កីឡាអន្តរជាតិ
អន្តរជាតិ
ចិន រកឃើញអ្នកចូលរួមអូឡាំពិក២៨នាក់ទៀតឆ្លងកូវីដ-១៩
31, Jan 2022 , 6:29 pm        
រូបភាព
នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងនឹងបើកការប្រកួតជាផ្លូវការ។ ស្របពេលនេះ ម្ចាស់ផ្ទះចិនបានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែមទៀត ដែលកើនដល់ ១១៩ករណី។ អ្នករៀបចំកីឡាអូឡាំពិកចិន បង្កើនការរឹតបន្តឹង ដោយឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយត្រូវនៅដាច់ដោយឡែកពីសាធារណៈជន។


អ្នករៀបចំកីឡារដូវរងា នៅថ្ងៃទី៣០ ខែមករាបានបង្ហាញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៣៧នាក់ទៀតដែលពាក់ពាន់អូឡាំពិក ក្រោយពួកគបានធ្វើតេស្តនៅពេលទៅដល់ព្រលានយន្តហោះក្រុងប៉េកាំង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៧ករណី មានអត្តពលិក២៨រូប មន្ត្រី៨រូប និងបុគ្គលិកម្នាក់ ក្រោយការធ្វើតេស្តលើអ្នកពាក់ព័ន្ធប្រហែលពាននាក់ ដែលរួមមានគ្រូបង្វឹក មន្ត្រី អាជ្ញាកណ្តាល ប្រតិភូសហព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ។
 
គិតត្រឹមថ្ងៃទី៣១ ខែមករានេះ ម្ចាស់ផ្ទះចិនបានរកឃើញអ្នកឆ្លងសរុប១១៩ករណីហើយ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងបើកដំណើរការប្រកួតផ្លូវការពីថ្ងៃទី៤ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
 
ក្រោយករណីឆ្លងកាន់តែកើនឡើងច្រើន អ្នករៀបចំកីឡារដូវរងា បានបង្កើនការរឹតបន្តឹងបន្ថែមទៀតជាពិសេសនៅភូមិអូឡាំពិក ដោយមានការដឹកនាំជញ្ចូនអត្តពលិក មន្ត្រី បុគ្គលិក រួមទាំងប្រព័ន្ធផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីការពារមិនឱ្យពួកគេពាក់ព័ន្ធនៅទីសារធារណៈ។
 
អ្វីដែលគួរសោកស្តាយ កីឡាការិនី Valeria Vasnetsova អត្តពលិកប៊ីយ៉ាថ្លុងដ៏ល្បីរបស់រុស្សី បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩ ដល់ទៅ២ដង នៅពេលទៅដល់ក្រុងប៉េកាំង។ Vasnetsova វ័យ២៤ឆ្នាំ បានបង្ហោះលើបណ្តាញសង្គមថា មហិច្ឆតាកីឡាអូឡាំពិកឆ្នាំ២០២២របស់នាងបានបញ្ចប់ហើយ៕
 

Tag:
 Beijing 2022
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com