ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
១៨ឆ្នាំកន្លងផុតទៅ ការទាមទាររកយុត្តិធម៌ជូនលោក ជា វិជ្ជា នៅតែបន្ត
22, Jan 2022 , 2:00 pm        
រូបភាព
បុរសម្នាក់ បានអុជធូបគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅទីតាំងរូបសំណាកលោក នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ជាថ្ងៃរម្លឹកខួប១៨ឆ្នាំនៃការបាញ់សម្លាប់លោក។ រូបពីគណនីហ្វេសប៊ុកឈ្មោះ ពោធិ៍សាត់ កំណើតខ្ញុំ
បុរសម្នាក់ បានអុជធូបគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅទីតាំងរូបសំណាកលោក នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ជាថ្ងៃរម្លឹកខួប១៨ឆ្នាំនៃការបាញ់សម្លាប់លោក។ រូបពីគណនីហ្វេសប៊ុកឈ្មោះ ពោធិ៍សាត់ កំណើតខ្ញុំ
សាច់ញាតិ អង្គការសង្គមស៊ីវិល មេសហជីព កម្មករ និង អ្នកគោរពស្រឡាញ់លោក ជា វិជ្ជា ជាមេសហជីពដ៏ល្បីល្បាញនៅកម្ពុជា មិនព្រមដកឆន្ទៈក្នុងការទាមទាររកយុត្តិធម៌ជូនលោក ជា វិជ្ជា ចេញពីចិត្តរបស់ពួកគេឡើយ។ ដូចរាល់ឆ្នាំ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ ពួកគេ បានទៅប្រមូលផ្តុំគ្នានៅទីតាំងរូបសំណាកលោក ជា វិជ្ជា នៅខាងលិចវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក និងប្រារព្ធពិធីរម្លឹកខួប១៨ឆ្នាំនៃការបាញ់សម្លាប់លោក។



ឈរពីមុខរូបសំណាកលោក ជា វិជ្ជា ជាបង លោក ជា មុនី ដែលជាប្អូន បានប្រកាសជាថ្មីថា៖«បងប្អូនសាច់សាលោហិតរបស់លោក ជា វិជ្ជា នៅតែទទូចឲ្យរកឃាតកដដែល។ ខ្ញុំ នៅក្មេងនៅឡើយ អត់ទាន់មានជំងឺអី ដែលត្រូវយាយីឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំ តាមសង្កេតមើលឃាតកម្មហ្នឹងរហូតអស់មួយជីវិត»។

លោក រ៉ុង ឈុន ជាមេសហជីពដ៏លេចធ្លោម្នាក់ ហើយក៏ជាមិត្តភក្តិរបស់លោក ជា វិជ្ជា ដែរនោះ បានថ្លែងបន្ទាប់ពីលោក ជា មុនី ថា៖«ពលរដ្ឋខ្មែរ ទទ្ទឹងរង់ចាំមើលថា តើយុត្តិធម៌សម្រាប់លោក ជា វិជ្ជា នៅទីណា? តែទីបំផុត១៨ឆ្នាំ មិនឃើញស្រមោលយុត្តិធម៌ មិនឃើញពន្លឺយុត្តិធម៌។...សូមឲ្យអាជ្ញាធរកម្ពុជា ត្រូវតែពន្លឿនក្នុងការស៊ើបអង្កេតរកឃាតកពិត និងអ្នកនៅពីក្រោយខ្នងឃាតក យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនដល់សពលោក ជា វិជ្ជា»។

អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សរសេរលើគណនីហ្វេសប៊ុកថា៖«...ខ្ញុំ ក៏បានដឹងពីរឿងរ៉ាវឃាតកម្មលើលោក ជា វិជ្ជា ពីពេលនោះមក ហើយក៏រំពឹងថា ក្រុមគ្រួសារ និងអ្នកស្រឡាញ់រាប់អានរបស់គាត់ នឹងទទួលបានយុត្តិធម៌ និងដឹងការពិតពីក្រោយឃាតកម្មនោះ។ ថ្ងៃនេះ ជាខួប១៨ឆ្នាំនៃឃាតកម្មលើរូបលោក តែពន្លឺយុត្តិធម៌នៅតែងងឹតសូន្យឈឹង...»។

លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស និងជាអ្នកនយោបាយប្រឆាំង ដែលធ្លាប់ទទួលបានការគាំទ្រពីលោក ជា វិជ្ជា កាលពីលោក ជា វិជ្ជា នៅរស់ បានបង្ហោះលើទំព័រហ្វេសប៊ុកនូវវីដេអូខ្សែភាពយន្ត ដែលមានចំណងថា «អ្នកណា សម្លាប់ ជា វិជ្ជា?»។ ខ្សែភាពយន្តនេះ ផលិតដោយក្រុមហ៊ុន Loud Mouth Films របស់អាម៉េរិក។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចតាំងពីក្រោយការដួលរលំរបបខ្មែរក្រហមមក បានបញ្ចេញមតិតាមបណ្តាញតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែតថា៖«រឿងឃាតកម្ម១៨ឆ្នាំមកហើយ ក៏គេ លើកយកមកផ្សាយធ្វើដូចជារឿងថ្មី នេះជាចេតនាអាក្រក់របស់ពួកអាក្រក់។ ទាមទាររកយុត្តិធម៌ឲ្យមេសហជីព១៨ដងមកហើយ នេះគ្រាន់តែឆាកល្ខោន ដែលគេ យកមកលេង១ឆ្នាំម្តងប៉ុណ្ណោះ ទោះអត់មនុស្សមើលក៏ដោយ»។

