អន្តរជាតិ
លោកពូទីន៖ រុស្ស៊ី មិនចង់ឱ្យមានសង្រ្គាមនៅអឺរ៉ុបឡើយ
16, Feb 2022 , 11:13 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។ រូបភាព៖ Kremlin Press Release
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។ រូបភាព៖ Kremlin Press Release
រុស្ស៊ី មិនចង់មានសង្រ្គាមនៅអឺរ៉ុបឡើយ។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក្នុងថ្ងៃទី១៥ ខែកុម្ភៈ។ ចំណែកមេដឹកនាំអាល្លឺម៉ងវិញ បានយល់ឃើញមិនខុសពីប្រធានាធិបតីរុស្ស៊ីដែរ ដោយអះអាងថា សន្តិភាពនៅអឺរ៉ុប មិនអាចសម្រេចបានតាមរយៈការប្រឆាំងរុស្ស៊ីនោះទេ។

 
បន្ទាប់ពីជួបមេដឹកនាំអ៊ុយក្រែន Olaf Scholz អធិការបតីអាល្លឺម៉ង់ បានបន្តធ្វើទស្សនកិច្ចនៅក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងគោលបំណងជជែកពីបញ្ហាអ៊ុយក្រែនដែលបានអូសបន្លាយជាច្រើនខែ។ ក្នុងជំនួបជួបផ្ទាល់នេះ លោក ពូទីន បានបញ្ជាក់យ៉ាងច្បាស់ៗថា រុស្ស៊ី មិនចង់មានសង្រ្គាមផ្ទុះឡើងនៅក្នុងទ្វីបអឺរ៉ុបឡើយ។ 
 
«យើងមិនចង់បានសង្រ្គាមក្នុងទ្វីបអឺរ៉ុបទេ»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខអធិការបតីអាល្លឺម៉ង់ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ដោយបន្ថែមថា នេះគឺជាហេតុផល ដែលរុស្ស៊ីបានដាក់សំណើទៅកាន់ណាតូ និងអាម៉េរិក ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា និងធានាសន្តិសុខសម្រាប់មនុស្សគ្រប់គ្នា។ មេដឹកនាំរុស្ស៊ីរូបនេះ បន្តថា ប្រទេសទាំងអស់ មានសិទ្ធិចូលសម្ព័ន្ធយោធាណាមួយ ប៉ុន្តែវាក៏សំខាន់ណាស់ដែលវាមិនប៉ះពាល់សន្តិសុខប្រទេសដទៃដែរ។ 
 
កន្លងមក លោក ពូទីន ធ្លាប់បានលើកឡើងពីបញ្ហានេះម្តងហើយថា ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធយោធាណាតូ និងប្រើកម្លាំងទ័ព ដើម្បីវាយប្រហារលើដែនដីគ្រីមៀ និងតំបន់គ្រប់គ្រងដោយជនផ្តាច់ខ្លួននៅភាគខាងកើត រុស្ស៊ីនឹងត្រូវប្រឈមមុខជាមួយណាតូជាជាងអ៊ុយក្រែន។ បើតាមលោកពូទីន រុស្ស៊ីមានឆន្ទៈបន្តកិច្ចពិភាក្សាជាមួយបណ្តាប្រទេសអឺរ៉ុប ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ 
 
ក្នុងសន្និសីទដដែលនោះ មេដឹកនាំអាល្លឺម៉ង់ ក៏បានលើកឡើងដូចលោកពូទីនដែរ ដោយបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំប្រទេសអឺរ៉ុប វាពិតជាសំខាន់ក្នុងការបង្ការវិបត្តិ មិនឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម។ ក្នុងន័យនេះ លោក Scholz បានប្តេជ្ញាបន្តកិច្ចចរចាជាមួយរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន ដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងទ្វីបមួយនេះ។ 
 
មុនជំនួបមេដឹកនាំក្រុងមូស្គូ និងក្រុងបែរឡាំង ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសដកទ័ពភូមិភាគខាងត្បូង និងភូមិភាគខាងលិច មកបន្ទាយវិញ។ ការដកទ័ពនេះ ត្រូវបានអធិការបតីអាល្លឺម៉ង់ លោក Scholz ចាត់ទុកជាសញ្ញាដ៏វិជ្ជមានមួយ និងសង្ឃឹមថា រុស្ស៊ីនឹងបន្តដកទ័ពបន្ថែមទៀត។ ជាមួយគ្នានេះ មេដឹកនាំអាល្លឺម៉ង់ បានអះអាងថា សន្តិភាពនៅអឺរ៉ុប មិនអាចសម្រេចបានតាមរយៈការប្រឆាំងរុស្ស៊ីឡើយ ប៉ុន្តែវាអាចកើតមានតាមរយៈកិច្ចសហការជាមួយគ្នា។
 
ក្រៅពីបញ្ហាអ៊ុយក្រែន មេដឹកនាំទាំងពីរ ក៏ជជែកពីបញ្ហាសេដ្ឋកិច្ចផងដែរ។ លោក ពូទីន បានចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូដ៏សំខាន់បំផុតសម្រាប់រុស្ស៊ី និងអះអាងថា រុស្ស៊ី មានបំណងសហការជាមួយអាល្លឺម៉ង់។ អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មលំដាប់ទីពីររបស់រុស្ស៊ី បន្ទាប់ពីចិន។ 
 
ក្នុងថ្ងៃដដែល ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានថ្លែងសុន្ទរកថាពីសេតវិមាន ជុំវិញវិបត្តិអ៊ុយក្រែន។ បើតាមលោកបៃឌិន អាម៉េរិក និងណាតូ មិនបានគំរាមរុស្ស៊ីឡើយ ហើយខ្លួនក៏មិនមានបំណងពង្រាយប្រព័ន្ធមីស៊ីលនៅអ៊ុយក្រែនដែរ។ ក្នុងន័យនេះ មេដឹកនាំអាម៉េរិកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងណាតូ មិនបានខិតខំបង្កអស្ថិរភាពនៅរុស្ស៊ីទេ ហើយក៏មិនបានចាត់ទុករុស្ស៊ីជាសត្រូវដែរ។ 
 
ក្នុងសុន្ទរកថានោះ លោកបៃឌិន បានដាក់សំណើទៅរុស្ស៊ីមួយចំនួនដូចជា វិធានការគ្រប់គ្រងអាវុធ វិធានការប្រកបដោយតុល្យភាព និងវិធានការស្ថិរភាពយុទ្ធសាស្រ្ត។ មិនតែប៉ុណ្ណោះ លោក បៃឌិន បានជំរុញឱ្យរុស្ស៊ី កុំឈ្លានពានអ៊ុយក្រែន បើមិនចង់រងការរិះគន់ពីសហគមន៍អន្តរជាតិ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com