ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃជិត៨០០ហិកតាទៀត ដែលរងការទន្ទ្រាន លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បាចេញដីកាប្រកាសដកហូតដីព្រៃ ដែលរងការកាប់ទន្ទ្រាន និងយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ដោយជនអនាមិក។ បើតាមដីការដ្ឋបាលខេត្តកំពង់ស្ពឺ ដីព្រៃរងការទន្ទ្រាននោះ មានទំហំ ៧៨៤ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមដីកា ដែលមានការចុះហត្ថលេខាសម្រេចពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីទុកសិទ្ធិតវ៉ា ចំពោះការដកហូតដីព្រៃរដ្ឋខុសច្បាប់ជិត៨០០ហិកតាខាងលើនេះ។
ដីកាខាងលើនេះ បន្តទៀតថា រដ្ឋាបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ការិយាល័យដែនជម្រកសត្វព្រៃ អនុគណៈកម្មាធិការខេត្ត ក្រុមការងារបង្ក្រាបការទន្ទ្រានយកដីព្រៃរបស់រដ្ឋ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តដីកានេះ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញលិខិតដកហូតដីព្រៃជាង៣០០ហិកតារួចមកហើយ នៅចំណុចត្រពាំងប្រមឹក ភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដែលត្រូវគេទន្ទ្រានទៅកាន់កាប់ដោយខុសច្បាប់៕ Tag:
ទន្ទ្រានព្រៃខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com