ជាតិ
សេដ្ឋកិច្ច
មិនដល់មួយខែឡើយ កសិករម្នាក់ខាតជាង៥០ម៉ឺនដុល្លារ ក្រោយជ្រូកងាប់បោសទ្រុង
22, Jan 2022 , 3:59 pm        
រូបភាព
មេជ្រូកផើមចំនួន១៦០ក្បាល បា៤ក្បាល និងកូនជិត៥០០ក្បាល បានងាប់បន្តបន្ទាប់គ្នាក្នុងរយៈមិនដល់មួយខែឡើយ ដែលធ្វើឱ្យលោកស្រី សាត ស្រីពៅ រងការខាតបង់ជាង៥០ម៉ឺនដុល្លារ។ កសិកររូបនេះ អះអាងថា ជ្រូកងាប់រាប់រយក្បាលក្នុងរយៈពេលដ៏ខ្លីនេះ ទំនងជាជំងឺប៉េស្តអាហ្រ្វិក ដ្បិតជ្រូកទាំងនោះបានចាក់វ៉ាក់សាំងរួចរាល់។

 
លោកស្រី សាត ស្រីពៅ ជាម្ចាស់កសិដ្ឋានចិញ្ចឹម និងបង្កាត់កូនជ្រូកលក់ម្នាក់ នៅឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានឱ្យដឹងកាលពីថ្ងៃទី១៦មករាថា យ៉ាងហោចណាស់មានមេជ្រូកផើមចំនួន១៦០ក្បាល បា៤ក្បាល និងកូនជិត៥០០ក្បាលបានងាប់យ៉ាងរហ័សក្នុងរយៈពេលមិនដល់មួយខែឡើយ ពោលគឺចាប់ពីពាក់កណ្ដាលខែធ្នូឆ្នាំ២០២១ ដល់ថ្ងៃទី១១ខែមករាឆ្នាំ២០២២។ លោកស្រី អះអាងថា ជ្រូករាប់រយក្បាលបានងាប់ក្នុងរយៈពេលដ៏ខ្លីនេះ ទំនងជាជំងឺប៉េស្តអាហ្រ្វិក ដ្បិតជ្រូកទាំងនោះបានចាក់វ៉ាក់សាំងរួចរាល់។
 
លោកស្រី សាត ស្រីពៅ ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ជ្រូកទាំងអស់បានឈឺ បន្តបន្ទាប់គ្នារហូត ហើយយើងក៏ព្យាយាមព្យាបាលដូចជា ដាក់ថ្នាំ អស់លទ្ធភាពហើយ។ ខ្ញុំមិនដឹងថាជាជំងឺអ្វីឱ្យប្រាកដនោះទេ តែពេទ្យសត្វថាជាជំងឺប៉េស្តជ្រូកអាហ្រ្វិក។ វា (ជ្រូក)ងាប់ម្ដងៗច្រើនណាស់ទាំងមេ និងកូន។ ជ្រូកផើមទាំង១៦០ក្បាលហ្នឹង សុទ្ធតែត្រូវកើតកូននៅខែមករានេះទាំងអស់ បើគិតប្រហែល១ពាន់ក្បាលដែរ សម្រាប់កូនក្នុងពោះ។  និយាយទៅ អត់ដល់មួយខែផង ងាប់អស់រលីងម៉ង»។ 


 
លោកស្រី សាត ស្រីពៅ បានបញ្ជាក់ថា នេះជាលើកដំបូងដែលលោកស្រី ជួបប្រទះនឹងស្ថានភាពជំងឺដ៏អាក្រក់បែបនេះ ចាប់តាំងពីឆ្នាំ២០១៩មក។ កសិកររូបនេះ ត្អូញត្អែថា ការងាប់រាប់រយក្បាលនេះ បានធ្វើឱ្យលោកស្រីរងការខាតបង់ជាង៥០ម៉ឺនដុល្លារ ខណៈលោកស្រីកំពុងជំពាក់លុយធានាគារប្រមាណ៥ម៉ឺនដុល្លារ ដែលត្រូវរ៉ាបរងបង់១ពាន់ដុល្លារជារៀងរាលខែ។ ទោះបី រងការខាតបង់យ៉ាងច្រើនក្ដី ប៉ុន្តែលោកស្រី ស្រីពៅ គ្មានគំនិតចង់បោះបង់មុខរបរចិញ្ចឹមជ្រូកនេះចោលឡើយ ដោយរំពឹងចាប់ផ្ដើមចិញ្ចឹមឡើងវិញនៅពេលជំងឺស្ងប់ស្ងាត់។
 
លោកស្រី រៀបរាប់យ៉ាងដូច្នេះថា៖« បើគិតទៅ ខ្ញុំខាតមិនក្រោម៥០ម៉ឺនដុល្លារទេ ដោយយើងចំណាយធ្វើទ្រុងអស់ជិត៨ម៉ឺនដុល្លារហើយ។ ថ្លែទិញពូជជ្រូក១៦៤ក្បាលហ្នឹងអស់ប្រមាណ១០ ម៉ឺនដុល្លារទៀត និងការចំណាយទិញចំណីប្រចាំខែចន្លោះពី៥ទៅ៧ពាន់ដុល្លារ បូករួមទាំងការចំណាយលើកម្មករផ្សេងៗទៀត»។ 
 
