ជាតិ
ក្រុមហ៊ុនណាហ្គាថា គ្មានចេតនាបំបាត់សំឡេងសហជីពឡើយ ខណៈខាត៧៧លានដុល្លារ នៅឆមាសទី១ ឆ្នាំមុន
24, Jan 2022 , 5:04 pm        
រូបភាព
បុគ្គលិកណាហ្គាវើលតវ៉ានៅថ្ងៃទី២៤ ធ្នូ ២០២១ នៅខាងក្រុមហ៊ុន។ រូបដោយ វតី
បុគ្គលិកណាហ្គាវើលតវ៉ានៅថ្ងៃទី២៤ ធ្នូ ២០២១ នៅខាងក្រុមហ៊ុន។ រូបដោយ វតី
ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញមុខអះអាងថា ខាតបង់ប្រាក់ជាង៧៧លានដុល្លារ ដោយសារវិបត្តិកូវិដ-១៩ នៅឆមាសទី១ នៃឆ្នាំ២០២១ ។ លើសពីនេះ ការចោទប្រកាន់ថា ក្រុមហ៊ុនមានចេតនាបាត់សំឡេងសហជីព គឺមិនពិតឡើយ។

 
ក្រុមហ៊ុនណាហ្គាវើលដ៍បានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈ បញ្ជាក់ថា វិបត្តិកូវីដ-១៩ ធ្វើឲ្យទំហំអាជីវកម្មធ្លាក់ចុះ ហើយត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយមួយចំនួន ដើម្បីទប់ស្កាត់ហានិភ័យ នៃផលប្រយោជន៍ក្រុមហ៊ុន រួមទាំងភាគីពាក់ព័ន្ធ។ ការកាត់បន្ថយចំណាយនេះ គឺផ្ដោតលើធនធានមនុស្ស ជាពិសេសផ្នែកនានា ដែលមានបុគ្គលិកច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាព។ 
 
បុគ្គលិកដែលរងផលប៉ះពាល់សរុបមាន ១៣២៩នាក់ មានតែបុគ្គលិក៣៦០នាក់ប៉ុណ្ណោះ ដែលបដិសេធមិនព្រមចុះកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ។ ការបញ្ចប់កិច្ចសន្យាការងារនេះ ធ្វើឡើងតាមវិធានការច្បាប់​ និងតាមបទដ្ឋានក្រសួងការងារ។ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបង្ហាញពីទំហំខាតបង់ថា៖ «របាយការណ៍លទ្ធផលបណ្ដោះអាសន្នរបស់ក្រុមហ៊ុន បានកត់ត្រានូវការខាតបង់សុទ្ធចំនួន ៧៧លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២១»។ 
 
ការកាត់បន្ថយបុគ្គលិកនេះ ភាគីក្រុមហ៊ុនបានបកស្រាយថា ខ្លួនធ្វើឡើងដោយមិនគិតពីឋានៈ និងលម្អៀងទៅខាងណាមួយឡើយ។ «ការសម្រេចជ្រើសរើសបុគ្គលិកដែលរងផលប៉ះពាល់ គឺផ្អែកលើវិធានការផ្ទៃក្នុង និងដោយផ្អែកលើតម្រូវការអាជីវកម្ម ផលិតភាពកន្លងមក ការរួមចំណែក និងការប្ដេជ្ញាចិត្តរបស់បុគ្គលិក និងផ្អែកលើមូលដ្ឋានផ្សេងទៀត ដោយមិនគិតថាជាបុគ្គលិកសមាជិកសហជីព ឬមិនមែនសមាជិកសហជិព ជាបុគ្គលិកខ្មែរ ឬបរទេស ជាបុគ្គលិកជួរមុខ ឬថ្នាក់គ្រប់គ្រងនោះទេ»។ នេះបើតាមការបកស្រាយរបស់ក្រុមហ៊ុន ដោយបានអះអាងថា ក្រុមហ៊ុនមិនយកហេតុផលសមាជិកសហជីពទៅកាត់បន្ថយបុគ្គលិក ដូចការចោទប្រកាន់របស់សហជីពឡើយ។ 


