ជាតិ
អាម៉េរិកប្ដេជ្ញាជួយកម្ពុជា សម្រេចគោលដៅជាប្រទេសដែលគ្មានកាកសំណល់មិនទាន់ផ្ទុះ
11, Feb 2022 , 3:43 pm        
រូបភាព
លោក W. Patrick Murphy អគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា នាសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២២ ស្ដីពីការប្រារព្ធកម្មវិធីសប្ដាហ៍ស្ថានទូតអាម៉េរិក ចាប់ពីថ្ងៃទី៧ ដល់១១ ខែកុម្ភៈ នៅខេត្តសៀមរាប។
លោក W. Patrick Murphy អគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា នាសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២២ ស្ដីពីការប្រារព្ធកម្មវិធីសប្ដាហ៍ស្ថានទូតអាម៉េរិក ចាប់ពីថ្ងៃទី៧ ដល់១១ ខែកុម្ភៈ នៅខេត្តសៀមរាប។
សៀមរាប៖ ឯកអគ្គរាជទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានលើកពីគម្រោងកិច្ចសហប្រតិបត្តិការច្រើនវិស័យ ដែលកំពុងជួយកម្ពុជា ក្នុងនោះការងារដោះមីនជាអាទិភាពមួយ។ សហរដ្ឋអាម៉េរិក បានប្ដេជ្ញាជួយប្រទេសកម្ពុជា សម្រេចឱ្យបាននូវគោលដៅ ប្រទេសដែលលែងមានកាកសំណល់មិនទាន់ផ្ទុះ នាពេលឆាប់ៗនេះ។

 
ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា អាម៉េរិកជាប្រទេសដែលផ្តល់ជំនួយដ៏ធំមួយ ដល់កម្ពុជាលើការងារដោះមីន។ ការលើកឡើងរបស់លោក W. Patrick Murphy ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២២ ស្ដីពីការប្រារព្ធកម្មវិធីសប្ដាហ៍ស្ថានទូតអាម៉េរិក ចាប់ពីថ្ងៃទី៧ ដល់១១ ខែកុម្ភៈ នៅខេត្តសៀមរាប។ នាសន្និសីទនេះ លោក W. Patrick Murphy សង្កត់ធ្ងន់ថា ទោះបីគ្រាប់មីនកប់ក្នុងដីទាំងអស់ មិនមែនជារបស់សហរដ្ឋអាម៉េរិកក៏ដោយ តែប្រទេសនេះ បានផ្តល់ជំនួយដ៏សំខាន់បំផុត ទាក់ទងនឹងការដោះមីននៅកម្ពុជា ហើយតាមរយៈជំនួយនេះ គឺបានជួយស្ដារសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ ឱ្យមានភាពល្អប្រសើរ លែងជាតំបន់ដែលមានគ្រាប់មីន។ 


 លោក W. Patrick Murphy គោរពវិញ្ញាក្ខន្ធអ្នកដោះមីន៣នាក់នៅអង្គការដោះមីនកម្ពុជា។ រូបភាព៖ Twitter អគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា

សម្រាប់ការងារនេះ លោកទូត បានបង្ហាញមោទកភាពជាខ្លាំង ចំពោះការខំប្រឹងប្រែងរបស់អ្នកដោះមីនទាំងអស់ ដែលពេលខ្លះត្រូវបាត់បង់ជីវិត ដោយសារការងារដ៏ប្រឈមគ្រោះថ្នាក់មួយនេះ។ ជាមួយនឹងការគោរពនេះ លោក  W. Patrick Murphy ក៏បានទៅគោរពវិញ្ញាណក្ខន្ធអ្នកដោះមីន៣នាក់ របស់អង្គការដោះមីនកម្ពុជា នៅខេត្តសៀមរាប ដែលបាត់បង់ជីវិតក្នុងប្រតិបត្តិការដោះគ្រាប់មីន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
 
ក្រៅពីការចូលរួមសោកស្ដាយ លោកទូតអាម៉េរិក សង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការ លើវិស័យនេះទៀត ដើម្បីជួយកម្ពុជា សម្រេចគោលដៅ ជាប្រទេសដែលលែងមានកាកសំណល់មិនទាន់ផ្ទុះនាឆ្នាំខាងមុខៗនេះ។
 


 លោក W. Patrick Murphy គោរពវិញ្ញាក្ខន្ធអ្នកដោះមីន៣នាក់នៅអង្គការដោះមីនកម្ពុជា។ រូបភាព៖ Twitter អគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា

គួរបញ្ជាក់ថា  គណៈប្រតិភូស្ថានទូតជាង៦០នាក់ បានធ្វើទស្សនកិច្ចការងារ នៅខេត្តសៀមរាប ដើម្បីប្រារព្ធកម្មវិធីសប្ដាហ៍ស្ថានទូតអាម៉េរិក ដោយក្នុងនោះបានជួបប្រាស្រ័យជាមួយដៃគូនានា ដែលធ្វើការក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ពាណិជ្ជកម្ម យុវជន ការដោះមីន និងការអនុវត្តច្បាប់ ដែលទូតអាម៉េរិក ចាត់ទុកថា ជាការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រជាជននៅខេត្តសៀមរាប៕
 
 

Tag:
 មីន
  ទូតអាម៉េរិក
 សំណល់មិនទាន់ផ្ទុះ
© រក្សាសិទ្ធិដោយ thmeythmey.com