«ខ្ញុំអត់បាក់ទឹកចិត្តទេ ព្រោះយើងដឹងមុនហើយថា មុខរបរនីមួយៗតែងតែមានហានិភ័យ ពិសេសរកស៊ីជាមួយសត្វ។ គ្រាន់តែថ្ងៃក្រោយ យើងត្រូវត្រៀមខ្លួនធ្វើយ៉ាងមិច ដើម្បីការពារកុំឱ្យមានវីរុសធំៗ កើតឡើងដូចពេលនេះ។ យើងនឹងចាប់ផ្ដើមម្ដងទៀត ប៉ុន្តែឥឡូវនេះផ្អាកចិញ្ចឹម ៣ ឬ៤ខែសិន ដើម្បីធានាថាវាមានសុវត្ថិភាពជាងនេះសិន»។ 
 
លោកស្រី សាត ស្រីពៅ បន្តថា មុនឈានដល់ការងាប់បោសទ្រុង ជ្រូកទាំងនោះមានអាការៈដូចនឹងជំងឺផ្ដាសាយដែរ ដូចជា មានហៀរសំបោ ឬក្ដៅខ្លួនជាដើម។ ក្នុងរយៈតែ២ ឬ៣ថ្ងៃប៉ុណ្ណោះ ជ្រូកចាប់ផ្ដើមលែងស៊ីចំណី និងងាប់ជាបន្តបន្ទាប់។
 
ទន្ទឹមនឹងការខាតបង់នេះ លោកស្រី សង្កេតឃើញថា អ្នកចិញ្ចឹមជ្រូកក្នុងស្រុក ភាគច្រើនប្រឈមនឹងបញ្ហាទីផ្សារ ពិសេសងាយឆ្លងជំងឺផ្សេងៗ ដោយសារកសិករទាំងនោះពុំទទួលបានព័ត៌មានគ្រប់គ្រាន់ពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ។ ដូច្នេះ លោកស្រី ស្នើឱ្យក្រសួងកសិកម្ម ជួយពិនិត្យតាមដានរាល់ស្ថានភាពជំងឺជ្រូក ដើម្បីផ្ដល់ព័ត៌មានដល់ពលរដ្ឋត្រៀមបង្ការជាមុន។ 


 
លោកស្រី ប្រាប់ដូច្នេះថា៖« ខ្ញុំសុំឱ្យខាងក្រសួងពាក់ព័ន្ធ គាត់ចាប់អាម្មណ៌លើចំណុចមួយចំនួនផង ហើយជួយកាត់បន្ថយហានិភ័យរបស់ពលរដ្ឋដែលគាត់ជួបបញ្ហគ្មានទីផ្សារ និងកើតជំងឺទាំងអស់ហ្នឹង។ ក្រសួង គាត់គួរតែព្យាករណ៍ដឹងមុនថា ខែនេះ ឬឆ្នាំនេះមានជំងឺអ្វីកើតឡើង ។ អ៊ីចឹង គាត់គួរតែចែករំលែកព័ត៌មានឱ្យពលរដ្ឋយើង ដឹងមុនថាជា ជំងឺប៉េស្តអាហ្រ្វិក ឬជំងឺអ្វីផ្សេង»។ 
 
បើតាម លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗ២៥ កាលពីថ្ងៃទី១មករាថា ជ្រូកងាប់ភាគច្រើនបណ្ដាលមកពីជំងឺប៉េស្តអាហ្រ្វិក ដែលកើតលើកសិករមួយចំនួន ដែលចិញ្ចឹមគ្មានរបៀបរាបរយ និងមិនស្ដាប់ការណែនាំរបស់ក្រសួងកសិកម្ម។ លោក រៀបរាប់ថា ការចិញ្ចឹមជ្រូកបែបថ្មី គឺត្រូវចិញ្ចឹមជាលក្ខណៈបិទជិត ឬហៅថាជីវៈសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនចិញ្ចឹមតាមលក្ខណៈគ្រួសារ។ អ្នកខ្លះយកសាច់ជ្រូកពីខាងក្រៅចូល  ដែលអាចជាប្រភពនៃជំងឺ។  
 
រដ្ឋមន្រ្តីរូបនេះ អះអាងដូច្នេះ៖« ភាគច្រើននៃជ្រូក ដែលងាប់ទាំងនោះ គឺជាជំងឺប៉េស្តអាហ្រ្វិក ព្រោះកន្លងទៅនេះឃើញថាប្រទេសជិតខាងយើងដូចជាថៃ និងវៀតណាមឆ្លង»។ 
 
ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងដែរថា ជ្រូករាប់ពាន់ក្បាល បានងាប់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ធ្វើឱ្យមួយចំនួនបាក់ទឹកចិត្ត បោះបង់ការចិញ្ចឹម។ ដូច្នេះ លោក អំពាវនាវឱ្យកសិករកុំបាក់ទឹកចិត្ត ចាប់ផ្ដើមចិញ្ចឹមជ្រូកឡើងវិញ ដើម្បីជំរុញដល់ការផ្គត់ផ្គង់ជ្រូកក្នុងស្រុក។ 
 
បច្ចុប្បន្ន ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងផ្ទុះខ្លាំងនៅប្រទេសថៃ និងវៀតណាម ខណៈតម្រូវការសាច់ជ្រូកប្រទេសទាំងពីរនេះមានកើនឡើង។ លោក ស្រ៊ុនពៅ បានអះអាងថា រយៈពេល២ ឬ៣ខែទៀត កម្ពុជាអាចនឹងប្រឈមខ្វះសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារ ដូចថៃ និងវៀតណាមដែរ ប្រសិនបើ កសិករមិនរួមគ្នាចិញ្ចឹមជ្រូកឡើងវិញ៕ 
 

Tag:
 ជ្រូក
  ជំងឺប៉េស្តអាហ្រ្វិក
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com