ជាតិ
អត្ថបទពាណិជ្ជកម្ម
អេសស៊ីជីសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មលើការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ
12, Feb 2022 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) សម្រាប់ការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះនៅតំបន់ការដ្ឋានយកថ្មកំបោររបស់រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្ដារបរិស្ថាននិងអភិរក្សជីវចម្រុះនៅតំបន់ទាំងនោះ នាពេលអនាគត ។ 
 
នៅក្រោមកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសិក្សាកសិកម្មនិងបរិស្ថាន (CAES) របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងអនុវត្តការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ នៅទីតាំងគម្រោងយកថ្មកំបោរដែលគ្រប់គ្រងដោយរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន នៅក្នុងខេត្តកំពត ដើម្បីប្រមូលទិន្នន័យមូលដ្ឋានសម្រាប់បម្រើដល់ការអនុវត្តការងារស្ដារបរិស្ថាននិងអភិរក្សជីវចម្រុះនៅតាមតំបន់គម្រោងទាំងនេះ នៅពេលខាងមុខ ។ 


 
នាពិធីចុះហត្ថលេខា លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានជ្រោមជ្រែងឱ្យឈានដល់កិច្ចព្រមព្រៀងមួយនេះ ។ 
 
លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី បានមានប្រសាសន៍ដូច្នេះថា «ទិន្នន័យមូលដ្ឋានដែលនឹងបានពីការសិក្សាស្រាវជ្រាវនេះ មានសារសំខាន់ណាស់សម្រាប់ការងារស្តារតំបន់យកថ្មកំបោរ និងការអភិរក្សជីវចម្រុះនៅឯរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន ដែលជាផ្នែកស្នូលមួយនៃគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលក្រុមហ៊ុន អេសស៊ីជី តែងតែអនុវត្តខ្ជាប់ខ្ជួនចំពោះអាជីវកម្មរបស់យើង»។


 
លោកបណ្ឌិត រ៉ាត់ឆាយុត បានបន្ថែមថា «ទិន្នន័យមូលដ្ឋាននេះក៏នឹងផ្ដល់នូវគោលការណ៍ណែនាំនិងគំរូសម្រាប់ការស្ដារទីតាំងតំបន់យកថ្ម និងអភិរក្សបរិស្ថាននិងជីវចម្រុះនៅជុំវិញ ផងដែរ»។
 
ឯកឧត្ដមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាល័យធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនិងក្រុមហ៊ុន អេសស៊ីជី ផងដែរ ដោយថាគម្រោងសិក្សាស្រាវជ្រាវមួយនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់សាកលវិទ្យាល័យ ។ 


 
ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន មានប្រសាសន៍យ៉ាងដូច្នេះថា «ជាផ្នែកនៃយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ យើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន លើការងារសិក្សាស្រាវជ្រាវកសិកម្មនិង
បរិស្ថាន ឱ្យបានច្រើន ដើម្បីផ្ដល់ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចិរភាពនៅកម្ពុជា»។
 
សូមបញ្ជាក់ថា ការសិក្សាដែលនឹងមានរយៈពេល ១ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទៅ នឹងធ្វើឡើងនៅទីតាំងយកថ្មកំបោរដែលស្ថិតនៅជាប់នឹងរោងចក្រ កំពត ស៊ីមេន ស្ថិតនៅចម្ងាយជាង ៤គីឡូម៉ែត្រខាងលិចទីរួមស្រុកបន្ទាយមាស ខេត្តកំពត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com