ជាតិ
វិស័យកាត់ដេរ ផ្តល់ការងារជំនាញបច្ចេកទេស និងប្រាក់ខែខ្ពស់
22, Jan 2022 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
ការងារនៅក្នុងឧស្សាហកម្មកាត់ដេរ មិនមែនមានត្រឹមតែការងារជាកម្មករ-កម្មការិនីកាត់ដេរ តែមួយមុខនោះទេ ប៉ុន្តែនៅមានការងារជំនាញបច្ចេកទេសជាន់ខ្ពស់ជាច្រើនទៀត ដែលវិស័យនេះ កំពុងត្រូវការធនធានយុវជនខ្មែរឱ្យចូលរួម។ ជំនាញបច្ចេកទេសទាំងនោះ មានដូចជាផ្នែកវិស្វករឧស្សាហកម្ម រចនាម៉ូដ ផ្នែកបញ្ជាទិញ ផ្នែកត្រួតពិនិត្យគុណភាព អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងអ្នកជំនាញធនធានមនុស្សជាដើម។ អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ទាំងអស់នេះ ក៏ទទួលបានប្រាក់បៀរវត្សខ្ពស់ផងដែរ។

 
 
កញ្ញា ម៉ៃ សុខលី គឺជាអ្នកជំនាញវិស្វករឧស្សាហកម្ម នៅក្នុងរោងចក្រស្បែក ជើង ខេន ស្ព័ត ដែលមានទីតាំងក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីផ្ទះរបស់នាង។ សុខលី បានប្រឡងយកអាហារូបករណ៍ សិក្សានៅវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) បន្ទាប់ពីប្រឡងជាប់បាក់ឌុប នៅក្នុងឆ្នាំ២០១៩។ សិក្សាវគ្គខ្លីចប់ភ្លាម សុខលី ក៏បានជាប់ការសម្ភាសន៍ ឱ្យចូលបម្រើការងារ ភ្លាមដែរ។
 
«រយៈពេល២ឆ្នាំបន្ទាប់ពីការសិក្សានៅ CGTI ទៅដល់ការចូលធ្វើការហ្នឹង គឺខុសប្លែកមែនទែន ព្រោះថាកាលនៅរៀន គឺយើងដូចកង្កែបក្នុងអណ្តូងអ៊ីចឹង អត់ដឹងពីទិដ្ឋភាពជុំវិញ ថាខាងក្រៅ ការងារអ្វីខ្លះ អត់ដឹង អត់ស្គាល់អ្វីទាំងអស់។ ដល់ពេលយើងចូលធ្វើការទៅ យើងដឹងថា ការងារមិនមែនមានត្រឹមតែគ្រូបង្រៀន ការងារជាពេទ្យ មន្ត្រីរាជការ គឺមានតែប៉ុណ្ណឹងទេ។ ដល់ពេលយើងចេញទៅខាងក្រៅទៅ ការងារោងចក្រមិនមែនមានត្រឹមតែការងារដេរទេ មានការងារផ្នែកផ្សេងៗមានទាំងផ្នែកធនធានមនុស្ស មានទាំងផ្នែក QC  ផ្នែកTI ក៏គេត្រូវការដែរ ហើយផ្នែកពិសេសជាងគេ គឺផ្នែក ME ហ្នឹងតែម្តង»។   
 

 
សុខលី មិនមានបញ្ញាបត្រនោះទេ។ ទោះជាយ៉ាងនេះក្តី សុខលី អះអាងថា នាងមិនស្តាយ ចំពោះការសម្រេចចិត្តរបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ នាងពិតជាមានមោទកភាពណាស់ ចំពោះការងារសព្វថ្ងៃរបស់ខ្លួន។ «សម្រាប់ខ្ញុំ ចំណុចដែលខ្ញុំមានមោទកភាពចំពោះខ្លួនឯង គឺទី១ ខ្ញុំជ្រើសរើសការងារត្រឹមត្រូវ។ យើងជ្រើសរើសហើយ យើងអត់ស្តាយក្រោយ។ ដំបូង គឺយើងជ្រើសរើសហើយ ស្តាយបន្តិច អត់បន្តិច តែឥឡូវអត់អី គឺអត់ស្តាយទេ ពេញចិត្តខ្លួនឯង។ ទី២ គឺសប្បាយចិត្តជាមួយគ្រួសារ ដែលគាត់គាំទ្រយើង ហើយគាត់សរសើរយើង គាត់លើកទឹកចិត្តដល់យើង។ ទី៣ គឺសប្បាយចិត្តដែលបានមកធ្វើការជាមួយមនុស្សជុំវិញខ្លួន ការសហការគ្នា ហើយពេលយើងធ្វើខុសអី គាត់លើកទឹកចិត្ត គាត់ប្រាប់ និងផ្តល់យោបល់ផ្សេងៗ។ សប្បាយចិត្តដែលបានធ្វើការដូចជាគ្រួសារអ៊ីចឹង។ យើងនៅផ្ទះ ម៉ាក់ប៉ាយើងជាគ្រួសារយើង ដល់ពេលយើងមកកន្លែងការងារ ក្រុមការងារ គឺដូចជាគ្រួសារ ដូចជាបងប្អូន»។  
 

