អន្តរជាតិ
ជប៉ុន ព្រមានដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើហ៊ានវាយអ៊ុយក្រែន
15, Feb 2022 , 7:29 pm        
រូបភាព
ប្រមុខការទូតជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ រូបភាព៖ AFP
ប្រមុខការទូតជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ រូបភាព៖ AFP
ប្រមុខការទូតជប៉ុន យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅថ្ងៃទី១៥ ខែកុម្ភៈ បានព្រមានពីលទ្ធភាពដែលជប៉ុនដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងករណីប្រទេសមួយនេះ ហ៊ានប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសជប៉ុន បានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងកៀវ និងក្រុងមូស្គូ ស្វែងរកកិច្ចចរចា ដើម្បីបន្ធូរបន្ថយជម្លោះផង។

 
បណ្តាប្រទេសអឺរ៉ុប និងអាម៉េរិក តែងព្រមានរុស្ស៊ីជារឿយៗ ជុំវិញទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ប្រសិនបើហ៊ានវាយប្រហារអ៊ុយក្រែន ដែលជាប្រទេសជិតខាង។ ការព្រមាននេះ ធ្វើឡើងស្របពេលភាពតានតឹងរវាងក្រុងមូស្គូ និងក្រុងកៀវ កំពុងតែហក់ឡើងខ្លាំង។ មិនខុសពីសម្ព័ន្ធមិត្តអាម៉េរិកឡើយ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានព្រមានដាក់ទណ្ឌកម្មលើរុស្ស៊ីដែរ។ 
 
«ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីកើតឡើង យើងនឹងឆ្លើយតបឱ្យបានសមស្របលើស្ថានភាពជាក់ស្តែង ដោយធ្វើឱ្យស្របគ្នាជាមួយសហគមន៍អន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្ម»។ លោក យ៉ូស៊ីម៉ាសា បានលើកឡើងបែបនេះ ដោយបន្តថា វាពិតជាសំខាន់ណាស់ សម្រាប់អ៊ុយក្រែន និងរុស្ស៊ី ក្នុងការបន្តស្វែងរកកិច្ចចរចា។ យ៉ាងណាមិញ ប្រមុខការទូតជប៉ុន មិនបានបញ្ជាក់ពីទណ្ឌកម្មនោះឱ្យបានលម្អិតឡើយ។ 
 
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ជុំវិញការរៀបចំទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមគ្នាលើរុស្ស៊ី។ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា វាពិតជាចំបាច់សម្រាប់ជប៉ុន ដើម្បីសហការជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ និងអង្គការអន្តរជាតិ ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់រុស្ស៊ី។
 
បើតាមទីភ្នាក់ងារព័ត៌មាន Kyodo ដែលស្រង់ពីប្រភពរដ្ឋាភិបាលជប៉ុន ប្រមុខរដ្ឋាភិបាលជប៉ុន គីស៊ីដា ហ្វូមីអូ អាចជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែរ។ លោក គីស៊ីដា ត្រូវបានរំពឹងថាពិភាក្សាជាមួយលោក ហ្សេលេនស្គី ពីចំណាត់ការបន្ធូរបន្ថយភាពតានតឹងលើវិបត្តិអ៊ុយក្រែន។  
 
ដោយបារម្ភពីការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក្រសួងការបរទេសជប៉ុន កន្លងទៅ ក៏បានអំពាវនាវឱ្យប្រជាជនខ្លួនចេញពីប្រទេសនេះផងដែរ។ ដើម្បីជួយសម្រួលប្រជាជនខ្លួន ជប៉ុនបានរៀបចំការិយាល័យទំនាក់ទំនងមួយនៅក្នុងក្រុង Lviv ដែលស្ថិតនៅភាគខាងលិចអ៊ុយក្រែន ដើម្បីជួយការពារជនជាតិជប៉ុន១៣០នាក់ ដែលត្រូវបានដឹងថាមានវត្តមាននៅអ៊ុយក្រែន។ 
 
មិនតែប៉ុណ្ណោះ ដើម្បីជួយអឺរ៉ុបកុំឱ្យខ្វះខាតឧស្ម័នធម្មជាតិ ដែលបង្កដោយវិបត្តិអ៊ុយក្រែន រដ្ឋមន្រ្តីពាណិជ្ជកម្មជប៉ុន លោក Koichi Hagiuda ប្រកាសពីការផ្តល់ឧស្ម័នធម្មជាតិមួយចំនួនដល់អឺរ៉ុបផងដែរ។ បើតាមលោករដ្ឋមន្រ្តីពាណិជ្ជកម្ម ឧស្ម័នទាំងនោះ នឹងទៅដល់អឺរ៉ុបក្នុងអំឡុងខែនេះ ហើយជប៉ុននឹងដឹកជញ្ជូនឧស្ម័នធម្មជាតិបន្ថែមទៀតទៅអឺរ៉ុបនៅដើមខែមីនាខាងមុខ៕ 
 

Tag:
 ជប៉ុន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com