សូមរម្លឹកថា លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់ កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់អត្ថបទកាសែត ដែលជាប់នឹងរបងខាងលិចនៃវត្តលង្កា រាជធានីភ្នំពេញ។ បុរស២នាក់ គឺប៊ន សំណាង និង សុខ សំអឿន ត្រូវចាប់ខ្លួន ក្រោមការចោទប្រកាន់ពីតុលាការថា ជាឃាតក ដែលបាញ់សម្លាប់លោក ជា វិជ្ជា។ ពួកគេទាំង២នាក់ ត្រូវតុលាការភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំក្នុងម្នាក់ៗ។

ប៊ន សំណាង និង សុខ សំអឿន បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍ បានសម្រេចដូចតុលាការភ្នំពេញ គឺឲ្យពួកគេ ជាប់ពន្ធនាគារ២០ឆ្នាំដដែល។ ពួកគេ បន្តប្តឹងជំទាស់ទៅតុលាការកំពូល។ នៅឆ្នាំ២០០៨ តុលាការកំពូល សម្រេចដោះលែងពួកគេ ហើយបង្គាប់ឲ្យសាលាឧទ្ធរណ៍ ស៊ើបអង្កេតលើករណីរបស់ពួកគេឡើងវិញ។ ផ្ទុយពីតុលាការកំពូល សាលាឧទ្ធរណ៍ នៅតែសម្រេចឲ្យពួកគេ ជាប់ពន្ធនាគារ២០ឆ្នាំ ហើយថែមទាំងចាប់ពួកគេ យកទៅឃុំវិញ នៅឆ្នាំ២០១២។ រហូតដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ពួកគេ ក៏ត្រូវបានតុលាការកំពូល ដោះលែងវិញ និងទម្លាក់បទចោទចេញពីពួកគេ។ សរុបទៅ ពួកគេ ជាប់ពន្ធនាគារអស់ប្រមាណ៥ឆ្នាំ។ 

តាំងពីដើមទីមក សាច់ញាតិរបស់លោក ជា វិជ្ជា និង អង្គការសង្គមស៊ីវិលមួយចំនួន មិនដែលជឿសោះឡើយថា ប៊ន សំណាង និង សុខ សំអឿន ជាឃាតកពិត។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់ខួបរម្លឹកការបាញ់សម្លាប់លោក ជា វិជ្ជា សាច់ញាតិ និងអង្គការសង្គមស៊ីវិល តែងទទូចឲ្យអាជ្ញាធរកម្ពុជា ស្វះស្វែងរកឃាតកពិត ដែលបាញ់សម្លាប់លោក ជា វិជ្ជា យកទៅផ្តន្ទាទោស។

ក្រៅពីលោក ជា វិជ្ជា នៅមានមេសហជីព អ្នកកាសែត អ្នកសិល្បៈ និង បុគ្គលល្បីៗផ្សេងទៀត ដែលត្រូវបានគេលួចបាញ់ប្រហារដោយគ្រាប់កាំភ្លើង។ អ្នកទាំងនោះ មានដូចជា  អ្នកស្រី ពិសិដ្ឋ ពីលិកា ជាអ្នកសិល្បៈ ត្រូវបានបាញ់សម្លាប់ នៅថ្ងៃ៦កក្កដា ឆ្នាំ១៩៩៩ ព្រះតេជគុណ សំ ប៊ុនធឿន ជាអ្នកបង្កើតពុទ្ធមណ្ឌលនៅកម្ពុជា ត្រូវបានបាញ់ឲ្យសុគត នៅថ្ងៃ៨កុម្ភៈ ឆ្នាំ២០០៣ កញ្ញា ទូច ស៊ុននិច ជាអ្នកសិល្បៈ ត្រូវបានបាញ់ នៅថ្ងៃ២១តុលា ឆ្នាំ២០០៣ (មិនបាត់បង់ជីវិត) លោក រស់ សុវណ្ណារ៉េត ជាមេសហជីព ត្រូវបានបាញ់សម្លាប់ នៅថ្ងៃ៧ឧសភា ឆ្នាំ២០០៤ លោក ហ៊ី វុទ្ធី ជាមេសហជីព ត្រូវបានបាញ់សម្លាប់ នៅថ្ងៃ២៤កុម្ភៈ ឆ្នាំ២០០៧ កញ្ញា ពៅ បញ្ញាពេជ្រ ជាអ្នកសិល្បៈ ត្រូវបានបាញ់ នៅថ្ងៃ២៣កុម្ភៈ ២០០៧ (មិនបាត់បង់ជីវិត) លោក ឃឹម សំបូរ ជាអ្នកសារព័ត៌មាននៃកាសែតមនសិការខ្មែរ ត្រូវបានបាញ់សម្លាប់ នៅថ្ងៃ១១កក្កដា ឆ្នាំ២០០៨ លោក ឈុត វុទ្ធី ជាអ្នកការពារព្រៃឈើ ត្រូវបានបាញ់សម្លាប់ នៅថ្ងៃ២៦មេសា ឆ្នាំ២០១២ លោក កែម ឡី អ្នកវិភាគ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ត្រូវបានបាញ់សម្លាប់ នៅថ្ងៃ១០កក្កដា ឆ្នាំ២០១៦ ។ល។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច១ ស្តីពីការបង្កើតគណៈកម្មការស៊ើបអង្កេតពិសេសក្នុងករណីឃាតកម្មលើមេសហជីព៣រូប គឺលោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង លោក រស់ សុវណ្ណារ៉េត។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេ មិនទាន់ឃើញមានការផ្សព្វផ្សាយពីលទ្ធផលការងារស៊ើបអង្កេតរបស់គណៈកម្មការនេះនោះទេ៕

Tag:
 ជា វិជ្ជា
  ខួប១៨ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com