ជាតិ
ជាថ្មីម្តងទៀត កម្ពុជាប្រាប់ស្ថាប័នជាតិ និង​​អន្តរជាតិកុំព្រួយបារម្ភពី​អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិត
04, Feb 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ មន្រី្តជាន់ខ្ពស់កម្ពុជាឆ្លើយតបទៅសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលព្រួយបារម្ភពី​អនុក្រឹត្យស្ដីពីការបង្កើត ច្រកទ្វារអ៊ីនធឺណិតជាតិ ដោយអះអាងថា អនុក្រឹត្យនេះ គឺ​ដើម្បីពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ។ រីឯក្តីកង្វល់ទាក់ទងនឹងការ​លួចទាញយកព័ត៌មានឯកជន​ភាព​ តំណាងកម្ពុជា អះអាងថា នឹងមាន​ការបង្កើតច្បាប់ស្តីពីទិន្នន័យ​បុគ្គល។

 
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានបដិសេធដាច់អហង្ការ ចំពោះ សេចក្ដីថ្លែងការណ៍របស់អ្នករាយការពិសេសបីរូបជុំវិញ អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិត ដោយ​បាន​លើកឡើងថា ជាការមើលឃើញតែមួយជ្រុង។ បើតាម​តំណាងកម្ពុជា អនុក្រឹត្យនេះ ជាកម្លាំងចលករជំរុញ ការអភិវឌ្ឍនៅកម្ពុជា។ 
 
តំណាងកម្ពុជាពន្យល់​ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានថា អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិត (National Internet Gateway) គឺបង្កើតឡើងដើម្បីគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណិត ពង្រឹងសន្តិសុខជាតិ ប្រមូលពន្ធ ជួយរក្សាសណ្ដាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ។ អនុក្រឹត្យនេះ គឺបានតាក់តែងឡើងតាមការពិគ្រោះយោបល់យ៉ាងបើកចំហរ ជាមួយអ្នកជំនាញទូរមនាគមន៍ ប្រតិបត្តិករ និងស្ថាប័នពាក់ព័ន្ធនានា។ ច្រកទ្វារអ៊ីនធឺណិតនេះ នឹងចូលរួមទប់ស្កាត់ អាជីវកម្មខុសច្បាប់ គ្មានក្រមសីលធម៌ ទប់ស្ដាត់ល្បែងឆ្លងដែនខុសច្បាប់ រូបភាព និងវីដេអូអាសអាភាស និងការរំលោភបំពានកុមារ តាមអ៊ីនធឺណិតជាដើម។ 
 
ក្នុងអនុក្រឹត្យនេះ គ្មានកថាខណ្ឌណាមួយចែងអនុញ្ញាត ឲ្យមានការប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬឃ្លាំមើលលើបុគ្គល ឡើយ។ នេះបើតាមតំណាងកម្ពុជា ដោយសង្កត់ធ្ងន់ថា៖ «ដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គល ច្បាប់ស្ដីពីការ ការពារទិន្នន័យបុគ្គល នឹងត្រូវបានតាក់តែងឡើង និងឆ្លងកាត់ការពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន»។ 
 
ជុំវិញការតាក់តែងច្បាប់ថ្មីនេះ សារព័ត៌មានមិនអាចសាកសួរព័ត៌មានលម្អិត ពីខាងក្រសួងមហាផ្ទៃបានឡើយ​ ដោយលោក ខៀវ សុភ័គ និងលោក ផាត សុផានិត ដែល​ជា​អ្នកនាំពាក្យពុំបាន​ឆ្លើយតបទូរស័ព្ទ។ 
 
កាលពីថ្ងៃទី១កុម្ភៈនេះ អ្នកជំនាញអង្គការសហប្រជាជាតិ បានលើកឡើងថា អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិត ដែលគ្រោងនឹង ចូលជាធរមាននៅថ្ងៃទី១៦កុម្ភៈនេះ នឹងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលក្នុងប្រទេស។ អនុក្រឹត្យនេះ អនុញ្ញាតឲ្យរដ្ឋាភិបាលមានសិទ្ធិ ត្រួតពិនិត្យ សកម្មភាពរបស់អ្នកប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងប្រមូលនិងរក្សាទុក ព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់ទៀតផង។ 
 
ឆ្លើយតបនឹង ការលើកឡើងនេះ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ចាត់ទុកជាការយល់ច្រឡំ ទើបភាគី មន្រី្តពាក់ព័ន្ធតែងតែចេញមុខបកស្រាយដដែល​ ពីគោលបំណងនៃការបង្កើតច្បាប់នេះ។ «ច្រកទ្វារអ៊ីនធឺណិត បង្កើតឡើង ដើម្បីប្រយោជន៍ជាតិ តាមរយៈប្រមូលចំណូលដែលក្រុមហ៊ុនមួយចំនួនបានគេចវេស…»។ នេះជាផ្ញើសារសំឡេង រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ ដែលលោក វិសុទ្ធី ផ្ញើតាមប្រព័ន្ធតេឡេក្រាមមកកាន់សារព័ត៌មានថ្មីៗ។ ចំពោះ ការដាក់ឲ្យប្រើប្រាស់អនុក្រឹត្យនេះជាផ្លូវការនៅពេលណា លោក វិសិទ្ធី មិនទាន់ដឹកច្បាស់នោះទេ ព្រោះស្ថានភាពកូវីដ-១៩ ធ្វើឲ្យគ្រប់យ៉ាងយឺតយ៉ាវ។ 
 
នៅថ្ងៃទី៣កុម្ភៈនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យមានការបង្កើត National Internet Gateway។ ចំពោះពន្ធដារ National Internet Gateway នេះ គឺជាផ្នែកមួយដ៏សំខាន់នៃយន្តការ គាំទ្រដល់ការគ្រប់គ្រងនិងប្រមូលចំណូលពន្ធក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈវិស័យអនឡាញ និងអ៊ីនធឺណែតនេះមានសន្ទុះយ៉ាងខ្លាំង  ហើយប្រទេសជាច្រើននៅពិភពលោក ក៏អនុវត្តយន្តការនេះដូចគ្នា។ ការប្រមូលពន្ធលើតម្លៃបន្ថែម(VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នឹងអនុវត្តពីថ្ងៃទី១មេសា ឆ្នាំ២០២២តទៅ ដែលជាប្រភពចំណូលមានសក្តានុពលសម្រាប់ចំណូលជាតិ។ 
 
អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតត្រូវបានចុះហត្ថលេខានៅថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២១ ដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មាត្រាមួយចំនួនក្នុងអនុក្រឹត្យនេះ ធ្វើឲ្យសង្គមស៊ីវិលព្រួយបារម្ភយ៉ាងណាខ្លាំង ដូចជាមាត្រា៦ មាត្រា១២ មាត្រា១៣ និងមាត្រា១៤ជាដើម។ មានត្រាទាំងនេះ គឺឲ្យប្រតិបត្តិករច្រកទ្វារអ៊ីនធឺណិត សហការជាមួយអាជ្ញាធរ ដើម្បីធានាសុវត្ថិភាព ទប់ស្កាត់បទល្មើស សណ្ដាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមជាដើម៕ 
 
 

Tag:
 ច្រកទ្វារអ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com