ជាតិ
សេវាជួលកង់កើនឡើង ខណៈទេសចរនិយមជិះកង់កម្សាន្តពេលមកលេងសៀមរាប
07, Feb 2022 , 8:39 am        
រូបភាព
សៀមរាប៖ សេវាជួលកង់ ជិះកង់កម្សាន្តក្នុងក្រុងសៀមរាប ហាក់មានសន្ទុះគួរសម ពិសេសក្រោយរាជរដ្ឋាភិបាលចាប់ផ្តើមបើកប្រទេសឡើងវិញ ដោយអនុញ្ញាតឱ្យទេសចរដើរហើរបានស្រួល។ ទេសចរដែលមកកម្សាន្តខេត្តសៀមរាបមួយចំនួន ចាប់អារម្មណ៍ការកម្សាន្តដោះការជិះកង់ ខណៈដែលខេត្តនេះរៀបចំផ្លូវកង់ខ្វាត់ខ្វែង ដែលក្លាយជាកញ្ចប់ទេសចរថ្មីសម្រាប់អ្នកនិយមកីឡាមួយនេះ។

 
ម្ចាស់ហាងកង់អាំង គឹមសាន ក្នុងក្រុងសៀមរាប លោក អាំង ពិសាល បានប្រាប់សារព័ត៌មានថ្មីៗថា សន្ទុះនៃការនិយមជួលកង់ជិះកម្សាន្ត ពិសេសទេសចរជាតិ បានបង្ហាញសញ្ញាល្អ ពិសេសបន្ទាប់ពីផ្លូវក្នុងក្រុងត្រូវបានស្ថាបនារួច និងការរៀបចំផ្លូវកង់ទាំងក្នុងក្រុង និងតំបន់រមណីយដ្ឋានអង្គរ។ លោក ពិសាល សង្កេតឃើញថា ភ្ញៀវទេសចរដែលដើរជាលក្ខណៈក្រុមៗ តែងជ្រើសរើសការជិះកង់ជុំគ្នា ដែលជាផ្នែកមួយនៃសកម្មភាពពួកគេពេលមកលេងខេត្តសៀមរាប។ 
 
លោក អាំង ពិសាល បន្ថែមថា៖« ក្រោយបើកការជួបជុំវិញនេះ ឃើញមានស្ថាប័នច្រើន មកលេងខេត្តសៀមរាបតាមរយៈកម្មវិធីប្រជុំ ហើយពួកគាត់យកកម្មវិធីជិះកង់មួយសម្រាប់ក្រុមការងារគាត់ ដូចជាធនាគារ ក្រុមហ៊ុនធានារ៉ាប់រងអី ខ្ញុំយល់ថា នេះរូបភាពល្អ ព្រោះប្រសិនកូវីដចប់ សង្ឃឹមថា មានភ្ញៀវជាតិមកប្រជុំសៀមរាប គាត់នឹងមានការជិះកង់នេះ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តផង ក៏ដូចជាដើម្បីសុខភាពតាមរយៈកីឡាជិះកង់ផង»។ 


 
លោក អាំង ពិសាល ឱ្យដឹងទៀតថា សេវាជួលកង់ក្នុងហាងលោក ក្នុងមួយថ្ងៃ តម្លៃចាប់ពី៥ដុល្លារឡើង ហើយហាងរបស់លោក អាចផ្គត់ផ្គង់សេវាជួលកង់នេះបានតាមតម្រូវការ រហូតដល់រាប់រយកង់ឯណោះ ទាំងកម្មវិធីខ្លាតតូច និងធំ។ 
 
