយមាស១ ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៣ នៅទីក្រុងបាងកក ឆ្នាំ២០១៦ រូបពីសហព័ន្ធ
កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានក្លាយជាកីឡាមានសក្ដានុពលរបស់កម្ពុជា ដែលនឹងត្រូវយកទៅប្រកួតនៅស៊ីហ្គេមលើកទី៣១ នៅវៀតណាម ។

 
លោក តឹក ប៊ុនវី បានប្រាប់សារពត៌មានថ្មីៗថា សហព័ន្ធបានត្រៀមកីឡាករ ៤រូប និងគ្រូបង្វឹក ១រូប ដើម្បីទៅប្រកួតនៅវៀតណាម ។ ក្នុងនោះមានគ្រូបង្វឹក លោក ចាប វ៉ាន់នី ជាមួយ កីឡាករ៤រូប រួមមាន កែវ សំណាង, ត្រឹង ចាន់, អ៊ុន ប៊ូរ៉ាត់ និង អ៊ិត សុធា ដែលត្រៀមប្រកួតលើ ៣វិញ្ញាសា គឺ Athlete physic 81 kg, Body building 80 kg និង 85 kg ។
 
បើតាមប្រធានសហព័ន្ធកីឡាកាយវប្បកម្មរូបនេះ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ មានការវិវឌ្ឍខ្លាំង ក្នុងរយៈកាល៣អាណត្តិនេះ ដោយកីឡាករ កីឡាការិនី ទទួលបានមេដាយជាបន្ទាប់។ ក្នុងនោះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ចំនួន ៣លើក ទទួលបាន មេដាយមាស៥ ប្រាក់៣ សំរិទ្ធ២ និងជើងឯកពិភពលោក ចំនួន៣លើក ទទួលបាន មេដាយមាស១ ប្រាក់១ និងសំរិទ្ធ២ ។
 
កីឡាកាយវប្បកកម្មនេះ បានចូលមកកម្ពុជា នៅអំឡុង ឆ្នាំ១៩៩០ ។ ប៉ុន្តែកីឡានេះ ត្រូវបានគេហ្វឹកហាត់ដើម្បីសុខភាពប៉ុណ្ណោះ ដោយមិនមានការហាត់ជាអាជីព យកទៅប្រកួតទេ ។ នេះបើតាមការបកស្រាយរបស់ លោក តឹក ប៊ុនវី ។
 
«ក្នុងអាណត្តិទីមួយ មិនសូវជាដំណើរការ និងមិនមានការប្រកួតធំដុំ ដោយសារជាពេលវេលាដំបូង ដែលកីឡានេះមាននៅកម្ពុជា ម្យ៉ាងទៀតទាំងមន្ដ្រីបច្ចេកទេសក៏មិនមានច្រើន និងមិនច្បាស់លាស់ដូចបច្ចុប្បន្ននេះដែរ តែមានការប្រកួតតែក្នុងស្រុកបន្ដិចបន្ដួចប៉ុណ្ណោះ »។ នេះជាការបញ្ជាក់របស់ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ដែលបានបន្ថែមថា កីឡាប្រភេទនេះ មានអ្នកហ្វឹកហាត់ច្រើនណាស់ បើសិនជាគ្មានជំងឺកូវីដ-១៩ រាតត្បាត។
 
បច្ចុប្បន្ន មានក្លិប១៣ ជាសមាជិករបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។ សហព័ន្ធមានចៅក្រមអន្ដរជាតិបុរស -នារី ចំនួន២រូប គឺលោក តឹក ប៊ុនវី និង អ្នកនាង អេមី ប៊ុនវី ។
 
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង១១ប្រទេស បូករួមទីម័រខាងកើត ប្រទេសដែលខ្លាំងខាងវិស័យកីឡាវប្បកម្មនេះ គឺវៀតណាម ថៃ និង ម៉ាឡេស៊ី ។ តឹក ប៊ុនវី បន្ថែមថា ប្រទេសទាំងនោះខ្លាំង ដោយសារគេមានរបបអាហារត្រឹមត្រូវ និងគ្រប់គ្រាន់។ ចំណែកកម្ពុជា គឺមានការខ្វះខាត ។ បញ្ហានេះ គឺដោយសារ ការខ្វះខាតថវិកា ។ នេះបើតាមប្រធានសហព័ន្ធ៕
 

Tag:
 កីឡាកាយវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com