កញ្ញា ម៉ៃ សុខលី បានស្គាល់វិទ្យាស្ថាន CGTI តាមរយៈការចេញចូលអានសៀវភៅ នៅបណ្ណាល័យ នៃវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉។ អង្គការស៊ីប៉ា និងរោងចក្រ ខេន ស្ព័ត បានបើកសម្ពោធបណ្ណាល័យទំនើបមួយ ដែលមានជ្រុងតម្រង់ទិសវិជ្ជាជីវៈ នៅក្នុងវិទ្យាល័យនេះ នាខែមីនា ឆ្នាំ២០១៩។ បណ្ណាល័យនេះ អនុញ្ញាតឱ្យសិស្សានុសិស្ស ទទួលបានចំណេះដឹងទូទៅបន្ថែម និងជាពិសេសពួកគេអាចស្វែងរកព័ត៌មានអំពីជំនាញ វិជ្ជាជីវៈ និងឱកាសការងារសម្រាប់អនាគត។ «ក្នុងបណ្ណាល័យស្តង់ដារ គឺមានសៀវភៅប្រលោមលោក មានសៀវភៅពិតកថា ព្រេងកថា រឿងនិទានខ្លីៗ និងឆាករូបភាពផ្សេងៗ។ មានទាក់ទងនឹងវិទ្យាសាស្ត្រពិត និងឯកសារស្រាវជ្រាវផ្សេងៗ។ ក្នុងនោះក៏មានជ្រុងតម្រង់ទិសវិជ្ជាជីវៈ គឺសិស្សអាចស្រាវជ្រាវមុខជំនាញដែលគេចង់បន្តចាប់អាជីពរបស់គេនៅថ្ងៃអនាគត»។  


 
ចាប់តាំងពីឆ្នាំ២០១៣មក អង្គការស៊ីប៉ា បានទទួលការគាំទ្រ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នៅក្នុងការពង្រីកបណ្តាញ«បណ្ណាល័យ-មណ្ឌលធនធាន» (LLC) នៅតាមបណ្តារោងចក្រកាត់ដេរនៅកម្ពុជា។ នៅក្រោមគម្រោងនេះ អង្គការស៊ីប៉ា បានសហការបង្កើតបណ្តាល័យមណ្ឌលធនធាន នៅក្នុងរោងចក្រ ខេន ស្ព័ត ចាប់តាំងពីឆ្នាំ២០១៨មក ក្នុងបំណងឱ្យកម្មករ និងបុគ្គលិករោងចក្រ ពង្រីកចំណេះដឹងបន្ថែម និងបង្កើនប្រសិទ្ធភាពការងារពួកគេ តាមរយៈការអានសៀវភៅ។  លោក នី សុផល អ្នកគ្រប់គ្រងបណ្ណាល័យនៅវិទ្យាល័យហ៊ុន សែន ក្រាំងស្រម៉៖ «ជួយឱ្យគាត់មានចំណេះដឹងកាន់តែច្រើន ឱ្យគាត់រំសាយអារម្មណ៍បន្ទាប់ពីធ្វើការ គឺផ្តល់អត្ថប្រយោជន៍ឱ្យគាត់ច្រើន ធ្វើឱ្យគាត់ធ្វើការងារលឿន គំនិតរបស់គាត់អាចច្នៃប្រឌិតបានច្រើន។ គាត់មានចំណេះដឹងជាងមុន កាត់បន្ថយភាពធ្វើការងារខុស គាត់មានទំនួលខុសត្រូវ គាត់ធ្វើការហ្នឹងកាន់តែលឿន ហើយបង្កើតផលិតផលឱ្យកាន់តែមានប្រសិទ្ធភាពជាមុន»។


