អត្ថបទពាណិជ្ជកម្ម
ធនាគារ PPCBank និងអង្គការ APOPO ប្រគល់ត្រលប់ដីលើកទី២បន្ទាប់ពីបោសសម្អាតមីនរួច
16, Feb 2022 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តសៀមរាប ប្រទេសកម្ពុជា ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ -នេះជាលើកទី២ហើយ ដែលធនាគារភីភីស៊ីប៊ែង បានសហការជាមួយអង្គការ កណ្ដុរហិតមីន APOPO ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់មីន នៅលើដីប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប។ ក្នុងពិធីប្រគល់ដីលើកទី២នេះ  សប្បុរសជនទាំងអស់ រួមមានអតិថិជន និងក្រុមការងាររបស់ធនាគារភីភីស៊ីប៊ែង បានធ្វើឲ្យមូលនិធិសរុបកើនឡើងដល់ មួយម៉ឺនដុល្លារ ក្នុងយុទ្ធនាការរៃអង្គាសថវិកា ឆ្នាំ ២០២១។
 
ជាមួយនឹងថវិកានេះដែរ បានអនុញ្ញាតឲ្យក្រុមការងា APOPO អាចបោសសម្អាតផ្ទៃដីសរុប 290,385m² (២៩ហិកតា) នៅក្នុងភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ គ្រាប់មីនប្រឆាំងមនុស្ស មិនតិចជាង៤០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣១ផ្សេងទៀត ត្រូវបានរកឃើញ និងបំផ្លាញដោយសុវត្ថិភាព។
 
បេសកកម្មនេះ បានផ្តល់ផលប្រយោជន៍ផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួន ៧១ នាក់ មកពី ១៦ គ្រួសារ ដែលទទួលផលផ្ទាល់ និងមាន៣៥០គ្រួសារ ជាអ្នកទទួលផលដោយប្រយោល។ ជារួម សហគមន៍មួយតំបន់នេះ នឹងក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុន សម្រាប់ពួកគាត់ទាំងអស់គ្នា។


 
លោក សេដ្ឋា ជាអ្នកភូមិម្នាក់ ដែលទទួលបានដីធ្លីដោយផ្ទាល់ បានសម្តែងការធូរស្រាលចិត្តរបស់ខ្លួន ក្រោយការងារសម្អាតមីនក្នុងភូមិរបស់ខ្លួនបានបញ្ចប់។  លោក សេដ្ឋា បាននិយាយថា៖ «ឥឡូវនេះ ខ្ញុំបានធូរស្រាលក្នុងចិត្តណាស់ ដោយខ្ញុំដឹងថាគ្រួសារ និងកូនៗរបស់ខ្ញុំ នឹងមានសុវត្ថិភាព ហើយឥឡូវនេះ យើងអាចរស់នៅប្រកបជីវិតធម្មតា បានដោយ មិនចាំបាច់ខ្វល់ខ្វាយ ពីសុវត្ថិភាពគ្រប់គ្នា គ្រប់ពេលវេលា។ ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ PPCBank និង APOPO ដែលបានសហការគ្នា ដើម្បីធ្វើឱ្យជីវិតពួកយើងកាន់តែមានសុវត្ថិភាព និងធានាដល់អនាគតរបស់យើងផងដែរ»។
 
នាយករងប្រតិបត្តិជាន់ខ្ពស់ នៃធនាគារភីភីស៊ីប៊ែង លោក ញក់ គឹមស្រូយ បានមានប្រសាសន៍ថា៖«ពួកយើងពិជាមានសេចក្ដីសោមនស្ស ដែលបានឃើញ ការបរិច្ចាគរបស់យើងដល់អង្គការ ដែលមានតម្លាភាពបំផុតក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ការបរិច្ចាគរបស់យើង ហាក់ដូចជាតិចតួច ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនឯកជនដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តួចផ្តើមគំនិតក្នុងការគាំទ្របេសកកម្មនេះ យើងមានសេចក្តីសោមនស្សជាខ្លាំង។ ហើយយើងសង្ឃឹមថា យុទ្ធនាការរបស់យើងនឹងបង្កើនចំណាប់អារម្មណ៍ពីសាធារណជន និងមានក្រុមហ៊ុនផ្សេងៗទៀត ចូលរួមបរិច្ចាគលើបេសកកម្មនេះ»។
 
ក្នុងពិធីប្រគល់ដីនេះ ក៏មានការដាំកូនឈើ ដឹកនាំដោយព្រះសង្ឃ មកពីវត្តក្នុងស្រុក ដើម្បីជានិមិត្តរូប ប្រសិទ្ធពរជ័យ ជូនអ្នកភូមិឱ្យជួបតែសំណាងល្អ និងភាពចម្រុងចម្រើន នៅពេលពួកគេចាប់ផ្តើមថ្មី។ ដើម្បីអបអរសាទរ ដល់ក្រុមគ្រួសារ និងកូនៗរបស់ពួកគាត់ យើងក៏បានរៀបចំអំណោយ មានដូចជាសម្ភារៈសិក្សា ដើម្បីលើកទឹកចិត្តពួកគេ ឱ្យប្រឹងប្រែងរៀនសូត្រ និងនាំជូនដូចជាអង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ និងទឹកត្រី ជូនដល់ក្រុមគ្រួសារពួកគាត់ផងដែរ។


 
ក្នុងឆ្នាំ២០២២ ធនាគារភីភីស៊ីប៊ែង នឹងព្យាយាមរិះរកមធ្យោបាយផ្សេងៗ ដើម្បីរួមចំណែកឧបត្ថម្ភដល់ APOPO តាមដែលអាចធ្វើបាន ។ យើងសង្ឃឹមថា នឹងអាចចាប់ផ្ដើមយុទ្ធនាការរៃអង្គាសថវិកាប្រចាំឆ្នាំថ្មី ក្នុងពេលដ៏ខ្លីខាងមុខ ជាមួយនឹងព័ត៌មានលម្អិត ដែលនឹងផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម និងគេហទំព័ររបស់ធនាគារ។ ក្រៅពីការចូលរួមបរិច្ចាគជាមួយយុទ្ធនាការរបស់យើង លោកអ្នកអាចអញ្ជើញទៅមជ្ឈមណ្ឌល APOPO ក្នុងខេត្តសៀមរាប ដើម្បីទស្សនាផ្ទាល់លើវិធីសាស្រ្ត ក្នុងការស្រាវជ្រាវរុករកគ្រាប់មីន ដែលបង្ហាញដោយកណ្ដុរ ‘HeroRATs’ ។
 
ធនាគារភីភីស៊ីប៊ែង នៅតែប្តេជ្ញាចិត្ត ក្នុងការរួមចំណែកក្នុងបេសកកម្មដ៏មានឥទ្ធិពល និងលើកទឹកចិត្តឱ្យសាធារណជន ចូលរួមសហការលុបបំបាត់គ្រោះថ្នាក់ពីគ្រាប់មីន ចេញពីព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ យើងសូមថ្លែងអំណរគុណ ចំពោះអ្នកទាំងអស់ ដែលបានចូលរួមចំណែក ក្នុងយុទ្ធនាការរៃអង្គាសថវិការបស់ APOPO ឆ្នាំ២០២១៕










































 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com