 លោក ឃុន ថារ៉ូ មន្រី្តនៃអង្គការសង់ត្រាល់។ រូបពីទំព័រហ្វេសប៊ុករបស់លោក ថារ៉ូ

យ៉ាងណាក្ដី លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ បានលើកឡើងថា ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ដូចករណីណាហ្គាវើលដ៍ គឺត្រូវតែធ្វើឡើងតាមការស្របតាមអធិការកិច្ចការងារ។ ប៉ុន្តែអ្វីដែលអ្នកតាមដានសិទ្ធិការងាររូបនេះ មើលឃើញ គឺក្រុមហ៊ុនប្រើនីតិវិធីស្នើសុំបញ្ឈប់បុគ្គលិកខុស  ហើយការទូទាត់គុណប្រាក់សំណងមិនត្រឹមត្រូវតាមច្បាប់។ 
 
ពាក់ព័ន្ធនឹង បុគ្គលិក៣៦៥នាក់ ដែលមិនព្រមទទួលសំណងនោះ ព្រោះការទូទាត់ប្រាក់សំណងខុស និងមួយចំនួនជាតំណាងសហជីព។ «ដូច្នេះ ភាគីក្រុមហ៊ុនត្រូវញែកបញ្ហាទាំងពីរនេះ ដាច់ដោយឡែក ហើយដោះស្រាយដោយស្មោះត្រង់»។ នេះបើតាមលោក ឃុន ថារ៉ូ
ដោយបានបន្ថែមថា បុគ្គលិកតវ៉ារាប់រយនាក់កន្លងមក មានទាំងអ្នកដែលត្រូវគេបញ្ឈប់ និងអ្នកកំពុងបំពេញការងារផងដែរ។ លោកបន្តថា ពួកគេទាំងនោះ ត្រូវការសហជីពនៅកន្លែងការងារ ដើម្បីការពារសិទ្ធិរបស់ពួកគេ។ 
 
លោក ឃុន ថារ៉ូ សង្កត់ធ្ងន់ថា ក្រុមហ៊ុនគួរដោះស្រាយឲ្យភាគីតំណាងសហជីព ចូលបម្រើការងារវិញ។ លោកថា ក្រុមហ៊ុនក៏អាចធ្វើកិច្ចសន្យាការងារព្យួរសហជីពទាំងនោះ ក្នុងរយៈពេលណាមួយ ដោយផ្ដល់ប្រាក់សមរម្យទម្រាំដល់ក្រុមហ៊ុន ត្រូវការធនធានមនុស្សឡើងវិញ។ លោក ឃុន ថារ៉ូ ដោយសង្កត់ធ្ងន់ថា៖ «វិវាទការងារនេះ ដោះស្រាយទៅបានក៏ត្រូវដោះស្រាយតាមរយៈការដោះលែងថ្នាក់ដឹកនាំសហជីពទាំង៨រូប របស់ពួកគេចេញសិនដែរ ព្រោះពួកគេជាប់ឃុំហើយបុគ្គលិកទាំងនោះ បានផ្ដិតមេដៃក្នុងការជាតំណាងស្របច្បាប់ចរចា ដើម្បីស្វែងរកដំណោះស្រាយ»។ 
 
ក្រុមអ្នកតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ថា ក្រុមហ៊ុនរើសអើងសហជីព។ តែក្រុមហ៊ុនអះអាងថា ចាប់តាំងពីឆ្នាំ១៩៩៥មក ក្រុមហ៊ុនតែងតែលើកទឹកចិត្តឲ្យបុគ្គលិកបង្កើតសហជីព យកចិត្តទុកដាក់លើប្រយោជន៍ សុខមាលភាព និងសិទ្ធិបុគ្គលិក។
 
ចុងឆ្នាំ២០២០ ក្រុមហ៊ុនមានបុគ្គលិកជាង៨៣០០នាក់ ក្នុងនោះមាន សមាជិកសហជីពជាង៣៩០០នាក់ ពោលគឺមាន៤៧ភាគរយ ។ នៅចុងឆ្នាំ២០២១នេះ ចំនួនបុគ្គលិកមានត្រឹមតែ៦១០០នាក់ ក្នុងនោះ មានសមាជិកសហជីពជាង២៥០០នាក់ គឺស្មើ៤២ភាគរយ ។ 
 
បុគ្គលិកណាហ្គាវើលដ៍ បានតវ៉ាចាប់ថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ ចូលបម្រើការងារវិញ។ ប៉ុន្តែការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ រហូតដល់មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំសហជីព និងសកម្មជនតវ៉ា ២៩នាក់។ មកដល់ពេលនេះ សមត្ថកិច្ច បានដោះលែងសកម្មជនតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍២០នាក់ ហើយ៩នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕ 
 
 
 

Tag:
 ណាហ្គាវើលដ៍
  វិវាទការងារ
  សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com