 
ឧស្សាហកម្មកាត់ដេរ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ ក្នុងមួយឆ្នាំៗ វិស័យនេះ បានបឺតស្រូបកម្លាំងពលកម្មប្រមាណ៨០ម៉ឺននាក់ និងរួមចំណែកក្នុងការនាំចេញប្រមាណ៨០ភាគរយ នៃការនាំចេញសរុបរបស់ប្រទេស។ ដ្បិតវិស័យនេះ មានសក្តានុពលខ្លាំង និងមានឱកាសការងារយ៉ាងច្រើនសម្បូរបែប ជាមួយនឹងប្រាក់ខែសមរម្យ ប៉ុន្តែសិស្សានុសិស្សដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ មិនសូវចាប់អារម្មណ៍ការងារនៅក្នុងរោងចក្រកាត់ដេរនោះទេ។ ហើយនេះគឺជាហេតុផលចម្បងមួយដែល កម្ពុជា នៅមិនទាន់អាចមានធនធានមនុស្សគ្រប់គ្រាន់ អាចជំនួសអ្នកជំនាញជាជនបរទេសបាននៅឡើយ។ 
 
កង្វះធនធានមនុស្សជំនាញក្នុងស្រុក ក្នុងវិស័យកាត់ដេរ ក៏រាំងស្ទះដល់ និរន្តរភាពនៃការវិនិយោគនិងប្រសិទ្ធភាព នៃផលិតកម្មរបស់រោងចក្រផងដែរ។  នេះជាកង្វល់របស់លោក  កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ លោក កាំង ម៉ូនីកា បញ្ជាក់៖ «កាលណាយើងពឹងផ្អែកទាំងស្រុង លើជំនាញបច្ចេកទេសពីបរទេស ទី១ ពាក់ព័ន្ធទៅនឹងតម្លៃ។ យើងដឹងហើយថា យើងជួលអ្នកជំនាញពីបរទេស គាត់មានតម្លៃខ្ពស់។ បញ្ហាទី២ វាពាក់ព័ន្ធទៅនឹងរឿងទំនាក់ទំនង រវាងថ្នាក់ក្រោម និងថ្នាក់លើ។ ជួនកាលការប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសាមួយចំនួនផង ការយល់ពីវប្បធម៌គ្នាទៅវិញទៅមក ក៏អាចជាបញ្ហាដែរ។ ជនជាតិផ្សេងគ្នា មានវប្បធម៌ផ្សេងគ្នា។ ការប្រើប្រាស់ភាសា កាយវិការ ខុសគ្នា ហើយជួនកាលបើមិនយល់គ្នា ក៏អាចក្លាយទៅជាវិវាទដែរ»។ 


 
ដំណើរការអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងឧស្សហកម្មកាត់ដេរ!
 
ដើម្បីកសាងសមត្ថភាពធនធានមនុស្សក្នុងឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ ឱ្យអាចទៅជំនួសជនបរទេសបាន GMAC បានបង្កើតវិទ្យាស្ថានបណ្តុះបណ្តាល ជំនាញវិស័យកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា CGTI។  វិទ្យាស្ថាននេះ បង្កើតឡើងក្នុងបំណងបង្រួមគម្លាត រវាងតម្រូវការផ្នែកបណ្តុះបណ្តាល និងការងារជាក់ស្តែងនៅក្នុងវិស័យកាត់ដេរ ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន CGTI បានបណ្តុះបណ្តាលជំនាញ ដែលមានតម្រូវការខ្លាំងនៅក្នុងរោងចក្រ ដល់សិស្សានុសិស្ស ជិត៦ ០០០នាក់ហើយ។ វិទ្យាស្ថាននេះ ក៏ធានាស្វែងរកការងារធ្វើ ឱ្យសិស្សទាំងអស់ផងដែរ ដោយសហការជាមួយរោងចក្រ ដែលជាសមាជិករបស់សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា។ 
 


រោងចក្រស្បែកជើង ខេន ស្ព័ត គឺជាសមាជិកមួយ ក្នុងចំណោមរោងចក្រសមាជិកជាច្រើនទៀតរបស់ សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា។ ខេន ស្ព័ត បានសហការយ៉ាងស្អិតល្មួត ក្នុងការទទួលយកសិស្សដែលបញ្ចប់ការសិក្សាវគ្គខ្លី ពីវិទ្យាស្ថាន CGTI ឱ្យចូលធ្វើការប្រមាណ២០នាក់ហើយ។  ពួកគេ កំពុងបម្រើការងារក្នុងផ្នែកវិស្វករឧស្សហកម្ម ពិនិត្យគុណភាព និងផ្នែកធនធានមនុស្សជាដើម។ សុខលី ក៏ស្ថិតក្នុងចំណោមអ្នកទាំងនោះដែរ។ 
 
