អន្តរជាតិ
អាម៉េរិកនិងណាតូថា រុស្ស៊ីមិនបានបន្ថយទ័ពក្បែរអ៊ុយក្រែនឡើយ មានតែបញ្ជូនមកបន្ថែម
17, Feb 2022 , 10:40 am        
រូបភាព
លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
អាម៉េរិក និងណាតូ នៅថ្ងៃទី១៦ ខែកុម្ភៈ អះអាងដូចគ្នាថា រុស្ស៊ី បន្តបញ្ជូនកម្លាំងទ័ពទៅក្បែរព្រំដែនអ៊ុយក្រែន មិនបានបន្ថយឡើយ។ ការអះអាងនេះ ធ្វើឡើងស្របពេល ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដកទ័ពមួយចំនួន មកមូលដ្ឋានយោធាវិញ។ អាម៉េរិក នៅតែព្រមានថា លទ្ធភាពនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅមានខ្ពស់ក្នងពេញមួយខែកុម្ភៈនេះ។

 
តាមការប៉ាន់ប្រមាណរបស់ប្រទេសលោកខាងលិច រុស្ស៊ីបានបង្កើនកម្លាំងយោធាដល់ជាង ១៥ម៉ឺននាក់នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត័មាន AP ។ ចំនួនដ៏ច្រើននេះ ធ្វើឱ្យមេដឹកនាំបណ្តាប្រទេសទាំងនោះព្រមានថា ក្រុងមូស្គូ អាចវាយប្រហារអ៊ុយក្រែនគ្រប់ពេល បើទោះរុស្ស៊ីបានប្រកាសដកទ័ពមួយចំនួន មកមូលដ្ឋានយោធាអចិន្រ្តៃយ៍ក្ដី។ 
 
ពាក់ព័ន្ធនឹងការដកទ័ពនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានបញ្ជាក់យ៉ាងច្បាស់ៗថា អាម៉េរិក មិនឃើញពីការដកទ័ពរបស់រុស្ស៊ីអ្វីឡើយ។
 
«យើងនៅតែបន្តឃើញកម្លាំងទ័ពរបស់រុស្ស៊ីធ្វើដំណើរទៅតំបន់ព្រំដែនភាគខាងលិច»។ លោក ប្លីងខិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MSNBC ក្នុងថ្ងៃទី១៦ ខែកុម្ភៈ ដោយបន្ថែមថា ការប្រកាសការដកទ័ពនោះ គ្រាន់តែជាអ្វីដែលរុស្ស៊ីបានអះអាងខ្លួនឯងប៉ុណ្ណោះ។ 
 
ស្របគ្នានេះ ទីភ្នាក់ងារព័ត៌មាន AP បានស្រង់មន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់ថា ប្រទេសលោកខាងលិចបានចាប់សញ្ញាពីការបង្កើនកម្លាំងទ័ពរបស់រុស្ស៊ីប្រមាណ៧០០០នាក់ ទៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ កម្លាំងទ័ពមួយចំនួន បានទៅដល់តំបន់នោះ ក្នុងថ្ងៃទី១៦ ខែកុម្ភៈ។ ចំណែកមន្រ្តីចារកិច្ចប្រទេសលោកខាងលិចមួយរូប បានព្រមានថា ហានិភ័យនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែខ្ពស់ ក្នុងរយៈពេលពេញមួយខែកុម្ភៈ។ 
 
ចំណែកប្រមុខអង្គការណាតូ Jens Stoltenberg បានថ្លែងមុនកិច្ចប្រជុំសម្ព័ន្ធយោធាណាតូនៅថ្ងៃទី១៦ ខែកុម្ភៈ ថា ប្រទេសលោកខាងលិច ឃើញរុស្ស៊ីបានបង្កើនកម្លាំងយោធាបន្ថែមទៀតមែន ហើយរុស្ស៊ីមិនបានបង្ហាញពីសញ្ញាបន្ធូរបន្ថយជម្លោះឡើយ។ ទន្ទឹមនេះ លោក Stoltenberg បានយល់ថា អឺរ៉ុប កំពុងប្រឈមបញ្ហាសន្តិសុខដ៏គ្រោះថ្នាក់ និងជំរុញឱ្យក្រុងមូស្គូ បន្តកិច្ចចរចា។ 
 
ក្នុងថ្ងៃដដែល ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានទូរសព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ជាថ្មី បន្ទាប់ពីជំនួបជួបផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងកិច្ចសន្ទនានេះ មេដឹកនាំប្រទេសទាំងពីរ បានយល់ឃើញថា ស្ថានភាពនៅអ៊ុយក្រែន សុទ្ធតែស្ថិតក្នុងសភាពគ្រោះថ្នាក់ និងក្រោមហានិភ័យនៃការឈ្លានពានរបស់រុស្ស៊ី។ មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរ ក៏បានយល់ស្របផងថា គ្មានឡើយការដកទ័ពដ៏សំខាន់ពីសំណាក់រុស្ស៊ីនៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ 
 
ស្របពេលវិបត្តិអ៊ុយក្រែនកំពុងតែតានតឹង មេដឹកនាំប្រទេសលោកខាងលិច នៅតែបន្តកិច្ចប្រឹងប្រែងតាមការទូតដើម្បីបន្ធូរស្ថានការណ៍។ មេដឹកនាំអឺរ៉ុបមានបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានឆ្លាស់វេនគ្នាធ្វើដំណើរទៅអ៊ុយក្រែន និងរុស្ស៊ីដើម្បីបន្ថយតានភាពតានតឹង។ ក្នុងសប្តាហ៍នេះ អនុប្រធានាធិបតីអាម៉េរិក លោកស្រី Kamala Harris នឹងជួបជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ដោយផ្ទាល់ក្នុងអំឡុងសន្និសីទសន្តិសុខនៅទីក្រុងមូនិកទៀតផង៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com