COVID-19
ជាតិ
អ្នកឆ្លងអូមីក្រុង អាចព្យាបាលតាមផ្ទះ ឬកន្លែងស្នាក់នៅបាន
21, Jan 2022 , 8:04 pm        
រូបភាព
រថយន្តពេទ្យ ដឹកអ្នកឆ្លងជំងឺកូវីដ-១៩ទៅព្យាបាល កាលពីខែមីនា ឆ្នាំ២០២១។ រូបពី AFP
រថយន្តពេទ្យ ដឹកអ្នកឆ្លងជំងឺកូវីដ-១៩ទៅព្យាបាល កាលពីខែមីនា ឆ្នាំ២០២១។ រូបពី AFP
ទាំងជនជាតិខ្មែរ ទាំងជនបរទេស ដែលឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ជាជំងឺកូវីដ-១៩បំប្លែងថ្មី អាចសម្រាកព្យាបាលនៅតាមផ្ទះ ឬកន្លែងស្នាក់នៅរបស់ខ្លួនបាន។ នេះជាសេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈសាជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។



ផ្អែកតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល សូម្បីអ្នកជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ ក៏អាចចេញពីមន្ទីរពេទ្យ ត្រឡប់ទៅសម្រាកព្យាបាលនៅផ្ទះ ឬកន្លែងស្នាក់វិញបានដែរ។ យ៉ាងណា ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា អ្នកសម្រាកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ឬតាមកន្លែងស្នាក់នៅរបស់ខ្លួន មិនមែនមានន័យថា ត្រូវអនុញ្ញាតឲ្យដើរហើរចេញពីផ្ទះ ឬចេញពីកន្លែងស្នាក់តាមអំពើចិត្តនោះទេ ពោលគឺ ពួកគេ ត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងផ្ទះ ឬកន្លែងស្នាក់នៅឲ្យបានត្រឹមត្រូវ។

ពីដំបូង ប្រមុខរដ្ឋាភិបាល ពុំអនុញ្ញាតឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង សម្រាកព្យាបាលនៅតាមផ្ទះ ឬកន្លែងស្នាក់នៅឡើយ ព្រោះយល់ថា ជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ឆ្លងលឿន ដូច្នេះ បើអនុញ្ញាតឲ្យសម្រាកព្យាបាលនៅតាមផ្ទះ ឬកន្លែងស្នាក់ សមាជិកគ្រួសារ អាចនឹងងាយក្នុងការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុងនេះដែរ។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល ពិនិត្យឡើងវិញឃើញថា ជំងឺកូវីដ-១៩ប្រភេទអូមីក្រុងនេះ ថ្វីបើចម្លងលឿន តែមានហានិភ័យទាបជាងជំងឺកូវីដ-១៩ប្រភេទដែលតា និងជំងឺកូវីដ-១៩ប្រភេទអាល់ហ្វា។ ដោយពិនិត្យឃើញដូច្នេះហើយ ទើបប្រមុខរដ្ឋាភិបាល សម្រេចឡើងវិញ ឲ្យអ្នកជំងឺកូវីដ-១៩ប្រភេទអូមីក្រុង អាចសម្រាកព្យាបាលនៅតាមផ្ទះ តាមកន្លែងស្នាក់នៅ ដូចអ្នកជំងឺកូវីដ-១៩ប្រភេទដែលតា ប្រភេទអាល់ហ្វា និង អ្នកជំងឺកូវីដ-១៩ប្រភេទធម្មតាដែរ។ 

តាមរយៈសារជាសំឡេង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា៖«ពុំមានតម្រូវការចាំបាច់ត្រូវតែព្យាបាលនៅក្នុងមន្ទីរពេទ្យដូចកាលពីមុនទេ»៕


Tag:
 អូមីក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com