ជាមួយនឹងបរិបទនៃអ្នកនិយមជិះកង់ពីសំណាក់ទេសចរជាតិមានការកើនឡើងក្ដី តែសម្រាប់ទេសចរបរទេស លោក អាំង ពិសាល ប្រាប់ថា មិនទាន់មានសញ្ញាល្អទេ ធៀបនឹងមុនវិបត្តិជំងឺកូវីដ១៩មកដល់។ ពីមុន ហាងកង់មួយនេះ ផ្តោតសំខាន់លើសេវាជួលទៅតាមក្រុមហ៊ុនទេសចរណ៍ និងតាមសណ្ឋាគារផង ដែលជាកញ្ចប់សេវាដ៏ល្អសម្រាប់ហាងលោក។  លោក អាំង ពិសាល ពន្យល់ថា៖« ប្រសិនមានទេសចរមកវិញ វាល្អណាស់សម្រាប់ការជួល តែបើស្ថានភាពឥឡូវ មានតែលក់បន្ទាប់បន្សំផង និងជួលផង សង្ឃឹមមានជើងហោះហើរពីក្រៅបើកវិញឆាប់ៗ នឹងមានភ្ញៀវមក»។


រូបភាព៖ លោក  អាំង ពិសាល
 
ចំណែកម្ចាស់ហាងកង់ ភាណុពង្ស ដែលស្ថិតនៅតាមផ្លូវសុខសាន្ត ក៏ចាប់អារម្មណ៍ចំពោះកំណើននៃអ្នកជួលកង់ជិះកម្សាន្តដែរ។ អ្នកស្រី សេម ស្រីណុច ដែលជាម្ចាស់ហាងកង់ ប្រាប់ថា រៀងរាល់ថ្ងៃសម្រាក និងបុណ្យទាន កង់ពី៣០ទៅ៤០គ្រឿង ត្រូវបានភ្ញៀវជួលជិះកម្សាន្ត។ ទន្ទឹមនឹងនោះ ទីផ្សារលក់ ក៏រៀងគួរសមដែរ សម្រាប់ហាងកង់មួយនេះ។ នេះជាការបញ្ជាក់ពីអ្នកស្រី សេម ស្រីណុច។ 
 
ទាក់ទងនឹងការលក់នៅហាងរបស់លោក អាំង ពិសាល វិញ ម្ចាស់ហាងមួយនេះប្រាប់ថា ធ្លាក់ចុះខ្លាំង ធៀបនឹងអំឡុងពេលជំងឺកូវីដ១៩ផ្ទុះខ្លាំងនៅឆ្នាំ២០២០ និង២០២១។ លោក អាំង ពិសាល មើលឃើញថា ដោយសារស្ថានភាពជំងឺកូវីដហាក់ថមថយ និងពលរដ្ឋចាក់វ៉ាក់សាំងបានស្ទើរគ្រប់គ្នា កន្លែងការងារក៏តម្រូវឱ្យបុគ្គលិកចូលធ្វើការវិញធម្មតា ដូច្នេះពួកគេមិនសូវមានពេលវេលាច្រើន ចំណែកហាងហាត់កីឡានានា ក៏បើកដំណើរការឡើងវិញដែរ ទើបធ្វើឱ្យកីឡាជិះកង់មានការធ្លាក់ចុះ។
 
យ៉ាងណា ម្ចាស់ហាងរូបនេះ ដាក់ការសង្ឃឹមនៅទេសចរជាតិ ពិសេសក្រុមធំៗមកពីរាជធានីភ្នំពេញ ដែលចូលចិត្តកីឡាជិះកង់កម្សាន្តនៅប្រាសាទក្នុងតំបន់អង្គរ។ លោក អាំង ពិសាល មើលឃើញថា ភាពអំណោយផលនៃផ្លូវថ្នល់ក្នុងក្រុង ជាអ្វីដែលទាក់ទាញទេសចរកីឡាជិះកង់ ហើយភូមិសាស្រ្តនៅទីនេះទៀតក៏ល្អ ដ្បិតតំបន់ក្រុង និងប្រាសាទ នៅជិតគ្នា សម្រួលដល់ការជិះកង់កម្សាន្ត៕

រូបភាព៖ លោក  អាំង ពិសាល៖
 



 
 

Tag:
 កីឡាជិះកង់
  អាំង គឹមសាន
© រក្សាសិទ្ធិដោយ thmeythmey.com