អ្នកស្រី សេង ស្រីម៉ាច ប្រធានផ្នែកហ្វឹកហ្វឺន នៃរោងចក្រស្បែកជើង ខេន ស្ព័ត បានឱ្យដឹងថា រោងចក្រមានតម្រូវការបុគ្គលិក និងកម្មករច្រើន សម្រាប់ជួយនៅក្នុងដំណើរការ និងប្រតិបត្តិការផ្សេងៗ។ ការទទួលយកនូវធនធានមនុស្សជំនាញ ដែលជាអ្នករស់នៅតំបន់ជុំវិញរោងចក្រ នឹងធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពផលិតកម្មក្នុងរោងចក្រផងដែរ។ «ពួកគេ កំពុងចូលរួមដោយផ្ទាល់នៅក្នុងការតំណាង ឱ្យខេន ស្ព័ត ថាមិនមែនជ្រើសរើសតែកម្មករកាត់ដេរនោះទេ ក៏ជ្រើសរើសបុគ្គលិកជំនាញឱ្យបម្រើការងារក្នុងរោងចក្រ  ផ្តល់ បង្ហាញឱ្យយុវជននៅជនបទមើលឃើញថា គាត់ក៏មានឱកាស  ដែលខ្វះលទ្ធភាពបន្តការសិក្សា អាចជ្រើសរើសជំនាញការងារនៅក្នុងរោងចក្រ»។ 


 
កញ្ញា ហេង ណាវី ជាសិស្សម្នាក់ ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថាន CGTI ដែរ។ រយៈពេលជិត១ឆ្នាំហើយ ដែលណាវី បានចូលធ្វើការក្នុងផ្នែកបញ្ជាទិញ ក្នុងរោងចក្រមួយកន្លែង នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ណាវី អះអាងថា CGTI បានផ្លាស់ប្តូរនាង ឱ្យក្លាយជាមនុស្សថ្មីម្នាក់ ដែលមានការគិតគូរវែងឆ្ងាយ។ «វាល្អខ្លាំងមែនទែន ដែលនៅប្រទេសកម្ពុជាយើង មានវិទ្យាស្ថានបណ្តុះបណ្តាលជំនាញកាត់ដេរនៅកម្ពុជា ផ្តល់នូវចំណេះដឹង និងការងារ។ CGTI មិនត្រឹមតែផ្តល់នូវចំណេះជំនាញទេ ចំណេះធ្វើ ក៏ដូចជាផ្តល់ឱកាសការងារ ប៉ុន្តែបានផ្តល់នូវការអប់រំ ក៏ដូចជាសីលធម៌ ក្នុងការនិយាយស្តី ដែលធ្វើឱ្យយើងក្លាយជាមនុស្សម្នាក់ផ្សេងទៀត ដែលមានការអភិវឌ្ឍន៍ និងមានចំណេះដឹងខ្ពស់»។  
 
លោក ឆាយ វិចិ្ឆកា គឺជាអតីតសិស្សជំនាន់ទី១ ដែលបានបញ្ចប់ការសិក្សាពី CGTI។ បច្ចុប្បន្ន លោកគឺជាជំនួយការប្រធានរដ្ឋបាល នៅរោងចក្រកាត់ដេរកាបូបមួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ។ លោក ឆាយ វិច្ឆិកា សប្បាយចិត្តណាស់ ដែលខ្លួនបានក្លាយជាធនធានមនុស្សជំនាញមួយរូប នៅក្នុងឧស្សាហកម្មដ៏មានសក្តានុពលមូយនេះ។ «សម្រាប់ខ្ញុំ គឺសប្បាយចិត្តខ្លាំងមែនទែន ដែលបានចូលរួមក្នុងវិស័យនេះ ហើយបានចូលរួមចំណែកជាកម្លាំងយុវជនម្នាក់ ដែលទទួលបានការអប់រំ បណ្តុះបណ្តាល ក៏ដូចជាគួបផ្សំនឹងសមត្ថភាពដែលយើងមាន និងការប្រឹងប្រែងរបស់យើង គឺខ្ញុំពេញចិត្តខ្លាំងមែនទែន ក្នុងធ្វើការក្នុងវិស័យនេះ។ អ៊ីចឹងក៏ខ្ញុំជំរុញឱ្យបងប្អូនដទៃ ធ្វើដូចខ្ញុំដែរ ឬប្រឹងប្រែងឱ្យល្អជាងខ្ញុំទៀត ដើម្បីប្រទេសយើងទាំងអស់គ្នា ក៏ដូចជា គ្រួសារយើង និងខ្លួនយើងផ្ទាល់»។ 


 
មិនខុសពីអតីតសិស្ស CGTI ដទៃទៀតដែរ សុខលី ដែលកំពុងតែជោគជ័យក្នុងអាជីពការងារក្នុងឧស្សាហកម្មកាត់ដេរ  ក៏លើកទឹកចិត្ត ដល់យុវជន ពិសេសសិស្សានុសិស្ស ដែលបញ្ចប់ថ្នាក់បាក់ឌុប ឱ្យងាកមកចាប់អារម្មណ៍ពីសក្តានុពលការងារ ក្នុងវិស័យកាត់ដេរដែរ។ រ ។ «ខ្ញុំចង់លើកទឹកចិត្តសិស្សានុសិស្ស ដែលគាត់កំពុងតែសិក្សាថ្នាក់ទី១០ ១១ ទី១២ ជាពិសេសសម្រាប់សិស្សដែលគាត់អត់ទាន់មានគោលដៅច្បាស់លាស់ ដូចខ្ញុំពីមុនអ៊ីចឹងដែលគិតថារៀនឱ្យតែចប់ទី១២។ អត់ដឹងពេលរៀនចប់ទៅ ត្រូវធ្វើការអ្វី ត្រូវរើសជំនាញអី ត្រូវយ៉ាងម៉េចបន្តទៀត។ អ៊ីចឹងចង់ឱ្យគាត់ងាកមកខាងវិស័យឧស្សាហកម្មហ្នឹង ព្រោះវាមានអត្ថប្រយោជន៍ច្រើន។ មិនមែនការងារនៅក្នុងឧស្សាហកម្មហ្នឹង អត់មានតម្លៃ ឬក៏ប្រាក់ខែតិចទេ។ វាអាស្រ័យទៅយើង! យើងមានជំនាញ មានសមត្ថភាព យើងមានឱកាសច្រើន ហើយអត្ថប្រយោជន៍ ក៏មានច្រើនដែរ។ អ៊ីចឹង លើកទឹកចិត្តឱ្យគាត់ងាកមកខាងវិស័យឧស្សាហកម្មកាត់ដេរ នៅកម្ពុជា។ នៅខ្វះធនធានមនុស្សជាច្រើន នៅមានផ្នែកជាច្រើនដែលកំពុងរង់ចាំ»។
 
លោក កាំង ម៉ូនីកាវិញក៏សង្ឃឹមដែរថា តាមរយៈវិទ្យាស្ថាន CGTI គម្លាតនៃអ្នកជំនាញនៅក្នុងវិស័យកាត់ដេរ នឹងកាន់តែរួមតូចទៅៗ ហើយឧស្សាហកម្មមួយនេះកាន់តែបោះជំហានទៅមុខ ជាមួយនឹងនិរន្តរភាព។ «ខ្ញុំគិតថាផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា មិនមែនតែសម្រាប់វិស័យកាត់ដេរទេ ព្រោះថាយើងដឹងហើយនៅក្នុងជំនាញឧស្សាហកម្មមួយចំនួន មូលដ្ឋានវាដូចគ្នា។ អ៊ីចឹងទោះបីថ្ងៃក្រោយទៅ ប្រទេសកម្ពុជាយើង ធ្វើពិពិធកម្មសេដ្ឋកិច្ច យើងមានវិស័យផ្សេងៗទៀតចូលមកក៏ដោយ ក៏មនុស្សមួយចំនួនដែលបានទទួលបានការបណ្តុះបណ្តាលនៅក្នុងិវិស័យយើងហ្នឹង អាចធ្វើការផ្លាស់ប្តូរ ទៅបម្រើការងារនៅក្នុងវិស័យផ្សេងៗដែរ។ ឧទាហរណ៍វិស័យយានយន្ត វិស័យអេឡិចត្រូនិក ឬក៏ការកែច្នៃម្ហូបអាហារជាដើម។ មូលដ្ឋានឧស្សាហកម្មវាដូចគ្នាទេ អ៊ីចឹងមេរៀនដែលរៀននៅក្នុងវិស័យកាត់ដេរមួយចំនួន ក៏អាចយកទៅអនុវត្តនៅក្នុងវិស័យផ្សេងៗទៀតបានដែរ។ យើងអាចនិយាយបានថា យើងបានចូលរួមចំណែកនៅក្នុងការកសាងមូលដ្ឋានគ្រឹះមួយ សម្រាប់ការរីកលូតលាស់នៃវិស័យឧស្សាហកម្មរបស់កម្ពុជាយើង»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com